លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរជំនាញត្រូវណែនាំ ឬលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យ គ្មានលក្ខណៈបច្ចេកទេសស្តង់ដារត្រឹមត្រូវ ឲ្យអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋដោយប្រការណាមួយ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី០៦ខែសីហានេះ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។
លោកឃួង ស្រេងបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាស កំប៉ុងចាស់ៗ គ្មានគុណភាព ឬធុងស្តើងដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទាំងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទាំងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នាំដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។
គួបញ្ជាក់ថា បញ្ហាហ្គាស ឬការលក់សាំងដបនៅតាមចិញ្ចើមផ្លូវ ឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈមផ្នែកសុវត្ថិភាពដោយត្រូវបង្កើនការ យកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពីការផ្ទុះកំប៉ុងហ្គាសដែលគ្មានបច្ចេកទេស៕ ដោយ៖ សៅ វិសាល