នាយករដ្ឋមន្ដ្រី​​លី​បង់​​ចុះ​ចេញ​ពី​តំណែង​​ក្រោយ​ហេតុការណ៍​​ផ្ទុះ​ឃ្លាំង​​បង្ក​ជា​ការតវ៉ា​

11-08-2020 10:51 am 419

​នាយករដ្ឋមន្ដ្រី​លី​បង់​លោក​Hassan Diab បានប្រកាស​ចុះ​ចេញពី​តំណែង​ជា​ផ្លូវការ និង​ប្រកាស​ពី​ការ​ចុះចេញ​នៃ​រដ្ឋាភិបាល​របស់លោក​ទាំងមូល ឈប់​ដឹកនាំ​ប្រទេស​លី​បង់​តទៅ​ទៀតហើយ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ រហូត​ឈានដល់​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ជាមួយ​ប៉ូលិស​។ ប្រជាជន​នាំគ្នា​ចេញ​តវ៉ា​តាម​ដងផ្លូវ​នៅក្នុង​រដ្ឋធានី​បេរូត ដោយសារតែ​ពួកគេ​ខឹងសម្បារ​ក្រោយ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារ​ធាតុគីមី ផ្ដាច់ជីវិត​មនុស្ស​ជាង​២០០​នាក់ បាត់​ខ្លួន​ជាង​១០០​នាក់ និង​របួស​រាប់ពាន់នាក់ ព្រមទាំង​បង្ក​ការខូចខាត​ដល់​ផ្ទះសម្បែង​ប្រជាជន និង​បង្ក​ផលប៉ះពាល់​ផ្សេងៗ​ទៀត​ជាច្រើន​។​

​ថ្លែង​ទៅកាន់​ប្រជាជាតិ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃទី​១០​សីហា លោក​នាយករដ្ឋមន្ដ្រី​Hassan Diab​បាន​និយាយថា លោក​នៅ​ជាមួយ​ការអំពាវនាវ​របស់​ប្រជាជន​ឲ្យមាន​ការទ​ទួលខុសត្រូវចំ​ពោះ​ហេតុការណ៍​នេះ​។ ការ​បំផ្ទុះ​គឺជា​លទ្ធផល​នៃ​អំពើពុករលួយ​ដែល​កំពុង​រាលដាល​។ លោក​គិតថា​លោក​អាច​ដោះស្រាយ​បញ្ហា​ពុករលួយ​បាន ប៉ុន្ដែ​រឿង​កើតឡើង​នៅពេលនេះ​ធំ​ជាង​រដ្ឋ​និង​ប្រព័ន្ធ​រដ្ឋ ដូច្នេះ​លោក​សូម​ប្រកាស​ពី​ការចុះ​ចេញ​របស់លោក​និង​រដ្ឋាភិបាល​របស់លោក​។​

​លោក​បន្ថែមថា មន្ដ្រី​រដ្ឋាភិបាល​ជាច្រើនរូប​បាន​ចុះ​ចេញពី​តំណែង ដោយសារ​ពួកគេ​ខ្វល់ខ្វាយ​ពី​ប្រទេសជាតិ ប៉ុន្ដែ​លោក​ចោទប្រកាន់​ទៅ​គូប្រជែង​នយោបាយ ពី​ការ​ឆ្លៀតឱកាស​មាន​វិបត្ដិ​កើតឡើង​ស្វែងរក​ពិន្ទុ​នយោបាយ និង​បំផ្លាញ​អ្វីដែល​នៅ​សេសសល់​របស់​រដ្ឋ​។ លោក​Diab​បានដាក់​លិខិត​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ទៅ​លោក​ប្រធានាធិបតី​Michel Aoun ប្រហែល​មួយ​ម៉ោង​ក្រោយ​ការ​ថ្លែង​ទៅកាន់​ប្រជាជាតិ​។ លោក​ប្រធានាធិបតី​ក៏បាន​ទទួលយក​ការសុំ​ចុះ​ចេញពី​តំណែង ប៉ុន្ដែ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​នៅ​បន្ដការងារ​បណ្ដោះអាសន្ន​រហូតដល់​បង្កើតបាន​រដ្ឋាភិបាល​ថ្មី​។​

​គួរ​រម្លឹក​ឡើងវិញ​ថា កាលពី​ថ្ងៃទី​០៤​ខែសីហា​មាន​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​ជាច្រើន ក្នុងនោះ​មាន​សារធាតុ​អា​ម៉ូ​ញ៉ូម​នីត្រាត​ប្រមាណ​ជាង​២​ពាន់​តោន បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​និង​របួស​ជាង​៦​ពាន់​នាក់​។ ស្របពេល​កំពុង​ប្រឈម​គ្រោះមហន្ដរាយ​ធ្ងន់ធ្ងរ​ដូច្នេះ អន្ដរជាតិ​ក៏​បង្ហាញ​ការគាំទ្រ​ដល់​លី​បង់​និង​បាន​គៀរគរ​គ្នា​ផ្ដល់ជំនួយ​ជួយ​លី​បង់​ផងដែរ​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត