អង្គការ​WWF កម្ពុជា កោតសរសើរ​និង​គោរព​ចំពោះ​ការលះបង់​របស់​ឧទ្យានុ​រក្ស​

31-07-2020 4:23 pm 532

​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​«​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក »​។​នៅ​ក្នុង​ថ្ងៃនេះ​ដែរ អង្គការ​WWF កម្ពុជា ក៏​បាន​ចេញ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​បង្ហាញ​ពី​ការគោរព និង​កោតសរសើរ ចំពោះ​ការប្តេជ្ញាចិត្ត និង​ការលះបង់​ខ្ពស់​របស់​ឧទ្យា​នុរ​ក្សទាំង​អស់ ក្នុង​ការការពា​រធន​ធាន​សត្វព្រៃ និង​ជម្រក​ធម្មជាតិ​ជាដើម​។​

​នៅក្នុង​ថ្ងៃ​«​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក »​នេះដែរ លោក​សេង ទៀក នាយក​អង្គការ​WWF កម្ពុជា បានបញ្ជាក់​ថា អង្គការ​WWF សូម​អរគុណ​ដោយ​ក្តី​គោរព​ដល់​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់ ដែល​បាន​ពុះពារ ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ​ខ្ពស់​គ្រប់យ៉ាង ដើម្បី​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ជា​ប្រចាំ​ថ្ងៃ​នៅ​សមរភូមិ​មុខ​នៃ​ការអភិរក្ស និង​កោតសរសើរ​ចំពោះ​ការលះបង់ ព្រមទាំង​ការលះបង់​និង​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ឧទ្យា​នុរ​ក្សទាំង​អស់ ក្នុង​ការថែរក្សា​និង​ការពារ​ធនធាន​សត្វព្រៃ ទីជម្រក​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី​និង​ទន្លេ​ដែល​មនុស្ស​តែងតែ​ពឹង​អាស្រ័យ​សម្រាប់​ជីវិត​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់ បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ ប៉ុន្តែ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ហានិភ័យ ស្ថានភាព​លំបាក និង​ប្រឈម​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​ចៃដន្យ​ដូចជា​៖​ទឹកជំនន់ អគ្គីភ័យ ជំងឺ ឬ​សត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់ នឹង​អាច​ក្លាយជា​គោលដៅ​របស់​ជនល្មើស​នៅពេល​ដែល​ចុះ​អនុវត្ត​ច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដែល​រួមមាន​ទាំង​ការ​បរបាញ់​សត្វព្រៃ ការកាប់​ព្រៃ និង​នេសាទ​ខុសច្បាប់​។​

​ចំណែក​លោក​James Peter Lourens ទីប្រឹក្សា​បច្ចេកទេស​សម្រាប់​ការអនុវត្ត​ច្បាប់​នៃ​អង្គការ​WWF បាន​លើកឡើង​ថា តួនាទី​ជា​ឧទ្យានុ​រក្ស គឺជា​កាតព្វកិច្ច​មួយ​ដែល​មិន​ងាយស្រួល​នោះទេ ហើយ​ជារឿយៗ​ត្រូវ​បំពេញ​ការងារ ក្នុងស្ថានភាព​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​អាយុជីវិត ។​ប៉ុន្តែ​ដោយសារ​តែ​ចំណូលចិត្ត និង​ការស្រឡាញ់​ធម្មជាតិ ឧទ្យានុ​រ​ក្ស​ទាំងអស់ បាន​បង្ហាញ​ភាព​តស៊ូ​អត់ធ្មត់ ពុះពារ​ការលំបាក និង​ហានិភ័យ​គ្រប់យ៉ាង ដើម្បី​បំពេញ​ភារកិច្ច​ថែរក្សា​និង​ការពារ​សត្វព្រៃ​សំខាន់ៗ​ព្រមទាំង​ទីជម្រក​ធម្មជាតិ​របស់​សត្វ​ទាំងនេះ​ឱ្យ​ស្ថិតនៅ​គង់វង្ស​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ចំពោះ​គោលបំណង​នៃ​ការ​ប្រារព្ធ​«​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក »​នេះ​គឺ​ដើម្បី​ផ្តល់​គុណ​តម្លៃ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧទ្យានុ​រក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៅ​កម្ពុជា អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧទ្យានុ​រ​ក្ស​ក្នុង​ការថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកប​ដោយ​សេចក្តី​អង់អាច​ក្លាហាន និង​ជំរុញ​លើកទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយនឹង​មន្ត្រី​ឧទ្យានុ​រក្ស ដើម្បី​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។​

​សូម​បញ្ជាក់​ដែរ​ថា «​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក​» បាន​ប្រារព្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយ​កំណត់​យក​ថ្ងៃទី​៣១ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។​ការចាប់ផ្តើម​ប្រារព្ធ​«​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក​»​លើកដំបូង ត្រូវបាន​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​១៥ នៃ​ការបង្កើត​សហព័ន្ធ​ឧទ្យានុ​រក្សអ​ន្ត​រ​ជាតិ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧ ហើយ​សម្រាប់​ប្រទេស​កម្ពុជា ក្រសួង​បរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​ឡើង​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧ ដោយ​មាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​និង​អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍​មូលដ្ឋាន សាធារណជន និង​ស្ថាប័នឯកជន នានា​យ៉ាងច្រើន​៕
(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត