លោក​Najib Razak​ត្រូវ​ជាប់ពន្ធនាគារ​១២​ឆ្នាំ​លើ​សំណុំរឿង​លុយ​ពុករលួយ​

30-07-2020 4:36 pm 3101

​តុលាការ​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ៍​ទី​២៨ កក្កដា ឆ្នាំ​២០២០ បានសម្រេច​ផ្ដន្ទាទោស​លោក​ណា​ជីប រ៉ា​ហ្ស៉ា​ក់​(Najib Razak) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ បន្ទាប់​ពី​តុលាការ​បាន​រកឃើញ​កំហុស​ចំនួន​៧​ករណី​នៅ​សវនាការ​ដំបូងបង្អស់​របស់លោក ដែល​ទាក់ទង​សំណុំរឿង​លុយ​ពុករលួយ​រាប់លាន​ដុល្លារ​ក្នុង​អង្គការ​មូលនិធី​1MDB(1Malaysia Development Berhad)​។​

​ការផ្ដន្ទាទោស​ឲ្យ​ពន្ធនាគារ​១២​ឆ្នាំ ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចន្លោះ​ឆ្នាំ​២០០៩​ដល់​២០១៨​រូបនេះ តុលារ​ការ​បាន​រកឃើញ​កំហុស​ចំនួន​៧​ករណី​។ ៧​ករណី​នេះ​រួមមាន ករណី​ល្មើស​ដោយ​ប្រើប្រាស់​អំណាច​១​ករណី ការរំលោភ​លើ​សេចក្ដីទុកចិត្ត​ចំនួន​៣​ករណី និង​ការ​លាងលុយកខ្វក់​ចំនួន​៣​ករណី​។​

​លោក​ចៅក្រម​Mohamad Nazlan Mohamad Ghazali បាន​ថ្លែង​ប្រាប់​តុលាការ​កំពូល​ទី​ក្រុងកូឡា​ឡាំ​ពួ​រថា ក្រោយ​បាន​ជំ​នុះ​ជម្រះ​ដោយ​ពិនិត្យ​លើ​ភស្តុតាង​ទាំង​អស់​រួច យើងខ្ញុំ​ឃើញថា​ពិតជា​ដូច​ទៅ​នឹង​ការសង្ស័យ និង​ចោទប្រកាន់​ពិតមែន​។ តែ​សម្រាប់​លោក​Najib វិញ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពុំ​អាច​ទទួលយក​លទ្ធផល​នេះ​បានឡើយ ដោយ​លោក​បន្ថែមថា វា​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ យើង​នឹង​ស្នើរ​ឲ្យ​ពន្យារពេល ហើយ​យើង​នឹង​ទទួលបាន​ជោគជ័យ​នៅ​ពេល​ក្រោយ​វិញ​។​

​សំណុំរឿង​លុយ​ពុករលួយ​លោក​Najib​នេះដែរ មាន​ជាប់ទាកទង​នឹង​លុយ​ប្រមាណ​៤២​លាន​រីង​ហ្គី​ត ស្មើ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក ដែល​តុលាការ​បាន​ចោទថា​បាន​ផ្ទេរចេញ​ពី​គណនេយ្យ​របស់​អង្គការ​មូលនិធី​1MDB ទៅ​គណនេយ្យ​ផ្ទាល់ខ្លួន​របស់​លោក​Najib​។ ទន្ទឹម​នឹង​ការចោទប្រកាន់​នេះ​លោក​Najib ក៏​បាន​ប្រកែក​ដែរ​ថា រូប​លោក​ពុំ​មែន​ជា​អ្នកប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ គឺ​វា​ជា​ទង្វើ​របស់​លោក​Lho Low អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អង្គការ​1MDB ទៅវិញ​ទេ​។​

​ជាមួយ​គ្នា​ក្រុម​អ្នកគាំទ្រ​លោក​Najib នៅតែ​មាន​ជំនឿ​ដោយ​ជឿជាក់ថា​លុយ​នៅក្នុង​គណនេយ្យ​របស់​លោក​ជា​លុយ​ដែល​ផ្ដល់​ដោយ​ខ្សែ​រាជវង្ស​របស់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​លុយ​ដែល​បាន​ពី​ការ​កិបកេង​ឬ​លុយ​ពុករលួយ​ពី​មូលនិធិ​របស់​ជាតិ​ឡើយ​។​

​គួរ​ជម្រាប​ថា​លោក​Najib Razak ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង​កាលពី​ឆ្នាំ​២០១៨ និង​ឡើង​ជំនួស​តំណែង​ដោយ​លោក​Mahathir Mohamad​។ នៅ​ប៉ុន្មាន​ខែ​ក្រោយ​លោក​Najib ត្រូវបាន​តុលាកា​រហាម​មិនឲ្យ​ចេញពី​ប្រទេស ថែមទាំង​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងអស់ ហើយ​តុលាការ​បាន​កោះហៅ​រូប​លោក​ពាក់ព័ន្ធ​សំណុំរឿង​ទាក់ទង​នឹង​លុយ​ពុករលួយ​នៅក្នុង​អង្គការ​មូលនិធិ​1MDB៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត