ចិន​នឹង​សងសឹក​បើ​អាមេរិក​បង្ខំ​​អ្នកកាសែត​ចិនឲ្យ​ចេញពី​អាមេរិក​

04-08-2020 11:53 am 526

​លោក​Hu Xijin​និពន្ធ​កាសែត​Global Times របស់​គណ​បក្សកុម្មុយនិស្ត​ចិន​និយាយថា ដោយសារតែ​ភាគី​អាមេរិក មិន​បន្ត​សុពលភាព​ទិដ្ឋាការ ដល់​អ្នកសារព័ត៌មាន​ចិន​ឡើងវិញ ដូច្នេះ​ភាគី​ចិន​បាន​ត្រៀម​សេណា​រី​យ៉ូដ៏​អាក្រក់​បំផុត នោះ​គឺ​អ្នកកាសែត​ចិន​ទាំងអស់ ត្រូវ​បង្ខំ​ចាកចេញ​ពី​សហរដ្ឋអាមេរិក​ហើយ​។ លោក​ថា​ប្រសិនបើ​ករណីនេះ​កើតឡើង​មែន ភាគី​ចិន​មិន​នៅ​ស្ងៀម​ឡើយ នឹង​ចាត់វិធានការ​សងសឹក​វិញ ហើយ​នៅ​ក្នុងនោះ អ្នកកាសែត​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង គឺជា​គោលដៅ​របស់​ចិន​។​

​ជា​ការកត់សំគាល់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បាន​ចាត់វិធានការ​សងសឹក​ដាក់គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​ជាមួយនិង​អ្នកសារព័ត៌មាន​នៃ​ប្រទេស​ទាំងសងខាង ន្ទា​ប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​ប្រកាសថា នឹង​ចាប់ផ្តើម​ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ចិន​មួយចំនួន ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​អាមេរិក ដូច​ទៅនឹង​ស្ថានទូត​បរទេស​អ៊ីចឹង​ដែរ​។ ក្រោយ​អាមេរិក​ប្រកាស​ប្រឆាំងនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បែបនេះ ធ្វើឲ្យ​ចិន​ខឹង​យ៉ាងខ្លាំង ហើយក៏​បាន​បណ្តេញ​អ្នកកាសែត​ជនជាតិ​អាមេរិក​មកពី​ស្ថាប័ន​សារព័ត៌មាន​ល្បីៗ​របស់​អាមេរិក​ចំនួន​បី រួមមាន New York Times, Wall Street Journal​និង​Washington Post​។ 

​ឆ្លើយតប​នឹង​ចិន​ដែល​បណ្តេញ​អ្នកកាសែត​របស់ខ្លួន កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០ អាមេរិក​បានដាក់​កំណត់​លើ​ទិដ្ឋាការ​របស់​អ្នកកាសែត​ចិន ឲ្យមាន​សុពលភាព​យូរ​បំផុត​ត្រឹម ៩០​ថ្ងៃ តែ​អាច​ស្នើ​ពន្យារ​បន្ថែម​បាន​។ យ៉ាងណា​ករណីនេះ​វា​ផ្ទុយ​ពី​ពេលកន្លងមក ដែល​ទិដ្ឋាការ​បែបនេះ​សម្រាប់​អ្នកកាសែត​ចិន ពុំមាន​ការដាក់កំហិត និង​ពុំ​ត្រូវ​ការពន្យារ​បន្ថែម​ឡើយ​។ រាប់​ចាប់ពី​ថ្ងៃទី​១១​ខែឧសភា​មកទល់​ដើម​ខែសីហា​នេះ ជិត​ដល់ពេល​កំណត់​ហើយ អាមេរិក​នៅ​មិនទាន់​ផ្តល់​ការបន្ត​សុពលភាព​ទិដ្ឋាការ​ដល់​អ្នកកាសែត​ចិន ដែល​កំពុង​បម្រើ​ការងារ​នៅ​អាមេរិក​នៅឡើយ​ទេ​។ ដូច្នេះ​ទើបបានជា​និពន្ធ​កាសែត​Global Times របស់​គណ​បក្សកុម្មុយនិស្ត​ចិន​ព្រួយបារម្ភ​និង​គំរាម​សងសឹក​។ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​អ្នកកាសែត​ចិន​ប៉ុន្មាន​នាក់ បាន​រង​ផលប៉ះពាល់ ឬ​ចំនួន​ប៉ុន្មាន​អាច​នឹងត្រូវ​បង្ខំ​ចាកចេញ​ពី​អាមេរិក ប្រសិនបើ​ទិដ្ឋាការ​របស់​ពួកគេ​មិន​ត្រូវបាន​ពន្យារពេល​បន្ថែម​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកចិនអ្នកកាសែត

ព័ត៌មានផ្សេងទៀត