ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានរកឃើញថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់នៅថ្ងៃទី៣០ខែកក្កដានេះថា បន្ទាប់ពី ធ្វើចត្តាឡីស័ក១៤ថ្ងៃ និងពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលតាមរយៈអង្គភាពFresh News បានបញ្ជាក់ផងដែរថា ក្រុមការងារចត្តាឡីស័កកំពុងរៀបចំឲ្យស្ត្រីខ្មែរសញ្ជាតិអាមេរិកាំង លោកស្រី រ៉ូស វីរ៉ា ចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ១៩នៅថ្ងៃទី៣០ខែកក្កដានេះ។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែកក្កដា ស្ត្រីខ្មែរអាមេរិកាំងរូបនេះ បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានតាមរកឃើញសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីនៅក្នុងខេត្តនេះតែម្តង។ ស្ត្រីរូបនេះបានរងការពិន័យប្រាក់ចំនួន១លានរៀលផងដែរ ចំពោះការល្មើសលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក៕