សហជីព​គាំទ្រ​ឲ្យមាន​ការផ្លាស់ប្តូ​រ​ឡាន​ដឹក​កម្មករ​ពី​ឡាន​ដឹក​ទំនិញ​ទៅ​ឡាន​ដឹក​អ្នកដំណើរ​

29-07-2020 5:29 pm 370

​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា នៅក្នុង​សិក្ខាសាលា​ស្តីពី​«​ការលើកកម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍​សម្រាប់​កម្មក​រ​និយោជិត​»​លោក​គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​គោលបំណង​ចង់ឱ្យ​មាន​ផ្លាស់ប្ដូរ​ឡាន​ដឹក​កម្មករ ឱ្យទៅ​ជា​ប្រភេទ​ឡាន​ដែល​មាន​លក្ខណៈ​ស្តង់ដារ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មក​រ​និយោជិត ព្រោះ​តែ​លោក​សង្កេតឃើញថា ឡាន​ដែល​ដឹក​កម្មករ​និយោជិត​រាល់​ថ្ងៃ គឺជា​ប្រភេទ​ឡាន​ដឹក​ទំនិញ និង​គ្មាន​ស្តង់ដារ​នោះទេ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​នាយ​ក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​នេះដែរ ក៏​ត្រូវ​បាន​សហជីព​គាំទ្រ និង​រីករាយ​ក្នុង​ការចូលរួម​សហកា​រ​។​ជាក់ស្តែង​លោក​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ និង​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា លោក​គាំទ្រ ក្នុង​ការផ្លាស់ប្តូរ​ពី​ឡាន​ដែល​គ្មាន​ស្តង់ដារ​ទៅ​ស្តង់ដារ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន ហើយ​កន្លងមក​សហជីព​ក៏​ធ្លាប់​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាគម​កាត់ដេរ ស្វែងរក ដំ​ណោះ ស្រាយ​ល្អ​ដល់​កម្មករ​ជុំវិញ​មធ្យោបាយ​ដឹកជញ្ជូន​ផងដែរ​...

សំឡេង​លោក​ប៉ាវ ស៊ីណា​៖

សំឡេង​លោក​អាត់ ធន់​៖

​ទន្ទឹមនឹងនេះ​ដែរ អ្វី​ដែល​ប្រធាន​សហជីព​ទាំងពីរ​បាន​កត់សម្គាល់​ឃើញ ទាក់ទង​នឹង​ការប្រើប្រាស់​ឡាន​ដឹក​ទំនិញ ទៅ​ដឹក​កម្មករ​នោះ គឺ​កត្តា​ហានិភ័យ​នៃ​គ្រោះថ្នាក់ ដែល​អាច​អោយ​កម្មករ កម្មការិនី​បាត់បង់​ជីវិត ពិការ​កាយសម្បទា បាត់​ចំណូល​ក្នុង​គ្រួសារ និង​ប៉ះពាល់​ដល់​សង្គម​ផងដែរ​...

សំឡេង​លោក​ប៉ាវ ស៊ីណា​៖

សំឡេង​លោក​អាត់ ធន់​៖

​បើ​តាម​លោក​ហេង សុផាន់​ណា​រិទ្ធិ​តំណាង​របស់​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​លើកឡើង នៅក្នុង​សិក្ខាសាលា​ខាងលើ​នោះ​ដែរ​ថា កន្លងមក ប​.​ស​.​ស​. ក៏​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ដល់​កម្មករ​និយោជិត អ្នកបើកបរ​យានយន្ដ​ដឹក​កម្មករ​និយោជិត អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ សុវត្ថិភាព​ក្នុង​ការដឹកជញ្ជូន​កម្ម​ករ​និយោជិត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ និង​ជំរុញ​ឱ្យ​ប្រើប្រាស់​រថយន្ដ​ដឹក​អ្នកដំណើរ​ដើម្បី​ដឹក​ជញ្ជូន​កម្មករនិយោជិត​ផងដែរ​។​

សូមបញ្ជាក់​ថា យោងតាម​របាយការណ៍​របស់ ប​.​ស​.​ស បានបង្ហាញ​ថា កាលពី​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​លើ​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ចំនួន ៦៩៨​លើក ដោយ​គិត​«​ជា​មធ្យម​ប្រមាណ​៥៨​លើក​ក្នុង​មួយខែ​»​បណ្ដាលឱ្យ​កម្មករ​និយោជិត ១៥​នាក់​ស្លាប់ និង​របួស​ធ្ងន់​ស្រាល​ជាង​១​ពាន់​នាក់​ផ្សេងទៀត​៕(​ដោយ​៖​ថា ចាន់​ធី​)

 

ព័ត៌មានផ្សេងទៀត