ប៉ូលិស​ហុងកុង​បញ្ជា​ឲ្យ​ចាប់ខ្លួ​នសកម្មជន​៦​នាក់​ដែល​និរទេស​ខ្លួន​ក្រៅប្រទេស​

01-08-2020 11:49 am 113

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន រាយការណ៍​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​ថា សកម្មជន​ចំនួន​៦​នាក់ ដែលជា​មុខព្រួញ​របស់​ប៉ូលិស​ហុងកុង​រួមមាន លោក Simon Cheng អតីត​បុគ្គលិក​បម្រើកា​រងារ​នៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​ប្រចាំ​ទីក្រុង​ហុងកុង និង​ទើបតែ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អង់គ្លេស​, លោក Samuel Chu​ពលរដ្ឋ​អាមេរិក​, សកម្មជន​វ័យក្មេង​ដ៏​លេចធ្លោ​ម្នាក់​ឈ្មោះ Nathan Law អាយុ ២៧​ឆ្នាំ ដែល​ទើបតែ​ភៀសខ្លួន​ពី​ហុងកុង​ទៅ​ប្រទេស​អង់គ្លេស​, លោក​Lau Hong អាយុ​១៨​ឆ្នាំ កំពុង​រស់នៅ​អង់គ្លេស​, លោក​Ray Wong សកម្មជន​គាំទ្រ​ឯករាជ្យ​ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៧ ហើយ​ឥឡូវ​កំពុងតែ​ស្ថិតនៅ​ក្នុងប្រទេស​អង់គ្លេស និង​លោក Wayne Chan​សកម្មជន​គាំទ្រ​ឯករាជ្យ​មួយរូប​ទៀត ដែល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​ដ៏​អាថ៌កំបាំង​មួយ​។​

​បណ្តាញ​ទូរទស្សន៍​រដ្ឋ​CCTV និយាយថា​មនុស្ស​៦​នាក់​នេះ ត្រូវបាន​គេ​សង្ស័យ​ពីបទ​ញុះញង់​បំបែកបំបាក់ ឬ​ឃុបឃិត​ជាមួយ​កម្លាំង​បរទេស រំលោភច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ចិន​ទើប​ដាក់ឲ្យ​អនុវត្តនៅ​ហុងកុង​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​។ បទឧក្រិដ្ឋ​ទាំងពីរ​នេះ អាច​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគា​ររហូត​អស់​មួយជីវិត ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​។ ទូរទស្សន៍​រដ្ឋ​ចិន​បាន​ហៅ​មនុស្ស​ទាំង​៦​នាក់​នោះ​ថា ជា​អ្នក​ប​បង្កបញ្ហា​ធំ​។ ពាក់ព័ន្ធ​នឹង​ការតាមប្រមាញ់ សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​នេះ ប៉ូលិស​នៅ​ហុងកុង​បដិសេធ​មិន​អត្ថាធិប្បាយ​ឡើយ​។​

​យ៉ាងណាក៏ដោយ ប៉ូលិស​ហុងកុង​ប្រហែល​មិនអាច​ចាប់បញ្ជូន​ខ្លួន សកម្មជន​ទាំង​៦​នាក់​នោះមក​ហុងកុង​បានទេ ដ្បិត​ប្រទេស​ដែល​ពួកគេ​កំពុងតែ​ជ្រកកោន ភាគច្រើន​គឺ​ប្រទេស​អង់គ្លេស ហើយ​ប្រទេស​អតីត​អាណានិគម​លើ​ហុងកុង​មួយ​នេះ បាន​ព្យួរ​សន្ធិសញ្ញា ស្តីពី ការធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង មុន​ការប្រកាស​ចាប់ខ្លួន​ក្រុម​សកម្មជន​ទាំងនោះ​។ ក្រៅពី​អង់គ្លេស មានដូចជា អូស្ត្រាលី កាណាដា ណូវែល​សេ​ឡង់ ក៏​សម្រេច​ព្យួរ​សន្ធិសញ្ញា ស្តីពី ការធ្វើ​បត្យាប័ន​ជាមួយ​ហុងកុង​ដែរ ហើយ​អាល្លឺម៉ង់​ជា​ប្រទេស​ថ្មី​មួយទៀត ដែល​ទើបតែ​សម្រេច​ព្យួ​សន្ធិសញ្ញា​នេះ ជាមួយ​ហុងកុង​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០២០​។ នៅក្រោម​កិច្ចព្រមព្រៀង​បត្យាប័ន​នេះ ប្រទេស​ជា​សមាជិក​អាច​បញ្ជូន​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ដោយ​ផ្អែក​ទៅតាម​ការស្នើសុំ​របស់​ប្រទេស​សាមី​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត