វៀតណាម​បញ្ជាក់​ករណី​ស្លាប់​ដោយសារកូ​វីដ​១៩​ជា​លើកដំបូង​

01-08-2020 1:27 pm 289

អ្នកជំងឺ​២​នាក់​បាន​ស្លាប់ ដោយសារតែ​វីរុស​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​។ អ្នកជំងឺ​ដែល​ស្លាប់​ទី​១ ជា​បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ និង​ទី​២​ជា​បុរស​អាយុ​៦១​ឆ្នាំ ដែល​សុទ្ធតែ​បាន​ឆ្លង​វីរុស​កូវី​ដ​-១៩​ពី​ទីក្រុង​ដា​ណា​ង​។ នេះ​ជា​ករណី​ស្លាប់​ដោយសារតែ​វីរុស​កូវី​ដ​-១៩ លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​។ យ៉ាងណា បើតាម​ការចុះផ្សាយ​ដោយ​គេហៈទំព័រ ធ្វើ​បច្ចុប្បន្នភាព​វីរុស​កូវី​ដ​-១៩​ប្រចាំថ្ងៃ worldometers នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២០​នេះ បញ្ជាក់ថា ករណី​ស្លាប់​ដោយសារតែ​កូវី​ដ​-១៩​នៅ​វៀតណាម បាន​កើនឡើង​ដល់​៣​នាក់​ហើយ​។​

​ទន្ទឹមនឹង​មាន​ករណី​ស្លាប់ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃទី​១ ខែសីហា​ឆ្នាំ​២០២០ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១២ បន្ថែមទៀត​ក្នុង​តំបន់ ដែល​សុទ្ធតែ​ជាប់ទាក់ទង​នឹង​ការផ្ទុះ​ថ្មីៗ​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ ក្រសួងសុខាភិបាល​វៀត​ណា​ម​និយាយថា អ្នកជំងឺ​ថ្មីៗ​ទាំងនេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ដា​ណា​ង​ផ្ទាល់​តែម្តង​។ ចាប់តាំងពី​វៀតណាម ប្រកាស​រកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី នៅ​ថ្ងៃទី​២៥​ខែកក្កដា​មក មាន​មនុស្ស​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩ ជា​បន្តបន្ទាប់​ចំនួន​១១៦​នាក់​ហើយ​។ ប៉ុន្តែ​តួលេខ​ឆ្លង​សរុប បាន​កើនឡើង​ដល់​៥៥៨​នាក់ នៅ​ក្នុងនោះ ព្យាបាល​ជាសះស្បើយ​ចំនួន​៣៧៣​នាក់​។ 

​លោក​នាយករដ្ឋមន្ត្រី​វៀតណាម​Nguyen Xuan Phuc និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រលក​នៃ​ការឆ្លង​បច្ចុប្បន្ន គឺ​ខុសគ្នា​ទៅនឹង​រលក​ទី​ពីរ ដែល​ប្រទេស​វៀតណាម​បាន​ប្រយុទ្ធប្រឆាំង កាលពី​ខែមីនា​កន្លងទៅ ហើយ​គ្រប់​ខេត្ត - ក្រុង​នៅ​ក្នុងប្រទេស គឺមាន​គ្រោះថ្នាក់​។ លោក​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា មណ្ឌល​ទេសចរណ៍​នៅ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​ថា ដា​ណា​ង​ត្រូវតែ​ស្ថិតនៅក្រោម ការបិទទ្វារ​យ៉ាង​តឹងរ៉ឹង​។ កាលពី​ល្ងាច​ថ្ងៃ​សុក្រ អាជ្ញាធរ​ទីក្រុង​ហាណូយ​និយាយថា ភោជនីយដ្ឋាន​និង​ផ្សារ​ទំនើប​នៅតែ​បើកទ្វារ​ធម្មតា ប៉ុន្តែ​ត្រូវអនុវត្ត​វិធានការ​គម្លាត​សង្គម​។​

​គួរ​ជម្រាបជូន​ថា វៀតណាម​បានប្រកាស​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ដំបូង នៅក្នុង​ខែមករា​ឆ្នាំ​២០២០​។ វៀតណាម​បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ដោយ​ជោគជ័យ ពុំមាន​ការឆ្លង​ក្នុង​សហគមន៍​ឡើយ មានតែ​ករណី​នាំចូល​ប៉ុណ្ណោះ ចាប់តាំងពី​ខែមេសា​មក​។ ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃ​សៅរ៍​ទី​២៥​ខែកក្កដា​ឆ្នាំ​២០២០ វៀតណាម​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង​។ ពូជ​វីរុស​កូវី​ដ​-១៩​បាននិងកំពុង​តែ​ពង្រីក​ការចម្លង​ទៅ​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក មិនមែន​តែ​ប្រទេស​វៀតណាម​ទេ​។ មេរោគ​ថ្មី​មួយ​នេះ បាន​ចូលមក​អង្រូន​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៩ ដែល​លេចចេញ​ដំបូង​នៅក្នុង​ប្រទេស​ចិន​។ សរុប​ការឆ្លង​នៅក្នុង​ពិភពលោក កើនឡើង​ដល់​ជាង​១៧​លាន​៧​សែន​នាក់ ស្លាប់​ជាង​៦៨​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង​១១​លាន​នាក់ ខណៈ​អ្នកជំងឺ​កំពុងតែ​សម្រាក​ព្យាបាល ជិត​៦​លាន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វៀតណាមកូវីដ១៩

ព័ត៌មានផ្សេងទៀត