លោក​ឃួង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចុះ​ហាមឃាត់​សំណង់​ដែល​សង់​ខុសច្បាប់​

30-07-2020 12:04 pm 2598

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ហាមឃាត់ គ្រប់​ការដ្ឋាន​សំណង់​ដែល​បាន​សាងសង់​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មាន​ច្បាប់​ហើយ​តែ​សាងសង់​ខុសពី​ច្បាប់​កំណត់​។​លោក​បន្តថា ចំពោះ​សំណង់​ដែល​ខុស​ប្លង់ លើសពី ៥​ជាន់ ឬ​១០​ជាន់ ត្រូវតែ​វាយ ឬ​កាត់ចោល​តែម្តង មិន​ត្រូវ​ទុក​រហូត​បង្ក​ជា​ហានិភ័យ​ដល់​មនុស្ស​នោះ​ទេ​។​ការជំរុញ​របស់​អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សំណង់​ក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់បន្ថែម​ថា កន្លង​មក​ខាង​អាជ្ញាធរ​ធ្លាប់បាន​វាយ និង​កាត់​សំណង់​កម្ពស់ ១០​ជាន់​រួច​ម្តង​ហើយ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​កើតឡើង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ហើយ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​គាំទ្រ​ជានិច្ច ចំពោះ​ការបើក​ការដ្ឋាន​ឱ្យ​សាងសង់​សំណង់​ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រីកចម្រើន ប៉ុន្តែ​អាជ្ញាធរ​មិន​គាំទ្រ​ចំពោះ​សំណង់​គ្មាន​ច្បាប់ និង​សំណង់​ដែល​ធ្វើ​ខុស​ប្លង់​អនុញ្ញាត​នោះទេ​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ចំពោះ​សំណង់​ដែល​មាន​អាយុកាល​ចាស់​ទ្រុឌទ្រោម លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ឱ្យបាន​ខ្លាំងក្លា ពិសេស​ត្រូវ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​លក់ដូរ​នៅ​ក្រោម​អគារ​ចាស់ៗ អ្នកស្នាក់នៅ​អគារ​ចាស់ៗ​នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់ ចៀសវាង​មាន​ហានិភ័យ​អ្វីមួយ​កើតឡើង បន្ទោស​ដល់​អាជ្ញាធរ​ថា​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់​។​

​ទាក់ទង​នឹង​អាគារ​ចាស់​ទ្រុឌទ្រោម​នោះ​ដែរ លោក​ឃួង ស្រេង បានឲ្យ​ដឹង​បន្ថែមថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​ស្វែងរក​អ្នកវិនិយោគ ក្នុង​ការទិញ​ទីតាំង​អគារ​ចាស់ៗ​ទាំងនេះ ជាមួយនឹង​ការស្ម័គ្រចិត្ត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ ក្នុងតម្លៃ​ឯកភាពគ្នា​ណាមួយ ព្រោះថា ការរស់នៅ​ក្នុង​អគារ​ចាស់ៗ​ទាំងនេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់ ។ 
​សូមបញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ មាន​សំណង់​អគារ​ចាស់ៗ​ទ្រុឌទ្រោម​ចំនួន ២៤៥​ទីតាំង ដែល​បាននិងកំពុង​បង្ក​ហានិភ័យ​ខ្ពស់​ទាំង​អ្នកស្នាក់នៅ និង​អ្នក​ឆ្លងកាត់​អគារ​ទាំងអស់នោះ​៕(​ដោយ​៖​ថា ចាន់​ធី​)
 

ព័ត៌មានផ្សេងទៀត