អឺរ៉ុប​ដាក់ទណ្ឌកម្ម​​លើ​ក្រុម​ចារកម្ម​​រុស្ស៊ី ក្រុមហ៊ុន​ចិន​​និង​កូរ៉េខាងជើង​

31-07-2020 3:54 pm 336

​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដាក់ទណ្ឌកម្ម​លើ​ការធ្វើដំណើរ​និង​ហិរញ្ញវត្ថុ ទៅលើ​នាយកដ្ឋាន​ចារកម្ម​នៃ​យោធា​រុស្ស៊ី និង​ក្រុមហ៊ុន​កូរ៉េខាងជើង ក្រុមហ៊ុន​ចិន ជុំវិញ​ការសង្ស័យថា​បាន​ចូលរួម​ក្នុង​សកម្មភាព​វាយប្រហារ​តាម​អ៊ី​ធឺ​ណេត​ទូទាំង​ពិភពលោក​។ នៅក្នុង​ការដាក់ទណ្ឌកម្ម​ដំបូង​បំផុត​មិន​ធ្លាប់មាន​ទាក់ទង​នឹង​បទឧក្រិដ្ឋ​តាម​អ៊ី​ន​ធឺ​ណេត​នេះ គោលដៅ​របស់​សហភាព​អឺរ៉ុប​គឺ​ផ្ដោតទៅលើ​នាយកដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​និង​ចារកម្ម​នៃ​យោធា​រុស្ស៊ី ជា​ស្ថាប័ន​កំពូល​មួយ​នៃ​អគ្គសេនាធិការ​ចម្រុះ​កងកម្លាំងប្រដាប់អាវុធ​សហព័ន្ធរុស្ស៊ី​។​

​សហភាព​អឺរ៉ុប​ចោទប្រកាន់​នាយកដ្ឋាន​ចារកម្ម​រុស្ស៊ី​ថា បាន​អនុវត្ដ​សកម្មភាព​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ចំនួន​ពី​រលើកក្នុង​ខែមិថុនា​ឆ្នាំ​២០១៧ ដែល​កាលនោះ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជាច្រើន​នៅ​អឺរ៉ុប ខណៈ​ឥទ្ធិ​នៃ​ការវាយប្រហារ​បានធ្វើឲ្យ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​។ នាយកដ្ឋាន​នេះ​ក៏​រង​ការចោទប្រកាន់​ពី​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ពីរលើកទៀត ក្នុង​ឆ្នាំ​២០១៥​និង​២០១៦ ចូល​ផ្ដាច់​ចរន្ដអគ្គិសនី​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។ បុគ្គល​បួនរូប​ដែល​ធ្វើ​ការឲ្យ​ទីភ្នាក់ងារចារកម្ម​រុ​ស្ស៊ី ក៏​ត្រូវបាន​ដាក់ទណ្ឌកម្ម​ពីបទ​ចូលរួម​ការប៉ុនប៉ង​វាយប្រហា​រលើ​អង្គការ​ហាមឃាត់​អាវុធ​គីមី​(OPCW) នៅក្នុង​ប្រទេស​ហូ​ឡង់​នា​ខែមេសា​ឆ្នាំ​២០១៨​។​

​ចំណែក​ក្រុមហ៊ុន​កូរ៉េខាងជើង​Chosun Expo ត្រូវ​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ដោយ​សង្ស័យថា​គាំទ្រ​Lazarus Group ដែល​ក្រុម​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ទ្រង់ទ្រាយ​ធំ​ទូទាំង​ពិភពលោក រួមមាន​ការវាយប្រហា​រ​លួច​លុយ​៨១​លាន​ដុល្លារ​អាមេរិក ពី​គណនី​ធនាគារ​បង់​ក្លា​ដែស​នៅ​ធនាគារ​សហព័ន្ធអាមេរិក​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ឆ្នាំ​២០១៦​ផងដែរ​។ ក្រុមហ៊ុន​កូរ៉េខាងជើង​ក៏​រង​ការចោទប្រកាន់ថា​ពាក់ព័ន្ធ​ការវាយប្រហារ​ក្រុមហ៊ុន​ភាពយន្ដ​ហូលីវូដ​Sony Pictures​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​រារាំង​មិនឲ្យ​ចាក់ផ្សាយ​រឿង​ស្ដីពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ដែល​ក្រុមហ៊ុន​បាន​ថត​។​

​រតនាគារ​អាមេរិក​កាលពី​ឆ្នាំមុន​ក៏បាន​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុម​Lazarus និង​ក្រុម​វាយប្រហារ​កូរ៉េខាងជើង​ពីរ​ក្រុម ក្រោម​បទ​ចោទថា​ចូលរួម​ក្នុង​ការវាយប្រហារ​ក្រុមហ៊ុន​Sony Pictures និង​ធនាគារកណ្ដាល​បង់​ក្លា​ដែស ក្រៅពី​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ទៀត​។ រតនាគារ​អាមេរិក​បញ្ជាក់ថា ក្រុម​ចារកម្ម​កូរ៉េខាងជើង​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​វាយប្រហារ ប៉ុន្ដែ​កូរ៉េខាងជើង​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​។ 

​សហភាព​អឺរ៉ុប​ក៏បាន​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចិនHaitai Technology Development ដែល​ចោទប្រកាន់ថា​ក្រុមហ៊ុន​នេះ​គាំទ្រ​ការវាយប្រហារ​តាម​អ៊ី​ធឺ​ណេត ស្គាល់​ថា​ប្រតិ​បត្ដិកា​រ​Cloud Hopper  មាន​គោលបំណង​លួច​ទិន្នន័យ​ពាណិជ្ជកម្ម​ពី​បណ្ដា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​។ បុគ្គល​ជន​ជាតិចិន​ពីររូប​ត្រូវ​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​នេះ ក៏​រង​នូវ​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​។ 

​ចំពោះ​ទណ្ឌកម្ម​ដែល​សហភាព​អឺរ៉ុប​បានដាក់ មាន​ការហាមឃាត់​លើ​ការធ្វើដំណើរ​និង​បង្កក​ទ្រព្យសម្បត្ដិ​។ បុគ្គល​ឯកជន ក្រុមហ៊ុន និង​អង្គភាព​នានា​របស់​សហភាព​អឺរ៉ុប ត្រូវ​ហាមឃាត់​មិនឲ្យ​ផ្ដល់​មូលនិធិ​ដល់​បុគ្គលនិង​ក្រុមហ៊ុនដែ​លមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ឡើយ​។ សម្រាប់​មន្ដ្រីការទូត​ចិន​ប្រចាំ​នៅ​សហភាព​អឺរ៉ុប បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ព្រឹក​ថ្ងៃទី​៣១​កក្កដា​ថា ចិន​គឺជា​អ្នកការពារ​ដ៏​ស្មោះត្រង់​ទៅលើ​សន្ដិសុខ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេត ហើយ​ចិន​ក៏​ជា​ជនរងគ្រោះ​ដ៏​ធំ​បំផុត​មួយ​ពី​ករណីនេះ​។ ចិន​ចង់ឲ្យ​សន្ដិសុខ​នៃ​បណ្ដាញ​អ៊ីនធឺណេ​ត​ពិភពលោក ត្រូវបាន​រក្សា​ការពារ​តាមរយៈ​ការចរចា​និង​កិច្ចសហប្រតិបត្ដិការ មិនមែនជា​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដូច្នេះ​ឡើយ​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត