UN៖​​កូរ៉េខាងជើង​​កំពុង​បន្ដ​​អភិវឌ្ឍ​កម្មវិធី​​នុយក្លែអ៊ែ​រ​

02-08-2020 11:40 am 402

​តាម​របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ឲ្យដឹងថា កូរ៉េខាងជើង​កំពុង​បន្ដ​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ ស្ថិតក្រោម​មូលនិធិ​ទទួលបាន​ពី​ការ​អនុវត្ដ​ដោយ​ខុសច្បាប់ នៃ​ការផ្ទេរ​ទំនិញ​តាម​កប៉ាល់​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ នៅក្នុង​របាយការណ៍​បញ្ជាក់​ឲ្យដឹងទៀតថា កូរ៉េខាងជើង​បានបញ្ជាក់​ជាថ្មី​ពី​ការប្ដេជ្ញាចិត្ដ​របស់ខ្លួ​ន ក្នុង​ការរក្សា​និង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​។​

​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​បួន​លើក​ក្នុង​ខែ​មីនា ហើយ​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សមត្ថភាព​សម្រាប់​កម្មវិធី​មី​ស៊ី​ល​ផ្លោង​។ នៅក្នុង​ខែមីនា កូរ៉េខាងជើង​បាន​បន្ដ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ គឺ​ការនាំចេញ​ធ្យូងថ្ម​ដោយ​ខុសច្បាប់​នៅតាម​សមុទ្រ​។ កូរ៉េខាងជើង​បាន​ចែកចាយ​ធ្យូងថ្ម​ជាទំនិ​ញ​ស្ថិតក្រោម​ការហាមឃាត់ ហើយ​លួច​នាំចូល​ប្រេង​តាមរយៈ​ការផ្ទេរ​ពី​នាវា​ទៅ​នាវា​នៅក្នុង​សមុទ្រ ផ្គើន​កាន់តែខ្លាំង​នឹង​បម្រាម​របស់​អង្គការសហប្រជាជាតិ​។ កូរ៉េខាងជើង​បាន​បន្ដ​រក​ប្រាក់ចំណូល​ពី​សកម្ម​ភាព​ផ្ទេរ​ទំនិញ​នៅតាម​សមុទ្រ​ដោយ​គ្មាន​រអែង នេះ​បើតាម​ការអះអាង​នៅក្នុង​របាយការណ៍​។​

​នៅក្នុង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ក្រៅពី​ការហាមឃាត់​ការនាំចេញ​នាំចូល​ទំនិញ​សំខាន់ៗ​មួយចំនួន សេចក្ដីសម្រេច​ក៏​តម្រូវឲ្យ​ប្រទេសជា​សមាជិក​ទាំង​អស់ ធ្វើ​មាតុភូមិនិវត្ដន៍​ពល​ក​រ​កូរ៉េខាងជើង​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​របស់​ពួកគេ ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​នៅត្រឹម​ខែធ្នូ​ឆ្នាំមុន​។ ធ្វើ​ដូច្នេះ​ក្នុង​ចេតនា​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ កូរ៉េខាងជើង​ប្រើ​សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​។ ប៉ុន្ដែ​ក្រោយ​ដល់ពេល​កំណត់​នៃ​ការធ្វើ​មាតុភូមិនិវត្ដន៍ ជនជាតិ​កូរ៉េខាងជើង​នៅតែ​អាច​បន្ដ​រក​ប្រាក់ចំណូល​ពី​បរទេស​បាន តាមរយៈ​ជា​អ្នក​កីឡា ជា​អ្នកជំនាញ​វេជ្ជសាស្ដ្រ  ធ្វើការ​នៅតាម​រោងចក្រ ភោជនីយដ្ឋាន និង​កម្មករ​សាងសង់​។ 

​គណៈកម្មកាធិកា​រទណ្ឌ​កម្ម​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ដែល​បាន​រាយការណ៍​នៅពេលនេះ​។ គណៈកម្មាធិការ​គ្រោង​នឹង​ជំរុញ​ឲ្យ​រដ្ឋជា​សមាជិក​ទាំងអ​ស់ ត្រូវ​អនុវត្ដឲ្យ​បាន​ពេញលេ​ញ​ទៅតាម​សេចក្ដីសម្រេច​ស្ដីពី​ទណ្ឌកម្ម ដែល​ឯកភាព​ដាក់​លើ​កូរ៉េខាងជើង​កន្លងមក ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត