វៀតណាម​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​

31-07-2020 4:03 pm 228

​ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​សុក្រ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី នៃ​វីរុស​កូវី​ដ​១៩​ចំនួន​៤៥​ករណី​បន្ថែមទៀត​។ នេះ​ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត មិន​ធ្លាប់​ជួបប្រទះ​ឡើយ នៅក្នុង​ប្រទេស​វៀតណាម ចាប់តាំងពី​រកឃើញ​ក​រ​ណី​ឆ្លង​ដំបូង​ក្នុងប្រទេស​នេះ កាលពី​ខែមករា​ឆ្នាំ​២០២០​។ ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​នេះ សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ថ្មីៗ​នៅក្នុង​ទីក្រុង​ដា​ណា​ង​។

​ក្រសួងសុខាភិបាល​វៀត​ណា​ម និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកជំងឺ​កូវី​ដ​-១៩​ថ្មីៗ​មាន​អាយុ​ចន្លោះ​ពី​២៧​ដល់​៨៧​ឆ្នាំ​។ អ្នកជំងឺ​ថ្មី​ទាំងនេះ មាន​ប្រភព​មកពី​មន្ទីរពេទ្យ​ចំនួន​៤ និង​សណ្ឋាគារ​ចំនួន​១​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ សរុប​ចាប់តាំងពី​វៀតណាម​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន មាន​មនុស្ស​៩៣​នាក់​ហើយ ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​។ ប៉ុន្តែ​បើ​សរុប​ករណី​ឆ្លង​ទូទាំងប្រទេស កើន​ដល់​៥០៩​នាក់ នៅក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៧៣​នាក់ និង​កំពុងតែ​សម្រាក​ព្យាបាល​ចំនួន​១៣៦​នាក់​។ ដោយមាន​ប្រជាជន​ជាង ៩៥ លាន​នាក់ វៀតណាម គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​មិនមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ -១៩​។​

​ក្រោយពី​រកឃើញ​ការឆ្លង​ក្នុង​សហគមន៍ លើ​បុរស​ម្នាក់​នៅ​ទីក្រុង​ដា​ណា​ង វៀតណាម​បានប្រកាស​បិទ​លែង​ឲ្យមាន​ការធ្វើដំណើ​រ​ចេញ​និង​ចូល​ទីក្រុង ដែលជា​តំបន់​ទេសចរណ៍​មួយ​នេះ​រយៈពេល​១៥​ថ្ងៃ ព្រមទាំង​ជម្លៀស​មនុស្ស​ចំនួន​៨​ម៉ឺន​នាក់ ដែល​ភាគច្រើន​សុទ្ធតែជា​ភ្ញៀវទេសចរ​ក្នុងស្រុក យកទៅដាក់​ដោយឡែក​នៅ​ទីក្រុង​ផ្សេងៗ​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ដ្បិត​មិនដឹងថា​បុរស​វ័យ​៥៧​ឆ្នាំ​រូបនោះ ឆ្លង​វីរុស​កូវី​ដ​-១៩​មកពី​ប្រភព​ណា ព្រោះតែ​លោក​មិនបាន​ធ្វើដំណើរ​ចេញពី​ក្រុង​ទាល់តែសោះ​ក្នុង​រយៈពេល​ជិត​មួយខែ​។​

​អាជ្ញាធរ​វៀតណាម​ប្រញាប់ប្រញាល់​ដាក់ចេញ​វិធានការ​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត ដោយមាន​ទាំង​ការផ្ញើ​សារ​ទៅគ្រប់​ទូរស័ព្ទ​របស់​ប្រជាជន​ចំនួន​៩៥​លាន​នាក់​នៅ​ទូទាំងប្រទេស នឹង​ជម្រុញ​ឲ្យ​អ្នក​ដែលមា​នប្រវត្ត​ធ្វើដំណើរ​ទៅ​ទីក្រុង​ដា​ណា​ង​ក្នុង​ខែកក្កដា ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ជាបន្ទាន់ ខណៈ​រលក​ថ្មី​នៃ​ការចម្លង​នេះ បាន​រីក​រាលដាល​ដល់​ទីក្រុង​និង​ខេត្ត​ចំនួន​៦​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ចំណែក​រដ្ឋធានី​ហាណូយ​វិញ ចាប់ផ្តើម​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ២១,០៦៣​នាក់ ដែល​ទើបតែ​វិលត្រឡប់​មកពី​ទីក្រុង​ដា​ណា​ង​។ រីឯ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែកក្កដា​ឆ្នាំ​២០២០ បានសម្រេច​បិទ​កន្លែង​កម្សាន្ត និង​ហាមឃាត់​ការជួបជុំ​នៅតាម​ទីប្រជុំជន បន្ទាប់ពី​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ចំនួន​២​ករណី ក្នុងចំណោម​មនុស្ស​ចំនួន​១៨,០០០​នាក់ ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ទីក្រុង​ដា​ណា​ង​។​

​គួរ​ជម្រាបជូន​ថា វៀតណាម​មិនបាន​រកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ឡើយ ចាប់តាំងពី​ខែមេសា​មក ដោយ​ករណី​ឆ្លង​ដែល​រកឃើញ​ចន្លោះពេល​១០០​ថ្ងៃ​កន្លងមកនេះ សុទ្ធតែជា​ករណី​នាំចូល​។ ប៉ុន្តែ​ទើបតែ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ប៉ុណ្ណោះ វៀតណាម​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង​។ ពូជ​វីរុស​កូវី​ដ​-១៩​បាននិងកំពុង​តែ​ពង្រីក​ការចម្លង​ទូទាំង​ពិភពលោក មិនមែន​តែ​ប្រទេស​វៀតណាម​នោះទេ​។ មេរោគ​ថ្មី​មួយ​នេះ បាន​ចូលមក​អង្រូន​ពិភពលោក​នៅ​ចុងឆ្នាំ​២០១៩ ដែល​លេចចេញ​ដំបូង​នៅក្នុង​ប្រទេស​ចិន​។ សរុប​ការឆ្លង​នៅក្នុង​ពិភពលោក​កើនឡើង​ដល់​ជាង​១៧​លាន​នាក់ ស្លាប់​ជាង​៦៧​ម៉ឺន​៧​ពាន់​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​ជិត​១១​លាន​នាក់ ខណៈ​អ្នកជំងឺ​កំពុងតែ​សម្រាក​ព្យាបាល ជាង​៥​លាន​៨​សែន​នាក់​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វៀតណាមកូវីដ១៩

ព័ត៌មានផ្សេងទៀត