ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បង្កជាទឹកជំនន់នៅកូរ៉េខាងត្បូង បានបង្ខំមនុស្សជាង ១,០០០ នាក់ ចាកចេញពីផ្ទះរបស់ពួកគេ និងបណ្តាលឲ្យមនុស្សយ៉ាងតិច ១៣ នាក់ស្លាប់និងបាត់ខ្លួន ១៣ នាក់ទៀត។ នេះបើតាមអាជ្ញាធរនិយាយនៅថ្ងៃទី៤ខែសីហាឆ្នាំ២០២០។ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ ជំនន់ទឹកភ្លៀងបានជន់លិចផ្នែកខ្លះ នៃផ្លូវហាយវេនិងស្ពានសំខាន់ៗ នៅក្នុងក្រុងសេអ៊ូលផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីនគ្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានជំរុញឲ្យអាជ្ញាធរជាតិនិងតំបន់ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីការពារជីវិតមនុស្ស។
ដោយឡែក នៅក្នុងប្រទេសកូរ៉េខាងជើងវិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋព្រមានពីទឹកជំនន់ដែលអាចកើតមានដោយនិយាយថា តំបន់ខ្លះក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង។ កូរ៉េខាងជើងបានចាត់វិធានការរំដោះទឹក ដោយបានបើកទ្វារទំនប់ទឹកនៅជាប់ព្រំដែនជាមួយកូរ៉េខាងត្បូង ដោយគ្មានការជូនដំណឹងឲ្យកូរ៉េខាងត្បូងដឹងជាមុនឡើយ។ នេះបើតាមសារព័ត៌មានYonhap ដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង៕ ដោយ៖អ៊ុន សុខឡា