​រដ្ឋាភិបាល​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​​លើ​ក្រុមហ៊ុន​នាំចូល​ម្សៅ​​ទឹកដោះគោ​ចិញ្ចឹម​ទារក​​

05-08-2020 4:07 pm 366

​រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​ទៅលើ​ក្រុមហ៊ុន​នាំចូល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដោយសារ​ក្រុមហ៊ុន​ទាំងនេះ ពុំបាន​អនុវត្តតាម​ការណែនាំ ក៏ដូចជា​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រោយពេល​ស្រាវជ្រាវ និង​រកឃើញថា ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ មាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ការ​បំបៅ​ដោះ​កូន​ដោយ​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ មាន​ការកើនឡើង​។

​លោក​ផាន អូន ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា មាន​ក្រុមហ៊ុន​ប្រមាណ​ជា​៤០​ក្រុមហ៊ុន នាំចូល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​ម៉ាក​ល្បីៗ បាន​ចូលមក​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់ថា មាន​ក្រុមហ៊ុន​ខ្លះ​មិនបាន​គោរព​ច្បាប់ ហើយ​មាន​ក្រុមខ្លះ​បាន​គោរព​តាមច្បាប់​បាន​៥០​ភាគរយ​ហើយ នៅសល់​៥០​ភាគរយ​ទៀត​មិនទាន់​គោរព​បាន​……….

​សំឡេង​៖

​ទាក់ទង​នឹង​ការចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​ចំពោះ​ក្រុមហ៊ុន​នាំចូល​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​នាពេលនេះ ត្រូវបាន​លោក​ផាន អូន លើកឡើងថា គឺ​ដើម្បី​គិតគូ​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ទារករ​និង​កុមារ ក្រោយពី​រកឃើញថា ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​មាន​ការធ្លាក់ចុះ​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ការ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹកដោះគោ​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​។ ការលើកឡើង​របស់លោក​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ពាក់ព័ន្ធ​ការជំរុញឱ្យ​អនុវត្ត​អនុក្រឹត្យ​លេខ​១៣៣ ស្ដីពី​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​។​

​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​រួមមួយ ដែល​ត្រូវបាន​ធ្វើឡើង​រួមគ្នា​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ Helen Keller អន្តរជាតិ កាលពី​ឆ្នាំ​២០១៨ បាន​រកឃើញថា ៩៨​ភាគរយ​នៃ​ផលិតផល​ម្សៅ​ទឹកដោះគោ បាន​រំលោភ​លើ​អនុក្រឹត្យ​លេខ​១៣៣​របស់​រាជរដ្ឋាភិបាល ដូចជា ពុំមាន​សារ​ជា​ភាសា​ខ្មែរ​ពេញលេញ ពុំមាន​សារ​លើកកម្ពស់​គុណ​តម្លៃ​ទឹកដោះ​ម្ដាយ និង​ពុំមាន​សារ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​ឡើយ​។​

​រីឯ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ការ​បំបៅ​ទារក​ដោយ​ម្សៅ​ទឹកដោះគោ បានធ្វើឱ្យ​ខាតបង់​ថវិកា​ដល់​ទៅ ៣៤១​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ​។ អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាង ៨២​ម៉ឺន​នាក់ និង​ជួយសង្គ្រោះ​ស្ត្រី​ដល់​ទៅ ២​ម៉ឺន​នាក់ ពី​ជំងឺមហារីក​សុដន់​ក្នុង​មួយឆ្នាំៗ​។ អង្គការ​នេះ បានលើកឡើង​ទៀតថា ការ​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្ដាយ ក៏​ជួយ​ដល់​ដំណើរការ​លូតលាស់​រាង្គ​កាយ និង​បញ្ញា​របស់​កុមារ ហើយ​វា​ពាក់ព័ន្ធ​យ៉ាងខ្ពស់​ទៅនឹង​លទ្ធផល​សិក្សា និង​សមត្ថភាព​របស់​ក្មេង​នា​ពេលអនាគត​ផងដែរ​។​

​ចំណែក​របាយ​ការ​របស់​ក្រសួងសុខាភិបាល​វិញ​បានឱ្យដឹងថា ការ​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុងចំណោម​ទារក​ដែលមាន​អាយុ​ក្រោម​៦​ខែ បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ចន្លោះ​ឆ្នាំ​២០០០ ដល់​២០១០ តែ​ក្នុង​ឆ្នាំ​២០១៤ លទ្ធផល​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព បាន​បង្ហាញឱ្យឃើញថា អាត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​ចាប់ពី​កើត​រហូតដល់​អាយុ​៦​ខែ​បាន​ថយចុះ​ចំនួន ៩​ភាគរយ (​ចុះ​ពី​៧៤​ភាគរយ មក​នៅ​៦៥​ភាគរយ​) វិញ ដោយសារតែ​មាន​ការកើនឡើង​នូវ​ការប្រើប្រាស់​ម្សៅ​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្ដាយ​។​

​សូមបញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​២៨ កក្កដា ឆ្នាំ​២០២០ បាន​ព្រមាន​ចាត់វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចរាចរ និង​ដកហូត​ចេញពី​ទីផ្សារ​នូវ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ប្រភេទ​ណាមួយ មិនបាន​អនុវត្តតាម​ខ្លឹមសារ​ឬ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ ដោយ​ទុក​រយៈពេល​មួយខែ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​៕

ព័ត៌មានផ្សេងទៀត