​លោក​អំ សំអាត​៖​​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​​មាន​ចំណុច​ល្អ​ច្រើន តែ​ចំណុច​ខ្លះ​រឹតត្បិត​សិទ្ធិ​បុគ្គល​​

04-08-2020 3:23 pm 231

​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល កំពុង​រៀបចំ​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​។ នៅក្នុង​ច្បាប់​នេះដែរ គេ​សង្កេតឃើញថា មាន​ការហាម​បុរស​មិនឱ្យ​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន និង​ហាម​មិនឱ្យ​នារី​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅតាម​ទីសាធារណៈ ខណៈ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក​អំ សំអាត យល់ថា ច្បាប់​នេះ មាន​ចំណុច​ល្អ​ច្រើន តែ​ក៏មាន​ចំណុច​ខ្លះ​មានការ​រឹតត្បិត​សិទ្ធិ​បុគ្គល​ផងដែរ​។ 

​ថ្លែងប្រាប់​វិទ្យុ​វា​យោ លោក​អំ សំអាត បាន​បញ្ជាក់ថា មុននឹង​ឈានទៅដល់​ការនុម័ត​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សា​ធា​រណៈ ត្រូវដាក់​ច្បាប់​នេះ​ជជែក​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជា​ធា​រណៈ​សិន ពីព្រោះ​នៅក្នុង​ច្បាប់​នេះ​វា​មាន​ចំណុច​ខ្លះ​ល្អ និង​ចំណុច​ខ្លះ​មានការ​រឹតត្បិត​សិទ្ធិសេរីភាព​បុគ្គល​។ លោក​អំ សំអាត ថា​ក្នុង​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ អាចមាន​ចំណុច​ពីរ ដែល​នឹង​មានការ​ចម្រូងចម្រាស់​គ្នា ពិសេស​រឿង​ហាម​បុរស​មិនឱ្យ​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន និង​ហាម​មិនឱ្យ​នារី​ស្លៀកពាក់​លេច​លើ លេច​ក្រោម​នៅតាម​ទីសាធារណៈ​ជាដើម​………

​សំឡេង​៖

​លោក​អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការហាម​ពលរដ្ឋ មិនឱ្យ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅតាម​ទីសាធារណៈ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គឺ​ដើម្បី​រក្សា​ការពារ​តម្លៃ​ប្រពៃណី និង​វប្បធម៌​ជាតិ​។ សម្រាប់​លោក​អ៊ុក គឹម​លេខ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការតាក់តែង​ច្បាប់​នេះ ក៏​មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋ​ដែរ​។ 

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។ ត្រង់​ជំពូក​ទី​៥ មាត្រា​៣៦ បាន​ចែងថា «​ហាម​ស្លៀកពាក់​ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ នៅ​ទីសាធារណៈ​ជាអាទិ៍​៖​ក​- បុរស​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ខ​-​នារី​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្ដើង​មើលឃើញ​កេរ​ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ការអនុវត្ត​កឋាខណ្ឌ​ខាងលើ​ត្រូវបាន​លើកលែង​ចំពោះតែ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី​ឬ​តំបន់ ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។​

​គួររំលឹកថា កន្លងទៅ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ធ្លាប់​ហាម​ពលរដ្ឋ​ស្លៀកពាក់​ស៊ិច​ស៊ី ជាពិសេស​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​។ លោក​សង្កត់ធ្ងន់ថា ការ​ស្លៀកពាក់​ស៊ិច​ស៊ី ដោយ​បញ្ចេញ​កេរ​ខ្មាស​នេះ វា​នាំឱ្យ​កើតមាន​ករណី​អំពើ​ចាប់រំលោភ ការជួញដូរ​ផ្លូវភេទ និង​ជួញដូរ​មនុស្ស​ជាដើម​។ ដោយឡែក​សាធារណជន​មួយចំនួន​ក៏​មិន​គាំទ្រ​ឱ្យមាន​ការ​ស្លៀកពាក់​ស៊ិច​ស៊ី ជាពិសេស​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​តែម្ដង តែង​ទទួល​នូវ​ការរិះគន់​ខ្លាំង​ពី​សំណាក់​មហាជន​៕

ព័ត៌មានផ្សេងទៀត