អាមេរិក​​បញ្ចូល​​មេដឹកនាំ​ហុងកុង​​និង​មន្ដ្រី​គ្រាក់ៗ៨​នាក់​​ទៀត​​ក្នុង​បញ្ជី​ខ្មៅ​

08-08-2020 1:23 pm 774

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ ហើយ​ដាក់​ទណ្ឌកម្ម​លើ​នាយក​ប្រតិ​បត្ដិក្រុង​ហុងកុង​លោកស្រី​ខារី ឡា​ម រួម​នឹង​មន្ដ្រី​​គ្រាក់ៗ​៨​នាក់​ទៀត​សម្រាប់​អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា ពួកគេ​បាន​ចូលរួម​ក្នុង​ការកាត់បន្ថយ​សេរីភាព​នយោបាយ​ក្នុង​ទឹកដី​ហុងកុង​។ ការដាក់ទណ្ឌកម្ម​នេះ​ធ្វើឡើង​ក្រោម​បទបញ្ជា​មួយ ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ចុះហត្ថលេខា​កាលពី​ខែ​មុន ដើម្បី​ដាក់ទណ្ឌកម្ម​ប្រទេស​ចិន​។ នេះ​ក៏​ជា​វិធានការ​ថ្មី​សន្លាង​ពី​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ប្រឆាំង​ទីក្រុង​ប៉េកាំង​។​

​រតនាគារ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កា​ដាក់ចេញ​នូវ​ច្បាប់​សន្ដិសុខ​របស់​ទីក្រុង​ប៉េកាំង​ឲ្យ​អនុវត្ដនៅ​ទឹកដី​ហុងកុង បាន​កំណត់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការត្រួតពិនិត្យ​លើ​បុគ្គល​និង​ស្ថាប័ន ដែល​ចាត់ទុកថា​មិន​ស្មោះត្រង់​នឹង​ប្រទេស​ចិន​។ ចំពោះ​លោក​ស្រី​ខា​រី ឡា​ម​គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្ដ​គោល​នយោបាយ​ចិន ជា​គោលនយោបាយ​គាបសង្កត់​សេរីភាព​និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ទៀត រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ​បាន​និយាយថា ការផ្លាស់ប្ដូរ​នៅ​ហុងកុង​សបញ្ជាក់​កាន់តែច្បាស់ គឺ​សកម្មភាព​អាជ្ញាធរ​ហុងកុង​ជា​រឿង​មិន​អាច​ទទួលយកបាន ផ្ទុយស្រឡះ​ពី​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ លោក​ផុម​ភី​អូ​បាន​និយាយ​បន្ថែម​តាមរយៈ​សារ​នៅលើ​ធ្វី​ត​ទ័​រ​ថា អាមេរិក​នឹងមិន​នៅ​មួយកន្លែង​ទេ ខណៈ​ប្រជាជន​ហុងកុង​រង​ការគាបសង្កត់​យ៉ាង​សាហាវ​នៅក្នុង​កណ្ដាប់ដៃ​នៃ​គណបក្ស​កុម្មុយនីស្ដ​ចិន ឬ​ពួក​អ្នក​មាន​ឥទ្ធិពល​។ អាមេរិក​នៅ​ជាមួយ​ប្រជាជន​ហុងកុង​ជានិច្ច​។​

​ចំពោះ​ទណ្ឌកម្ម​ដែល​អាមេរិក​ប្រកាស​ដាក់​លើ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម រួមទាំង​មន្ដ្រី​កំពូលៗ​៨​នាក់​ផ្សេង​ទៀត​នោះ គឺ​ការ​បង្កក​ទ្រព្យសម្បត្ដិ​ពួកគេ​ដែល​មាន​នៅ​អាមេរិក ហើយ​ហាមឃាត់​មិនឲ្យ​ពលរដ្ឋ​អាមេរិក​ធ្វើ​ជំនួញ​ជាមួយ​ពួកគេ​ឡើយ​។​

​គួរ​ជម្រាបជូន​ថា ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​ស្ថិតក្នុង​ភាព​តានតឹង​កាន់តែខ្លាំង ដែល​អ្នកតាមដាន​ស្ថានការណ៍​យល់ឃើញថា ជា​ទំនាក់ទំនង​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​។ លោក​ត្រាំ​បាន​ឆ្លើយតប​ច្បាប់​សន្ដិសុខ​ថ្មី​អនុម័ត​កាលពី​ចុង​ខែ​មិថុនា ហើយ​ចាប់ផ្ដើម​អនុវត្ដ​នៅ​ហុងកុង​កាលពីដើម​ខែ​កក្កដា ដោយ​បញ្ជា​ឲ្យ​បញ្ចប់​នូវ​ឋានៈ​ឯកសិទ្ធិ​ពិសេស​សម្រាប់​ហុងកុង​។ ចំណែក​ទីក្រុង​ប៉េកាំ​ង​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ពី​ឥរិយាបថ​ដ៏​ទំនើង​និង​ធ្វើទុក្ខបុកម្នេញ​មិន​អស់​មិន​ហើយ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត