ក្រសួង​យុត្តិធម៌​និង​ក្រសួងការបរទេស​សហ​ការ​គ្នា​ជួយ​ស្ត្រី​ខ្មែរ​ដែល​តុលាការ​វៀតណាម​កាត់ទោស​ប្រហារ​ជី​វិត

05-08-2020 4:28 pm 3421

​កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវបាន​តុលាការ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម សម្រេច​ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត ពី​បទ​ជួញដូរ​គ្រឿងញៀន ចេញពី​កម្ពុជា​ទៅ​វៀតណាម​។​

​ពាក់ព័ន្ធ​នឹង​ការចេញ​សាលក្រម​របស់​តុលាការ​ប្រទេស​វៀតណាម​នេះដែរ កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២០ លោក​កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានលើកឡើង​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតី ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀន ២៦​មិថុនា នា​ខេត្តស្វាយរៀង​ថា ក្រសួង​យុត្តិធម៌​កំពុង​ខិតខំ​ពិនិត្យ និង​ការពារ​តាម​ផ្លូវច្បាប់ ដើម្បី​ជួយ​ស្ត្រី​ខ្មែរ​ខាងលើនេះ ដោយ​ធ្វើយ៉ាងណា​ឲ្យ​រួចផុត​ពី​ទោស ប្រហារជីវិត​វិញ​។​

​បើ​តាម​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ៥ ខែ​សីហា ឆ្នាំ​២០២០​នេះ​ថា ក្រសួង​យុត្តិធម៌ កំពុង​ធ្វើការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ជួយ​ដល់​ស្ត្រី​រូបនេះ ដោយ​ក្រសួង​កំពុងតែ​ត្រួតពិនិត្យ​អង្គហេតុ​ឲ្យបាន​លំអិត ប្រមូល​ព័ត៌មាន និង​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​សិក្សា និង​វាយតម្លៃ​ពី​ទិដ្ឋភាព​ច្បាប់ ទើប​កំណត់ថា នឹង​ត្រូវ​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវច្បាប់​ដោយ​របៀប​ណា​។​

​លោក​ជិន ម៉ា​លីន បាន​បញ្ជាក់បន្ថែម​ថា ក្រសួង​យុត្តិធម៌​មាន​ជម្រើស​ច្រើន ដើម្បី​ជួយ​ដល់​រូបគាត់ ដែល​រួមមាន ទាំង​ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ការតវ៉ា​ក្តី និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការផ្ទេរ​អ្នកទោស​...

​សំឡេង​លោក​ជិន ម៉ា​លីន​៖

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ទស​កម្ពុជា បានឲ្យដឹងថា កន្លងមក អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហូជីមិញ បាន​តាមដាន​រឿង​នេះ យ៉ាង​យកចិត្តទុកដាក់ ហើយ​នៅ​ពេល​សវនាការ តំណាង​អគ្គ​កុងស៊ុល​កម្ពុជា​ក៏​បាន​ចូលរួម​ស្តាប់​ផងដែរ​។​មិនតែប៉ុណ្ណោះ​ក្រសួងការបរទេស​ក៏​បាន​ខិតខំ​ស្វះស្វែង​តាម​ផ្លូវច្បាប់ ដើម្បី​ជួយ​ឲ្យ​ស្ត្រី​កម្ពុជា រូបនោះ ទទួលបាន​នូវ​យុត្តិធម៌ ហើយ​ក្រសួង​ក៏​បាន​យកចិត្តទុកដាក់​អំពី​រឿង​នេះ​ដែរ ។ 

​លោក​បញ្ជាក់​បន្ថែមថា បើ​តាម​នីតិវិធី​ស្ត្រី​រូបនោះ មិន​ទាន់​ក្លាយជា​ទណ្ឌិត ដែល​គេ​ត្រូវ​ប្រហារជីវិត​ទេ ព្រោះ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ ហើយ​តុលាការខេត្ត​តៃនិញ ទុក​ពេល​ឲ្យ ១៥​ថ្ងៃ ដើម្បី​ឲ្យ​អ្នកទោស​កម្ពុជា ដាក់ពាក្យ​ប្តឹង​ទាស់​នឹង​ការសម្រេច​ខាងលើ ហើយ​មក​ដល់ពេលនេះ​គឺ​គាត់​បាន ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​រួចហើយ​។​

​សូមជម្រាបថា ស្ត្រី​ខ្មែរ​ខាងលើ​មានឈ្មោះ​ថា មៀច ស្រី​នាង អាយុ​២៧​ឆ្នាំ ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន ចំនួន ៥​កញ្ចប់ មាន​ទម្ងន់ ៤,៩៤៣ ក្រាម ឆ្លងដែន​ចូល​ប្រទេស​វៀតណាម តាម​ច្រក​ម៉ុក​បាយ ហើយ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ ៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត