ស្របពេលទំនាក់ទំនងអាមេរិក-ចិនកំពុងធ្លាក់ដុនដាបខ្លាំង ពេលនេះរដ្ឋបាលលោកដូណាល់ ត្រាំបាននិងកំពុងដាក់សម្ពាធលើកម្មវិធីTikTok ជាកម្មវិធីដ៏ល្បីមួយរបស់ចិន។ ដាក់សម្ពាធគឺនឹងហាមឃាត់លែងឲ្យប្រើកម្មវិធីនេះនៅអាមេរិកទៀតហើយ លុះត្រាតែលក់ឲ្យក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រងវិញ។ អាមេរិកបានលើកហេតុផលមកពន្យល់ជុំវិញការហាមឃាត់កម្មវិធីTikTok ខណៈចិនក៏បង្ហាញការយល់ឃើញរបស់ខ្លួនជុំវិញបញ្ហានេះ។ តើអាមេរិកនិងចិនបកស្រាយយ៉ាងណាខ្លះ?
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកមានចិត្តទើសទាល់នឹងកម្មវិធីTikTokរបស់ចិនខ្លាំងណាស់ ហើយបាននិយាយនៅថ្ងៃសុក្រសប្តាហ៍មុនថា លោកគ្រោងចេញបទបញ្ជាពិសេសហាមមិនឲ្យប្រើប្រាស់កម្មវិធីនេះនៅអាមេរិកតទៅទៀតឡើយ។ មូលហេតុដោយបារម្ភពីបញ្ហាសន្ដិសុខជាតិ គឺខ្លាចចិនប្រើកម្មវិធីTikTokប្រមូលយកទិន្នន័យផ្ទាល់ខ្លួនពលរដ្ឋអាមេរិក។ មតិខ្លះលើកឡើងថា កម្មវិធីTikTokស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ។
ដំបូងលោកត្រាំមិនគាំទ្រគំនិតប្តូរពីការបិទលែងឲ្យប្រើប្រាស់កម្មវិធីTikTok មកជាការអនុញ្ញាតឲ្យទិញកម្មវិធីនេះមកគ្រប់គ្រងដោយខ្លួនឯងវិញទេ។ ប៉ុន្តែក្រោយជួបពិភាក្សាជាមួយលោកSatya Nadella នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft លោកត្រាំស្រាប់តែផ្លាស់ប្តូរចិត្ត ហើយយល់ព្រមផ្តល់ពេលវេលា៤៥ថ្ងៃ ដល់ម្ចាស់ក្រុមហ៊ុនByteDanceរបស់ចិននៅក្នុងការចរចាលក់កម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះឲ្យទៅក្រុមហ៊ុនMicrosoft។ ភ្លាមៗគេមិនបានដឹងពីមូលហេតុ ដែលធ្វើឲ្យលោកត្រាំផ្លាស់ប្តូរចិត្តទិញកម្មវិធីTikTokនោះទេ ប៉ុន្ដែបើតាមការបញ្ជាក់របស់លោកកាលពីថ្ងៃទី០៣សីហា លោកថារដ្ឋាភិបាលអាមេរិកគួរតែទទួលបានប្រយោជន៍ពីការលក់កម្មវិធីនេះ។ លោកបន្ថែមថាលោកមិនខ្វល់ក្រុមហ៊ុនMicrosoftជាអ្នកទិញបាន ឬក៏នរណាមួយក៏ដោយ ផលចំណេញពីការទិញ-លក់នេះនឹងត្រូវធ្លាក់ចូលក្នុងរតនាគារអាមេរិក អាមេរិកនឹងធ្វើឲ្យរឿងនេះកើតឡើង។
ដោយឡែកនិយាយពីក្រុមហ៊ុនMicrosoft បានប្តេជ្ញាយកTikTokមកគ្រប់គ្រង ដើម្បីត្រួតពិនិត្យសន្តិសុខឲ្យបានពេញលេញឡើងវិញ និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសមស្របដល់អាមេរិក រួមទាំងរតនាគារសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនថា ខ្លួននឹងបន្តចរចាទិញកម្មវិធីTikTokពីក្រុមហ៊ុនByteDance ហើយមានគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ។ គេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុន Microsoftហ៊ានចំណាយប្រាក់ប៉ុន្មានដើម្បីទិញកម្មវិធីTikTokនោះទេ ខណៈបើផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ យោងទៅលើការវាយតម្លៃដែលរំពឹងទុក កម្មវិធីវីដេអូខ្លីៗមួយនេះមានតម្លៃលើសពី៥០ពាន់លានដុល្លារអាមេរិក។
សម្រាប់ភាគីចិន បើតាមការចុះផ្សាយរបស់កាសែតGlobal Timesជាការសែតគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ការគំរាមកំហែងរបស់អាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន គឺជាលទ្ធផលនៃចក្ខុវិស័យគិតអាមេរិកដំបូងគេរបស់លោកត្រាំ។ បើបែបនេះធ្វើឲ្យចិនគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្ដតតាំងជាមួយអាមេរិកក្នុងវិស័យបច្ចេកវិទ្យាឡើយ។
នៅក្នុងបទវិចារណកថារបស់កាសែតGlobal Timesសរសេរថា ចិនមានវិធីសាស្ដ្រជាច្រើនឆ្លើយតបប្រសិនបើរដ្ឋាភិបាលអាមេរិកអនុវត្ដតាមផែនការដែលប្រកាស គឺលុបបំបាត់កម្មវិធីTikTokចោលឬព្យាយាមដណ្ដើមយកធ្វើជាកម្មសិទ្ធិ។ អ្វីដែលអាមេរិកធ្វើដាក់ក្រុមហ៊ុនByteDanceនិងក្រុមហ៊ុនHuawei បង្ហាញឲ្យឃើញពីកិច្ចខិតខំរបស់អាមេរិកក្នុងការផ្ដាច់សេដ្ឋកិច្ចចេញពីចិន។ បើចង់សងសឹកប្រឆាំងក្រុមហ៊ុនអាមេរិក សមត្ថភាពចិននៅមានកម្រិតក្នុងការការពារក្រុមហ៊ុនចិនទាំងនេះ ព្រោះអាមេរិកមានបច្ចេកវិទ្យាខ្លាំងនិងមានឥទ្ធិពល។ ដូច្នេះការបើកចំហរបស់ចិនទៅពិភពខាងក្រៅនិងការបំបែកយុទ្ធសាស្ដ្រអាមេរិក គួរតែជារឿងអាទិភាពដោយសារចិនមិនអាចទទួលយកបាន ចំណាត់ការដែលអាមេរិកធ្វើកន្លងមករួមទាំងចំណាត់ការធ្វើដាក់កម្មវិធីTikTok។
ជាការកត់សម្គាល់ ចាប់តាំងពីអាមេរិកមានប្រធានាធិបតីដូណាល់ ត្រាំចូលដឹកនាំ លោកត្រាំបានព្យាយាមយ៉ាងខ្លាំងធ្វើតាមគោលនយោបាយដែលបានប្រកាស គឺគិតអាមេរិកជាធំ និងធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត។ លោកបានជំរុញឲ្យមានតុល្យភាពពាណិជ្ជកម្មជាមួយចិន ទាមទាររកយុត្ដិធម៌ជុំវិញករណីដែលលោកចោទថាក្រុមហ៊ុនចិនបានលួចកម្មសិទ្ធិបញ្ញាក្រុមហ៊ុនអាមេរិក។ ចំណាត់ការបែបនេះបានផ្ទុះភាពតានតឹងយ៉ាងខ្លាំង រហូតក្លាយជាសង្គ្រាមពាណិជ្ជកម្មមិនទាន់ដោះស្រាយចេញ។ អាមេរិកក៏ចាត់វិធានការលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHuaweiផងដែរកន្លងមក។ អាមេរិកធ្លាប់ចោទថាចិនប្រើប្រាស់ឧបករណ៍ពិសេសបំពាក់លើផលិតផលក្រុមហ៊ុនHuawei ដើម្បីលួចស៊ើបការណ៍សម្ងាត់។ ក្រោយមកអាមេរិកបានហាមឃាត់មិនឲ្យមានកិច្ចសហការប្រើប្រាស់បណ្ដាញ5Gរបស់ចិនឡើយ ក្រោមហេតុផលដូចគ្នានឹងការហាមឃាត់កម្មវិធីTik Tokរបស់ក្រុមហ៊ុនByteDance គឺព្រួយបារម្ភពីសន្ដិសុខជាតិ។
គួរជម្រាបជូនដែរថា Tik Tokបង្កើតឡើងដោយក្រុមហ៊ុនByteDanceរបស់ចិននៅឆ្នាំ២០១២។ កម្មវិធីកម្សាន្តសប្បាយមួយនេះ បានទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីមនុស្សគ្រប់វ័យ។ បច្ចុប្បន្នអ្នកប្រើប្រាស់កម្មវិធីTik Tokសកម្មប្រចាំខែមានចំនួនប្រមាណ៨០០លាននាក់ ហើយអ្នកប្រើប្រាស់ភាគច្រើននៅអាមេរិកនិងឥណ្ឌា។ Tik Tok មិនមែនជាកម្មវិធីដំបូងដែលអាមេរិកចាត់ទុកថាគំរាមកំហែងដល់ទិន្នន័យឯកជន ជាពិសេសទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកយោធានិងអ្នកស៊ើបការណ៍សម្ងាត់របស់អាមេរិកនោះទេ ហើយក៏មិនមែនជាកម្មវិធីទីមួយ ដែលអាមេរិកប៉ងទិញពីចិនដែរ។ តួយ៉ាងកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអាមេរិក បានចរចាទិញកម្មវិធីGrindr ជាប្រភេទកម្មវិធីទំនាក់ទំនងសម្រាប់បុរសភេទទី៣ពីក្រុមហ៊ុនBeijing Kunlun Techរបស់ចិនផងដែរ ក្នុងតម្លៃ៨០៦លានដុល្លារ៕
(ដោយ៖ពេញ ផេង)