ទិន្នន័យរបស់ក្រសួងទេសចរណ៍ថៃបានបង្ហាញថា ប្រទេសថៃគ្មានភ្ញៀវទេសចរបរទេសចូលមកលេងទេ ជាហេតុធ្វើឲ្យគ្មានចំណូលពីអ្នកទេសចរបរទេសក្នុងរយៈពេលបីខែជាប់ៗគ្នាគិតត្រឹមខែមិថុនា ខណៈដែលព្រំដែននៅតែបន្ដបិទទ្វារទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-១៩។ បើគិតពីខែមករាដល់ខែមិថុនាចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៦ភាគរយ ស្មើនឹងប្រមាណ៦,៦៩លាននាក់។ ពីខែមករាដល់មិថុនាការចំណាយពីភ្ញៀវទេសចរបរទេស មានត្រឹមតែ៣៣២ពាន់លានបាតប៉ុណ្ណោះស្មើនឹងប្រមាណ១០.៥៤ពាន់លានដុល្លារ ធ្លាក់ចុះ៦៥ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។
គួរបញ្ជាក់ថា ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បានដាក់បម្រាមលើអ្នកដំណើរចូលក្នុងប្រទេសតាមជើងហោះហើរតាំងពីខែមេសា។ ថៃនឹងបន្ថែមពេលប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន រហូតដល់ចុងខែសីហាដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតកូវីដ-១៩ ទោះបីជាគ្មានករណីឆ្លងក្នុងសហគមន៍ជាងពីរខែក៏ដោយ។ បច្ចុប្បន្នថៃមានមនុស្សឆ្លងកូវីដ-១៩សរុបជាង៣ពាន់នាក់និងស្លាប់ជិត៦០នាក់។ ក្នុងចំណោមឆ្លងសរុបបានជាសះស្បើយភាគច្រើន គឺនៅកំពុងសម្រាកព្យាបាលតែជាង១០០នាក់ប៉ុណ្ណោះ៕
(ដោយ៖ពេញ ផេង)