លោក​ហ៊ុន សែន​៖ពលរដ្ឋ​ទាំងអស់កុំធ្វេសប្រហែស​ចំពោះកូ​វីដ​១៩​ឲ្យសោះ

02-08-2020 10:07 am 237

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​០២​ខែ​សីហា​នេះ បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩ ឲ្យសោះ ខណៈ​ដែល​ករណី​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា តាមរយៈ​ប្រជាពលរដ្ឋ និង​ជនបរទេស​ដែល​ធ្វើដំណើរ​ចូលមក​កម្ពុជា​។​

​ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩​ឲ្យសោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​។ លោក​បន្តថា តាម​ការសង្កេត​មើល​ពេលនេះ គឺ​ឃើញថា​ចំនួន​អ្នក​ពាក់​ម៉ាស​កាន់តែ​តិច​ទៅៗ ហើយ​មាន​ការធ្វេសប្រហែស​ទៀត​ផង​។​

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​សម្លាប់​មេរោគ ឬ​ទឹក​អាល់​កុល ហើយ​ប្រើប្រាស់​ម៉ាស​ឲ្យបាន​ជាប្រ​ចាំបើ​ចាំបាច់​។ គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ទាំងអស់​គ្នា​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​០២ ខែ​សីហា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​មាន​ជំងឺ​កូវី​ដ​១៩ សរុប​ចំនួន​២៤០​នាក់ ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​១៩៦​នាក់ ដែល​ស្មើនឹង ៨១,៦៧% នៃ​អ្នកជំងឺ​កូវី​ដ​១៩ សរុប និង​៤២​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកូវីដ១៩

ព័ត៌មានផ្សេងទៀត