រដ្ឋមន្ដ្រី​សុខាភិបាល​​អាមេរិក​ជួប​ប្រធានាធិបតី​​តៃវ៉ាន់​​តាម​គ្រោងទុក​​ទោះ​ចិន​ប្រតិកម្ម​

10-08-2020 5:21 pm 551
រដ្ឋមន្ដ្រីសុខាភិបាលអាមេរិក(ឆ្វេង)​ពេលជួបប្រធានាធិបតីតៃវ៉ាន់

​មន្ដ្រីជាន់ខ្ពស់​និង​ជា​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​អាមេរិក​លោក​អា​ឡិច អា​ហ្សា​(Alex Azar) បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​នៅ​ថ្ងៃទី​១០​សីហា​នេះ ជា​កិច្ច​ជំនួប​ធ្វើឡើង​នៅ​កោះ​តៃវ៉ាន់​។ លោក​អា​ហ្សា​បានធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​កោះ​តៃវ៉ាន់ ជា​ទស្សនកិច្ច​លើកដំបូង​របស់​មន្ដ្រីជាន់ខ្ពស់​អាមេរិក គិត​តាំងពី​ឆ្នាំ​១៩៧៩​នៅពេល​អាមេរិក​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ងាក​ទៅរក​ប្រទេស​ចិន​។ ទស្សនកិច្ច​នេះ​ក៏​ត្រូវបាន​ចិន​ថ្កោលទោស​ផងដែរ​។ 

​លោក​អា​ហ្សា​បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃទី​០៩​សីហា សម្រាប់​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ ដើម្បី​លើកកម្ពស់​តម្លៃ​ប្រជាធិបតេយ្យ​និង​ពិភាក្សា​ពី​ភាពជោគជ័យ​របស់​តៃវ៉ាន់​ក្នុង​ការទប់ស្កាត់​កូវី​ដ​-១៩​។ លោក​អា​ហ្សា​បាន​ជួប​ជាមួយ​លោកស្រី​ត្សៃកា​លពី​ព្រឹក​ថ្ងៃទី​១០​សីហា​នេះ ដោយ​បញ្ជាក់ថា​ជា​កិត្ដិយ​សណាស់​ដែល​លោក​បានម​ក​ឈរ​នៅ​តៃវ៉ាន់ ពាំនាំ​សារ​គាំទ្រ​ពី​ប្រធានាធិបតី​ដូណាល់ ត្រាំ​ជូន​ចំពោះ​តៃវ៉ាន់​។ ទាក់ទង​នឹង​ការទប់ស្កាត់​កូវី​ដ​-១៩ តៃវ៉ាន់​ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​ទទួលជោគជ័យ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​។ នោះ​គឺជា​ការគោរព​ចំពោះ​ការបើកចំហ​ប្រកបដោយ​តម្លាភាព មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៃ​សង្គម​និង​វប្បធម៌​របស់​កោះ​តៃវ៉ាន់​។​

​ចំណែក​លោកស្រី​ត្សៃ អ៊ីង​វិន​បាន​ថ្លែង​ទៅកាន់​លោក​អា​ហ្សា​វិញ​ថា ទស្សនកិច្ច​នេះ​តំណាងឲ្យ​ការ​បោះជំហានដ៏​ធំ​ឆ្ពោះទៅរ​កកិច្ចសហប្រតិបត្ដិកា​រ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩​រវាង​តៃវ៉ាន់​-​អាមេរិក ក្នុងនោះ​មាន​ទាំង​កិច្ចសហប្រតិបត្ដិការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ផងដែរ​។ លោកស្រី​ក៏​ថ្លែងអំណរគុណ​ដល់​អាមេរិក​ដែល​បាន​គាំទ្រ​តៃវ៉ាន់ នៅក្នុង​កិច្ចខិតខំ​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក ដែល​ចិន​កំពុង​រារាំង​តៃវ៉ាន់​មិនឲ្យ​ចូលរួម​។ នៅពេល​ចិន​ជំទាស់​លោកស្រី​ត្សៃ​បានសម្ដែង​ការសោកស្ដា​យ​ជាខ្លាំង និង​លើកឡើងថា ការពិចារណា​លើ​បរិបទ​នយោបាយ​មិនគួរ​យក​ជា​អាទិភាព​សំខាន់​ជាង​បញ្ហា​សុខភាព​ឡើយ​។​

​គួរ​ជម្រាបជូន​ថា ទស្សនកិច្ច​របស់លោក​រដ្ឋមន្ដ្រី​សុខាភិបាល​អាមេរិក​ទៅ​តៃវ៉ាន់ ធ្វើឡើង​ចន្លោះពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​ចិន​។ រាល់ដង​ឲ្យតែ​អាមេរិក​បង្ហាញ​ឥរិយា​បថ​ស្និទ្ធស្នាល​នឹង​តៃវ៉ាន់ ឬ​បង្ហាញ​ឥរិយាបថ​ចង់​រឹត​ចំណងមិត្ដភាព ចិន​មិនដែល​សប្បាយចិត្ដ​ឡើយហើយ​ទទូច​ឲ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​។ សម្រាប់​ចិនតៃវ៉ាន់​គ្រាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​គ្មាន​សិទ្ធិ​បង្កើត​ចំណង​ការទូត​ផ្លូវការ​ណាមួយ​ជា​បរទេស​ឡើយ ប៉ុន្ដែ​បើ​បរទេស​ចង់​បង្កើត​ទំនាក់ទំនង​ត្រូវធ្វើ​ជាមួយ​ក្រុង​ប៉េកាំង​៕​

(ដោយ៖​ពេញ ផេង)

ព័ត៌មានផ្សេងទៀត