លោក​ត្រាំ​​ត្រូវ​​ជម្លៀស​​ពី​បន្ទប់​​សន្និសីទកាសែត​​ភ្លាមៗ​​ក្រោយ​ផ្ទុះ​ស្នូរ​កាំភ្លើង​​ក្រៅ​​​សេត​វិមាន​

11-08-2020 9:37 am 1725
លោកត្រាំពេលអង្គរក្សប្រាប់ឲ្យ​ចាកចេញពីបន្ទប់សន្និសីទកាសែត

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ត្រូវបាន​ជម្លៀស​ចេញពី​បន្ទប់​ធ្វើ​សន្និសីទកាសែត​ក្នុង​សេត​វិមាន​ភ្លាមៗ​កាលពី​ថ្ងៃទី​១០​សីហា បន្ទាប់ពី​មាន​ការបាញ់ប្រហារ​មួយ​កើតឡើង​នៅ​ខាង​ក្រៅរបង​សេត​វិមាន​។ ប៉ុន្មាន​នាទី​ក្រោយមក​ទើប​លោក​ត្រឡប់​ទៅធ្វើ​សន្និសីទកាសែត​វិញ ហើយ​បាន​និយាយថា​មាន​មនុស្ស​ម្នាក់​ត្រូវបាន​បាញ់​ដោយ​មន្ដ្រី​អនុវត្ដ​ច្បាប់ និង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ 

​លោក​ត្រាំ​បានបញ្ជាក់​បន្ថែមថា វា​គឺជា​ការ​បាញ់កាំភ្លើង​នៅ​ខាងក្រៅ​សេត​វិមាន​។ វា​ដូចជា​ស្ថិតក្រោម​ការគ្រប់គ្រង​ល្អ​ណាស់ ប៉ុន្ដែ​មាន​ការបាញ់ប្រហារ​កើតឡើង​ជាក់ស្ដែង​មែន ហើយ​មាន​មនុស្ស​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​លោក​មិន​បានដឹង​ពី​ស្ថានភាព​មនុស្ស​ម្នាក់​នោះទេ​។ លោក​អរគុណ​យ៉ាងខ្លាំង​ដល់​កងកម្លាំង​ការពារ​សម្ងាត់​របស់លោក ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​និង​ឆាប់រហ័ស​។​

​បន្ទាប់ពី​លោក​ត្រាំ​ត្រឡប់មក​បន្ទប់​សន្និសីទ​កាសែត កងកម្លាំង​ការពារ​សម្ងាត់​របស់លោក​បានបញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រថា មានការ​បាញ់កាំភ្លើង​កើតឡើង​ពាក់ព័ន្ធ​នឹង​មន្ដ្រី​ម្នាក់​។ កងកម្លាំង​ការពារ​សម្ងាត់​បញ្ជាក់បន្ថែម​ថា ការស៊ើបអង្កេត​លើ​ករណី​បាញ់ប្រហារ​នេះ​កំពុង​ធ្វើឡើង​ហើយ ប៉ុន្ដែ​អ្វីដែល​អាចនិយាយបាន​ជា​បឋម​ការកើតឡើង​នូវ​ឧប្បត្ដិហេតុ​នេះ គឺជា​កា​រំលោភបំពាន​លើ​បរិវេណ​អគារ​សេត​វិមាន ឬក៏​កងកម្លាំង​ការពារ​សេត​វិមាន​អាច​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់​ណាមួយ បានជា​មាន​ការផ្ទុះអាវុធ​ដូច្នេះ​៕

​(ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត