ផលិតផល​ចិញ្ចឹម​ទារក​-​កុមារ​​មិន​អនុវត្ត​តាម​​លក្ខខណ្ឌ​ក្រសួង​​នឹង​ផ្អាក​​ចរាចរ​​លើ​ទីផ្សារ​

29-07-2020 3:32 pm 214

ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​២៨ កក្កដា ឆ្នាំ​២០២០ បាន​ព្រមាន​ចាត់​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចរាចរ និង​ដកហូត​ចេញពី​ទីផ្សារ​នូវ​ផលិតផល​សម្រាប់ ចិញ្ចឹម​ទារក និង​កុមារ​ប្រភេទ​ណា​មួយ មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​ឬ​មិន​បាន​បំពេញ តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត​របស់​ក្រសួង​។​

​វិធានការ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សង្កេតឃើញថា ការ​ចរាចរ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅលើ​ទីផ្សារ​មួយចំនួន មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​មាត្រា ៩ ១០ ១១ ១២ នៃ​អនុក្រឹត្យ​លេខ ១៣៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៥ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​(​ឧបសម្ព័ន្ធ​១) និង​ប្រកាស​រួម​លេខ ០៦១ សន​រប ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០០៧ ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដោយ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅលើ​សំបក​វេច​ខ្ចប់ ជាប់​នឹង​ផលិតផល​របស់​ខ្លួន ដូចជា ការបង្ហាញ​ណែនាំ​អំពី​វិធី​ប្រើ​ផលិតផល​ជា​ភាសា​ខ្មែរ និង​ជា​ពិសេស​ពាក្យ​ថា “​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​បំបៅ កូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់រ​ហូត​បាន​៦​ខែ និង​បន្ត​ការបំ​បៅដោះ​ម្តាយ​រហូត​បាន​អាយុ​២​ឆ្នាំ ឬ​លើស​ឡើយ​”​។​

​ជាមួយ​គ្នា​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សុចរិត ក្រសួង​បាន​ណែនាំ​ដល់​អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំង​អស់ ឲ្យ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិយុត្ត ដែល​កំពុង​មាន​ជា​ធរមាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ 

​ដោយឡែក​បើ​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ប្រសិនបើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម រកឃើញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ប្រភេទ​ណា​មួយ មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ ឬ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត នៃ​អនុក្រឹត្យ​លេខ ១៣៣ និង​ប្រកាស​រួម​លេខ ០៦១ សន​រប មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម នឹង​ចាត់​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការចរាចរ និង​ដកហូត​ចេញពី​ទីផ្សារ ឬ​អនុវត្ត​នីតិវិធី​ផ្សេងៗ​ទៀត ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងៗ​ទៀត ដោយ​មិន​លើកលែង​ឡើយ​៕ ដោយ​៖ យឺន សីហា​


ព័ត៌មានផ្សេងទៀត