​លោក​ស ខេង​​បញ្ជា​ឲ្យ​រឹតបន្តឹង​ច្បាប់​​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​​

01-08-2020 10:58 am 331

​ក្រោយពី​ប្រទេស​វៀតណាម​ផ្ទុះ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ នៅតាម​សហគមន៍​កើតឡើង​ថ្មីៗ​នេះ លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់ ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់ នៃ​ការឆ្លង​រាតត្បាត​ជំងឺ​វីដ​១៩​។

​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​លិខិត​បាន​ប្រាប់​ឱ្យ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ទាំងអស់ ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​វីដ​១៩ នៅ​កម្ពុជា​។ លិខិត​ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ លោក​ស ខេង បាន​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​នៅ​តំបន់ ខ្លះ​នៃ​ប្រទេស​វៀតណាម មាន​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូរី​ដ​១៩ ហើយ​អាជ្ញាធរ​វៀតណាម បាននិងកំពុង​ចាត់វិធានការ​បិទ​ការចេញចូល​នៅ​តំបន់​ដែលមាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នេះ​ផងដែរ​។ 

​ក្នុង​ស្មារតី​នេះ ដើម្បី​ចូល​រួមសហការ​ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា លោក​ស ខេង សូម​ណែនាំ​ដល់​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ដូចខាងក្រោម​៖

-​ត្រូវ​ណែនាំ​ដល់​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារព្រំដែន ឱ្យ​ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ មធ្យោបាយ​ដឹកជញ្ជូន និង​អ្នកដំណើរ ដែល​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​- វៀតណាម ស្របតាម​វិធាន​ចត្តា​ឡី​ស័ក ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ត់ចត់​បំផុត​។​

-​ត្រូវ​ចាត់វិធានការ​ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំឱ្យ​មានការ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់ ចេញចូល​ឆ្លងកាត់​ព្រំដែន តាម​ច្រករបៀង​នានា ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​។​

-​បន្ត​ជំរុញ​ការអប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន ស្របតាម​ការណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​កុំឱ្យ​មាន​វីរុស​កូវី​ដ​១៩​ឆ្លង​មកលើ​បុគ្គល​និង​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា វៀតណាម​មិនបាន​រកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ឡើយ ចាប់តាំងពី​ខែមេសា​មក ដោយ​ករណី​ឆ្លង​ដែល​រកឃើញ​ចន្លោះពេល​១០០​ថ្ងៃ​កន្លងមកនេះ សុទ្ធតែជា​ករណី​នាំចូល​។ ប៉ុន្តែ​ទើបតែ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ប៉ុណ្ណោះ វៀតណាម​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង​។ សរុប​ចាប់តាំងពី​វៀតណាម ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន មាន​មនុស្ស​៩៣​នាក់​ហើយ ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩៕

ព័ត៌មានផ្សេងទៀត