រដ្ឋាភិបាល​សម្រេច​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​ដោយសារកូ​វីដ​១៩​

31-07-2020 4:20 pm 130

​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​៣១​ខែកក្កដា​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដី​ពី​សេចក្ដីណែនាំ​អំពី​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ជាតិ នៅក្នុង​បរិការណ៍​នៃ​វិបត្តិ និង​ការស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ (​ជុំ​ទី​៥)​។ 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានឲ្យដឹងថា នៅ​ក្នុងអំឡុងពេល​ដែល​ជំងឺ​កូវី​ដ​-១៩​នៅ​បន្ត​មាន​វត្តមាន និង​បង្ក​នូវ​ផល​ប៉ះពាល់ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៤​ជុំ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​រក្សា​លំនឹង​អាជីវកម្ម​-​ធុរកិច្ច ក្នុង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ 

​សេចក្តីប្រកាស​បាន​បញ្ជាក់​ទៀតថា ប្រជាជន​ទូទៅ​ក៏ដូចជា​ធុរជន​បាន​នឹង​កំពុង​ផ្លាស់​ប្តូរ​ទម្លាប់ និង​ឥរិយាបទ​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយ​សម្រេចចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ នៅតាម​បណ្ដា​ខេត្ត​-​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស និង​ចាប់ផ្តើម​ប្រកប​របរ​ចិញ្ចឹមជីវិត និង​បំពេញ​សកម្មភាព​អាជីវកម្ម​-​ធុរកិច្ច​ជា​បណ្តើរៗ​ឡើងវិញ ។ ទោះជា​យ៉ាងនេះ​ក្ដី​, វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​រួមមាន​៖ វិស័យ​កាត់ដេរ​-​វាយ​ន​ភ​ណ្ឌ​, វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ជាដើម នៅតែ​មិន​ទាន់​អាច​ងើប និង​រក្សា​លំនឹង​ឡើងវិញ​បាន​ពេញលេញ​នៅឡើយ​ទេ​។ ជាមួយគ្នានេះដែរ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មួយចំនួន​ធំ​ក៏​កំពុង​បន្ត​ប្រឈម​នឹង​បញ្ហាលំបាក​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

​ដូច្នេះ​រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​៥ ក្នុង​គោលបំណង (១). បន្ត​ជួយ​ស្ដារ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម​-​ធុរកិច្ច ឲ្យ​ងើប​ឡើងវិញ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ និង (២). បន្ត​ជួយ​សម្រាល​បន្ទុក​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​។​

​វិធានការ​ជុំ​ទី​៥ ដែល​ត្រូវបាន​រៀបចំឡើង ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រប់​អង្គ​ពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ១៖ វិធាន​ការបន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភ​ណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍​, ២៖ វិធាន​ការបន្ត​ជួយ​វិស័យ​អាកាសចរណ៍ ដោយ​បន្ត​លើកលែង​ការបង់ពន្ធ​អប្បបរមា (Minimum Tax) សម្រាប់​រយៈពេល ០២ ខែ​បន្តទៀត ចាប់ពី​ខែ សីហា ដល់​ខែ កញ្ញា ឆ្នាំ ២០២០ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា និង​៣៖​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូវី​ដ​-១៩ សម្រាប់​រយៈពេល ០២ ខែ​ទៀត គឺ​ខែ សីហា និង​ខែកញ្ញា ឆ្នាំ ២០២០៕

​ដោយ​៖ សៅ វិសាល​

 ពាក្យគន្លឹះ  រដ្ឋាភិបាលកូវីដ១៩

ព័ត៌មានផ្សេងទៀត