ហុងកុង​ប្រកាស​ពន្យារពេល​បោះឆ្នោត​ដោយសារកូ​វីដ​១៩

01-08-2020 12:30 pm 247
​លោកស្រីខា​រី​ ឡា​ម

​មេដឹកនាំ​ហុងកុង​លោកស្រីខា​រី​ ឡា​ម​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០ បានប្រកាស​ពី​ការពន្យារពេល​បោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ៦ ខែកញ្ញា​ឆ្នាំ​២០២០ ទៅធ្វើ​នៅ​ថ្ងៃទី ៥ ខែកញ្ញា​ឆ្នាំ​២០២១​វិញ​។ លោកស្រី​និយាយថា មូលហេតុ​នៃ​ការពន្យារពេល​រៀបចំ​ការបោះឆ្នោត​នេះ ដើម្បី​ការពារ​សុខភាព​ប្រជាជន ពី​ការឆ្លង​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩​។​

​ការសម្រេច​របស់​រដ្ឋាភិបាល​ហុងកុង ក៏​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាលកណ្តាល​ក្រុង​ប៉េកាំង​ផងដែរ​។ ប៉ុន្តែ​ក្រុមប្រឆាំង​បាន​ចោទប្រកាន់ថា បាន​ប្រើប្រាស់​ការ​រាតត្បាត​ជា​លេស ដើម្បី​ពន្យារពេល​បោះឆ្នោត​ប៉ុណ្ណោះ ខណៈ​សេត​វិមាន​និយាយថា ការធ្វើ​បែបនេះ​នឹង​ធ្វើឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​។ លោកស្រី​Sophie Richardson នាយក​អង្គការ Human Rights Watch​ប្រចាំ​នៅ​ចិន​និយាយថា ការពន្យារពេល​ការបោះឆ្នោត​រយៈពេល​មួយឆ្នាំ​គត់​នេះ គឺជា​សកម្មភាព​មួយ​ដើម្បី​ទប់​ទល់នឹង​ភាពអាសន្ន​ផ្នែក​នយោបាយ មិនមែន​ដោយសារតែ​បញ្ហា​សុខភាព​សាធារណៈ​ទេ​។​

​គួរ​ជម្រាបជូន​ដែរថា ពេលនេះ​នៅ​ហុងកុង​មាន​មនុស្ស​ជាង​៣,០០០​នាក់​ឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​នោះ​ស្លាប់​អស់​២៧​នាក់ និង​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​១,៧៥១ ខណៈ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​១,៤៩៥​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត