ក្រុមបាតុករ​លី​បង់​ផ្ទុះ​កំហឹង​ខ្លាំង នាំគ្នា​សម្រុកចូល​អគារ​ក្រសួង​រដ្ឋាភិបាល​

09-08-2020 12:04 pm 837

​យោងទៅតាម​ការសន្និដ្ឋាន មនុស្ស​ចន្លោះ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​។ ក្រុមបាតុករ​បានដើរ​ហែ​ក្បួន​ពី​តំបន់​មួយ ដែល​រង​នូវ​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​បំផុត ដោយសារតែ​ការផ្ទុះ​ឃ្លាំង​ស្តុក​សារ​ធាតុគីមី នៅក្បែរ​កំពង់ផែ​ក្នុង​ទីក្រុង​បេ​រ៉ូត​ទៅកាន់​ទីលាន Martyrs​។ នៅក្នុង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ មាន​ការអំពាវនាវ​ឲ្យ​បាតុករ នាំគ្នា​សម្រុកចូល​ទៅ​កាន់កាប់​អគារ​ក្រសួង​ទាំងអស់​របស់​រដ្ឋាភិបាល​។ ក្រុមបាតុករ​បាន​បំបែក​គ្នា ដោយ​ខ្លះ​សម្រុកចូល​ក្រសួងការបរទេស​ដែល​រង​នូវ​ការខូចខាត​ដោយសារតែ​ការផ្ទុះ និង​ការិយាល័យ​កណ្តាល​នៃ​សមាគម​ធនាគារ​របស់​ប្រទេស ហើយ​ខ្លះទៀត​បាន​សំដៅទៅ​ក្រសួង​ថាមពល​និង​សេដ្ឋកិច្ច​។ 

​ក្រុមបាតុករ​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល និង​ដុត​ផ្ទាំង​រូបភាព​តំណាង​ប្រធានាធិបតី​លី​បង់​លោក​Michel Aoun​។ នៅក្នុង​ការតវ៉ា ក្រុមបាតុករ​ទាមទារ​ឲ្យ​អ្នកនយោបាយ​លាលែង​ពី​តំណែង ហើយ​ដាក់ទោស​ចំពោះ​ការធ្វេសប្រហែស ដែល​បណ្តាលឲ្យមាន​ការផ្ទុះ​យ៉ាង​កក្រើក កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​។ កំហឹង​របស់​ក្រុមបាតុករ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង រហូត​ប្រែក្លាយជា​អំពើហិង្សា ដោយ​ក្រុមបាតុករ​នៅ​ទីលាន​Martyr​មួយចំនួន បាន​គប់​ដុំថ្ម​និង​ដំបង​ដាក់​ប៉ូលិស ដែល​រារាំង​ពួកគេ​មិនឲ្យ​ធ្វើដំណើរ​ឆ្ពោះទៅ​សភា​ជាតិលីបង់​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​កៅស៊ូ​ដាក់​ក្រុមបាតុករ​វិញ​។ អំឡុងពេល​ការប៉ះទង្គិច​គ្នា​នៅ​ទីលាន​Martyr ស្រាប់តែ​លឺ​សន្ធឹក​គ្រាប់កាំភ្លើង​ពិត​បាន​ផ្ទុះឡើង ប៉ុន្តែ​មិនដឹងថា​ចេញ​មកពី​ប្រភព​ណា​នោះទេ​។

​អ្នកនាំពាក្យ​ម្នាក់​និយាយថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​អំឡុងពេល​ប៉ះទង្គិច​គ្នា​។ ប៉ូលិស​នៅ​កន្លែងកើតហេតុ​និយាយថា មន្ត្រី​រូប​នោះបាន​ស្លាប់​នៅពេលដែល​គាត់​បាន​ធ្លាក់​ចូលទៅក្នុង​ជណ្តើរ​យន្ត បន្ទាប់ពី​ត្រូវបាន​ក្រុមអ្នកតវ៉ា​ដេញចាប់​។ ចំណែកឯ​កាកបាទក្រហម​ក្នុង​តំបន់​និយាយថា ខ្លួន​បាន​ព្យាបាល​អ្នករងរបួស​ចំនួន​១១៧​នាក់​នៅ​កន្លែងកើតហេតុ និង​៥៥​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ប្រជាជន​លី​បង់ បាន​ប្រមូលផ្តុំ​តវ៉ា​ជា​បន្តបន្ទាប់ ព្រោះ​ពួកគេ​ខឹង​នឹង​ការផ្ទុះ​ឃ្លាំង​ស្តុក​សារ​ធាតុគីមី នៅ​បរិវេណ​កំពង់ផែ​ក្នុង​ទីក្រុង ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​១៥៨​នាក់ និង​បាត់​ខ្លួន​ជាង​២០​នាក់ របួស​មាន​រហូតដល់​ជាង​៦​ពាន់​នាក់ ខណៈ​មនុស្ស​ប្រហែល​៣០​ម៉ឺន​នាក់​បាត់បង់​ផ្ទះសម្បែង​។ ក្រុមមន្ត្រី​និយាយថា​ការផ្ទុះ​នេះ អាច​បណ្តាលឲ្យ​ខាតបង់​ទឹ​កប្រាក់ចំនួន​១៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​ប្រធានាធិបតី​លី​បង់​សន្យាថា នឹង​បើក​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព ប៉ុន្តែ​ច្រានចោល​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​អន្តរ​ជាតិ​។ ក្រោយ​ហេតុការណ៍​ផ្ទុះ​កើតឡើង មាន​មនុស្ស​២២​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​នោះ​ក៏មាន​ប្រធានការិយាល័យ​ពន្ធគយ​លី​បង់​លោក​Badri Daher​ផងដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត