កម្ពុជា​​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ចំនួន​៥​នាក់​បន្ថែមទៀត​​

01-08-2020 8:50 am 595

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​,
​កូវី​ដ​-១៩ ថ្មី​ចំនួន​០៥​នាក់​បន្ថែមទៀត ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​។ អ្នក​ទាំង​០៥​នាក់​ដែល​ទើប​ឃើញ​នេះ មាន​ម្នាក់​ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី និង​៤​នាក់​ទៀត​ជា​បុរស​ជនជាតិខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​។​

​នៅក្នុង​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា អ្នកជំងឺ​ទាំង​០៥​នាក់​ដែល​ទើប​រកឃើញ​នោះ រួមមាន​៖ បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ ១៨​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​២​មិត្តភាព ខេត្ត​ព្រះសីហនុ ទទួលបាន​លទ្ធ ផល​តេស្ត​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​មកដល់​កម្ពុជា​កា​លពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។ 

​ម្នាក់ទៀត​ជា​បុរស​ជនជាតិខ្មែ​រដែរ មាន​អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​បន្ទាយ​ព្រៃ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ម្នាក់ទៀត​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣០​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត​អាយុ ២៥​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ម្នាក់ទៀត​ជា បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រ​កបរ​កែវ ខេត្ត​រតនគិរី​។​

​បុរស​ទាំង​០៤​នាក់​ខាងលើនេះ មាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ពួកគាត់​ទាំង​០៤​នាក់ ជា​អ្នក​បាន​ធ្វើដំណើរ​ពី​ប្រទេស​ប៉ា​គី​ស្ថាន បន្ត​ជើងយន្តហោះ​ហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ សរុប​២៣៩​នាក់ (​ស្ត្រី​៤៦​នាក់ និង​បុរស ១៩៣​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១៦៤​នាក់ (​ស្រី​៤២​នាក់ និង​បុរស​១២២​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​២​នាក់​៕

ព័ត៌មានផ្សេងទៀត