អាមេរិក​​៖​​ប្រទេស​បី​​កំពុង​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​

08-08-2020 2:54 pm 398

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​នាយក​មជ្ឈមណ្ឌល​សន្ដិសុខ​ជាតិ​ប្រឆាំង​ចារ​កម្ម បានឲ្យដឹងថា រដ្ឋ​បរទេស​បី​កំពុងតែ​ព្យាយាម​ប្រើ​វិធានការ​លាក់លៀម ដើម្បី​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​។ លោក​William Evanina​ប្រធាន​មជ្ឈមណ្ឌល​សន្ដិសុខ​ជាតិ​ប្រឆាំង​ចារកម្ម​បានបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ប្រទេស​មួយចំនួន​កំពុង​ព្យាយាម​រំខាន​ការបោះឆ្នោត​អាមេរិក ផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក បង្កើន​ការខ្វែងគំនិត និង​ធ្វើឲ្យ​អន្ដរាយ​ដល់​ទំនុកចិត្ដ​របស់​ប្រជាជន​អាមេរិក​។​

​មជ្ឈមណ្ឌល​កំពុង​បារម្ភ​ជា​ចម្បង​ចំពោះ​ប្រទេស​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​។ ចំពោះ​ប្រទេស​ចិន​មិន​ចង់​ឲ្យ​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ថ្មី​ទេ និង​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​មុន​ការ​បោះឆ្នោត​មក​ដល់​។ រុស្ស៊ី​វិញ​កំពុង​រិះរក​វិធី​បង្កបញ្ហា​ដល់​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកចូ បាយ​ដិន​។ តារា​សម្ដែង​មួយចំនួន​ដែលមាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ក៏​កំពុង​ស្វែងរក​ការជំរុញ​បេក្ខភាព​ប្រធានាធិបតី​ត្រាំ​លើ​បណ្ដាញ​សង្គម​និង​ទូរទស្សន៍​រុស្ស៊ី​។ 

​និយាយ​ពី​អ៊ីរ៉ង់​កំពុង​ខិតខំ​ធ្វើឲ្យ​អន្ដរាយ​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​អាមេរិក ធ្វើឲ្យ​អន្ដរាយ​ដល់​លោកត្រាំ និង​ធ្វើឲ្យ​មាន​ការ​បែងចែក​នៅក្នុង​ប្រ​ទេស​មុន​ការបោះឆ្នោត តាមរយៈ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ប្រឆាំង​អាមេរិក​តាម​អន​ឡាយ​។ អ៊ីរ៉ង់​ប្រឹងប្រែង​ដូច្នេះ​ដោយ​ជឿជាក់ថា បើ​លោក​ត្រាំ​ជាប់ឆ្នោត​ក្នុង​អាណត្ដិ​ទី​ពីរ អាមេរិក​នឹង​បង្កើន​ទណ្ឌកម្ម​កាន់តែខ្លាំង​លើ​អ៊ីរ៉ង់ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ​។​

​សម្រាប់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា រុស្ស៊ី​អាច​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​ក្នុង​ឆ្នាំនេះ ប៉ុន្ដែ​លោក​ច្រាន​ចោល​មតិ​ដែល​ថា​រុស្ស៊ី​នឹង​ជួយ​ឲ្យ​លោក​ជាប់​ឆ្នោត​នៅ​អាណត្ដិ​ទី​ពីរ​។ លោក​បន្ថែមថា ចិន​ទំនង​នឹង​សប្បាយចិត្ដ​ប្រសិន​បើ​លោក​ចាញ់ឆ្នោត តែ​យ៉ាងណាក៏ដោយ​ជុំវិញ​ការជ្រៀតជ្រែក​ពី​ប្រទេស​ទាំងនេះ រដ្ឋបាល​របស់​លោក​នឹង​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់​បំផុត​។​

​គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៣​ខែវិច្ឆកា​ឆ្នាំ​២០២០​នេះហើយ​។ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ ត្រូវ​ប្រជែង​ជាមួយ​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេ​យ្យ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  អាមេរិកការបោះឆ្នោត

ព័ត៌មានផ្សេងទៀត