លោក​ត្រាំ​ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ក្រុម​ហ៊ុនចិន ចរចា​លក់​កម្មវិធី​TikTok​ឲ្យ​អាមេរិក​

03-08-2020 1:00 pm 435

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​មានចិត្ត​ទើស​ទាស់​នឹង​កម្មវិធី TikTok របស់​ចិន​ខ្លាំងណាស់ ហើយ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា លោក​គ្រោង​ចេញ​បទបញ្ជា​ពិសេស ហាម​មិនឲ្យ​ប្រើប្រាស់​កម្មវិធី​នេះនៅ​អាមេរិក​តទៅទៀត​។ មូលហេតុ​ដោយសារ​បារម្ភ​ថា ចិន​ប្រើប្រាស់​កម្មវិធី TikTok ដើម្បី​ប្រមូលយក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក ខណៈ​មតិ​ខ្លះ​លើកឡើងថា កម្មវិធី TikTok​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ 

​ដំបូង​លោក​ត្រាំ​មិន​គាំទ្រ​គំនិត ប្តូរ​ពី​ការបិទ​លែងឲ្យ​ប្រើប្រាស់​កម្មវិធី​TikTok មកជា​ការទិញ​កម្មវិធី​នេះ មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ​ទេ​។ ប៉ុន្តែ​ក្រោយ​ជួបពិភាក្សា​ជាមួយ​លោក​Satya Nadella នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Microsoft លោក​ត្រាំ​ស្រាប់តែ​ផ្លាស់ប្តូរ​ចិត្ត​ភ្លាម ហើយ​យល់ព្រម​ផ្តល់​ពេលវេលា​៤៥​ថ្ងៃ ដល់​ម្ចាស់​ក្រុមហ៊ុន​ByteDance​របស់​ចិន នៅក្នុង​ការចរចា​លក់​កម្មវិធី ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ឲ្យទៅ​ក្រុមហ៊ុន​Microsoft​។ ភ្លាមៗ​គេ​មិន​បានដឹង​ពី​មូលហេតុ ដែល​ធ្វើឲ្យ​លោ​កត្រាំផ្លាស់ប្តូរ​ចិត្តទិញ​កម្មវិធី​TikTok​នោះទេ​។​

​ក្រុមហ៊ុន​ប្តេជ្ញា​យក​TikTok​មក​គ្រប់គ្រង ដើម្បី​ត្រួតពិនិត្យ​សន្តិសុខ​ឲ្យបាន​ពេញលេញ​ឡើងវិញ និង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សមស្រប​ដល់​អាមេរិក រួមទាំង​រតនាគា​រស​ហ​រដ្ឋ​អាមេរិក​ផងដែរ​។ ក្រុមហ៊ុន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃអាទិត្យ​ថា នឹង​បន្ត​ការចរចា​ទិញ​កម្មវិធី​TikTok ពី ក្រុមហ៊ុន​ByteDance ហើយ​មាន​គោលបំណង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ខាងមុខ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន Microsoft ហ៊ាន​ចំណាយ​ប្រាក់​ប៉ុន្មាន ដើម្បី​ទិញ​កម្មវិធី​TikTok​នោះទេ​។ តែបើ​ផ្អែក​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័យ រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា យោងទៅតាម​ការវាយតម្លៃ​ដែល​រំពឹងទុក កម្មវិធី​មួយ​នេះ​មានតម្លៃ​លើសពី ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ 

​យ៉ាងណាក៏ដោយ មកទល់ពេលនេះ ទាំង​ខាង​ក្រុមហ៊ុន​Microsoft​និង​ក្រុមហ៊ុន​ByteDance មិនទាន់​បញ្ជាក់​ដោយផ្ទាល់​នៅឡើយ​ទេ​។ 

​គួរ​ជម្រាបជូន​ថា Tik Tok​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ByteDance​របស់​ចិន​នៅ​ឆ្នាំ​២០១២​។ កម្មវិធី​កម្សាន្ត​សប្បាយ​មួយ​នេះ បាន​ទាក់ទាញ​ការគាំទ្រ​យ៉ាងខ្លាំង ពី​មនុស្ស​គ្រប់​វ័យ​នៅ​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន អ្នកប្រើប្រាស់​កម្មវិធី​Tik Tok​សកម្ម​ប្រចាំខែ មាន​ចំនួន​ប្រមាណ​៨០០​លាន​នាក់ ហើយ​អ្នកប្រើប្រាស់​ភាគច្រើន​នៅ​អាមេរិក​និង​ឥណ្ឌា​។ Tik Tok មិនមែនជា​កម្មវិធី​ដំបូង​ដែល​អាមេរិក​ចាត់ទុកថា​គំរាមកំហែង​ដល់​ទិន្នន័យ​ឯកជន ជាពិសេស​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​យោធា​និង​អ្នកស៊ើប​ការណ៍សម្ងាត់​របស់​អាមេរិក​នោះទេ ហើយក៏​មិនមែនជា​កម្មវិធី​ទីមួយ ដែល​អាមេរិក​ប៉ង​ទិញ​ពី​ចិន​ដែរ​។ តួយ៉ាង កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​អាមេរិក បាន​ចរចា​ទិញ​កម្មវិធី​Grindr ជា​ប្រភេទ​កម្មវិធី​ទំនាក់ទំនង​សម្រាប់​បុរស​ភេទ​ទី​៣​ពី​ក្រុមហ៊ុន​Beijing Kunlun Tech​របស់​ចិន​ផងដែរ ក្នុងតម្លៃ​៨០៦​លាន​ដុល្លារ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត