​ក្រសួង​សាធារណការ​​ណែនាំ​ពី​វិធានការ​ការពារ​​ជំងឺ​កូវី​ដ​១៩​ក្នុង​ថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​​

08-08-2020 12:44 pm 277

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានចេញ​សេចក្ដីណែនាំ​មួយចំនួន​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​រយៈពេល​៥​ថ្ងៃ ខណៈ​ការឆ្លង​រី​ករាល​ជំងឺ​កូវី​ដ​១៩​នៅលើ​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា នៅតែ​កើតមាន​ជា​បន្តបន្ទាប់​មិន​ស្រាកស្រាន្ត​ឡើយ​។

​តាមរយៈ​សេចក្ដីណែនាំ​ចុះ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២០ បាន​លើកឡើងថា យោងតាម​អនុក្រឹត្យ​លេខ​១០១ ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ស្ដីពី​ការអនុញ្ញាតឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២០ និង​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សូម​ធ្វើ​ការណែនាំ​ដល់​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ម្ចាស់​ក្រុមហ៊ុន ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ អ្នកបើកបរ និង​អ្នក​បម្រើភ្ញៀវ​លើ​រថយន្ត​ដឹក​អ្នកដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ និង​វិធានការ​ការពា​រការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដូចជា​៖

១. ជៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ ដែលមាន​ផ្ទុក​មនុស្ស​ច្រើន​។​

២. បើ​ចាំបាច់​ត្រូវ​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ លោកអ្នក​ត្រូវ​ពាក់​ម៉ាស់​ជានិច្ច រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់​ឱ្យបាន​យ៉ាងតិច​មួយ​ម៉ែត​កន្លះ និង​ត្រូវ​យកតាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ​។​

៣. ជៀសវាង​ការធ្វើដំណើរ​ប្រសិនបើ​មាន​អាការៈ​ក្ដៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព​

៤. សម្រាប់​អ្នកបើកបរ​ត្រូវ​៖

- បើក​បង្អួច​យានយន្ត​ឱ្យមាន​ខ្យល់​ចេញចូល ជៀសវាង​ការប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​។​

- លើកទឹកចិត្ត​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​ខ្ទប់មាត់​និង​ច្រមុះ ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​ជំងឺ​ផ្ដាសាយ​ផ្សេងៗ រួមទាំង​ជំងឺ​កូវី​ដ​១៩ ផងដែរ​។​

- ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ ដោយ​ប្រើ​ទឹក​សាប៊ូ ជូត​អាល់កុល​នៅតាម​ធ្នាក់​កៅអី និង​កន្លែង​ដែល​មនុស្ស​បាន​ប៉ះពាល់​។​

- ម្ចាស់​រថយន្ត​ត្រូវ​មានទឹក​អាល់​កុល ឬ​ជែល​លាងដៃ ដើម្បីឱ្យ​អ្នកដំណើ​រលាង​សម្អាត​ដៃ​មុនពេល​ឡើង​រថយន្ត​។​

- ចំពោះ​អ្នកបើកបរ​រថយន្ត បើ​មាន​រោគសញ្ញា​ដូចជា គ្រុន​ក្ដៅ ផ្ដាសាយ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ផ្អាក​បើកបរ​ជា​បណ្ដោះអាសន្ន និង​ត្រូវ​ទៅ​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ពិនិត្យ​សុខភាព​។ អ្នកបើកបរ​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​មាន​ការជួប​ជាមួយ​មនុស្ស​ច្រើន ដូច្នេះ​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​ការចម្លង​ជំងឺ​កូវី​ដ​១៩ និង​មេរោគ​ផ្សេងៗ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ សីហា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា​អ្នកមាន​វីរុស​កូវី​ដ​-១៩ សរុប​២៤៦​នាក់ (​ស្ត្រី ៤៧​នាក់ និង​បុរស ១៩៩​នាក់​) ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​២១៥​នាក់ (​ស្រី ៤៦​នាក់ និង​បុរស​១៦៩​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​មាន​ចំនួន​សរុប ៣១​នាក់ ខណៈ​ចំនួន​អ្នក​ឆ្លងកូវី​ដ​-១៩ លើ​លោក​កើន​ដល់​ជាង ១៩.៥​លាន​នាក់ ស្លាប់​ជាង ៧២​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង ១២.៥​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត