ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ក្រោយ​ការផ្ទុះ​នៅ​កំពង់ផែ​លី​បង់​

07-08-2020 11:51 am 612

​ក្រុមអ្នកតវ៉ា​បាន​ខឹងសម្បារ ក្រោយ​ហេតុការណ៍​ផ្ទុះ​ដ៏​សាហាវ កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០ ហើយ​កំហឹង​ផ្ទុះ​កាន់តែខ្លាំង​នៅ​ពេលលឺ​ក្រុមមន្ត្រី​និយាយថា ការផ្ទុះ​ដ៏​ប្រល័យ​នោះ​បណ្តាលមកពី អា​ម៉ូ​ញ៉ូម​នីត្រាត​ចំនួន ២,៧៥០​តោន ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​ការរក្សា​សុវត្ថិភាព​ត្រឹមត្រូវ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ក្រុមបាតុករ​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្បែរ​រដ្ឋសភាជាតិ ដោយ​ស្តីបន្ទោស​លើ​ការធ្វេសប្រហែស​របស់​រដ្ឋាភិបាល អំពើពុករលួយ​និង​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ ទើបបានជា​បណ្តាលឲ្យមាន​ការផ្ទុះ​កើតឡើង​។ នៅក្នុង​ការតវ៉ា​នៅ​ថ្ងៃទី​៦​ខែសីហា​នោះ ក៏មាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា​និង​កងកម្លាំង​សន្តិសុខ​ដែរ​។ កងកម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា​។ ប៉ុន្តែ​ពុំមាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​របួស​ឬ​ចាប់ខ្លួន​នៅក្នុង​ការតវ៉ា​នេះ​ទេ​។​

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះ​យ៉ាង​កក្រើក​នៅ​បរិវេណ​កំពង់ផែ​ក្នុង​ទីក្រុង​បេ​រ៉ូត​ប្រទេស​លីបង់ បង្ក​ជា​អគ្គិ​ស​ភ័យ​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ បណ្តាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​១៤៥​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់ ខណៈ​មនុស្ស​របួស​មាន​ជាង​៥​ពាន់​នាក់​។ ការផ្ទុះ​យ៉ាង​មហន្តរាយ​នេះ បាន​បន្សល់ទុក​មនុស្ស​២៥​ម៉ឺន​នាក់ គ្មាន​ផ្ទះសម្បែង​រស់នៅ​។ ការផ្ទុះ​ផ្ទួនៗ​គ្នា​ពីរលើក ក៏​ធ្វើឲ្យ​ខូចខា​តដល់​ផ្ទះសម្បែង អគារ និង​ទ្រព្យសម្បត្ដិ​នៅក្បែរនោះ​ជាច្រើន​ទៀត ដែល​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង គេ​បាន​ចាប់ឃុំខ្លួន​មនុស្ស​មនុស្ស​១៦​នាក់ នៅក្នុង​ការស៊ើបអង្កេត ចំពោះ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ស្តុក​សម្ភារ​។ ប្រភព​តុលាការ​និយាយថា អ្នកគ្រប់គ្រង​ទូទៅ​កំពង់ផែ គឺ​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​គេ​ឃុំឃាំង​។ ប្រធាន​កំពង់ផែ​និង​ប្រធាន​អាជ្ញាធរ​គយ និយាយថា​ពួកគេ​បាន​សរសេរ​លិខិត​ទៅ​តុលាការ​ជា​ច្រើនលើកច្រើនសារ ដោយ​ស្នើសុំ​ឲ្យ​នាំចេញ​នូវ​សារធាតុ​គីមី​ឬ​លក់​ចេញ ដើម្បី​ធានា​នូវ​សុវត្ថិភាព​កំពង់ផែ​។ 

​ពាក់ព័ន្ធ​នឹង​សារធាតុ​អា​ម៉ូ​ញ៉ូម​នីត្រាត​ចំនួន​២,៧៥០​តោន​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ដំបូង​កប៉ាល់​ដែល​ដោត​ទង់ជាតិ​ប្រទេស​Moldovan បាន​ដឹក​អា​ម៉ូ​ញ៉ូម​នីត្រាត​នេះចូល​កំពង់ផែ​បេ​រ៉ូត បន្ទាប់ពី​មាន​បញ្ហា​បច្ចេកទេស អំឡុងពេល​ធ្វើដំណើរ​ផ្លូវ​វែងឆ្ងាយ​ពី​ប្រទេស​Georgia ទៅ Mozambique​ក្នុង​ឆ្នាំ​២០១៣​។ ចូលដល់​កំពង់ផែ កប៉ាល់​Rhosus​ត្រូវគេ​ធ្វើ​អធិការកិច្ច រួច​ហាម​មិនឲ្យ​ចាកចេញ​ពី​កំពង់ផែ​ឡើយ​។ ម្ចាស់​កប៉ាល់​ឃើញបែបនេះ ក៏​បោះបង់​កប៉ាល់​ចោល ដោយ​មិន​នៅ​ដោះស្រាយ​ទេ​។ រឿងរ៉ាវ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​ជាច្រើន​។ ចំណែក​ទំនិញ​នៅក្នុង​កប៉ាល់​ត្រូវបាន​រក្សាទុក​នៅក្នុង​ឃ្លាំង​មួយ នៅ​កំពង់ផែ​ក្នុង​ក្រុង​បេ​រ៉ូត សម្រាប់​ហេតុផល​សុវត្ថិភាព ចាប់ពីពេលនោះ​រហូតមក​។​

​បន្ទាប់ពី​ការផ្ទុះ​នេះ សង្កេតឃើញថា​មាន​មន្ត្រី​លី​បង់​ពីររូប​ហើយ​បាន​លាលែង​ពី​តំណែង​។ យោងទៅតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​BBC លោក Marwan Hamadeh សមាជិកសភា​បាន​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​៥​សីហា មុន​លោក​Tracy Chamoun ឯកអគ្គរដ្ឋទូត​លី​បង់​ប្រចាំ​នៅ​ប្រទេស​ហ្សកដានី  បាន​លាឈប់​ពី​តំណែង​ដូចគ្នា​នៅ​ថ្ងៃទី​៦​ខែ​សីហា ដោយ​និយាយថា គ្រោះមហន្តរាយ​នេះ បានបង្ហាញ​ពី​តម្រូវការ​នៃ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​ហើយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត