អ៊ីរ៉ង់​ធ្វើ​សមយុទ្ធ​​ចំអក​ដាក់​អាមេរិក​​នៅ​ច្រក​សមុទ្រ​​Hormuz

29-07-2020 12:23 pm 637

​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​បានធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​មួយ​នៅ​ច្រក​សមុទ្រ​Hormuz ជា​ច្រក​នៅ​ចន្លោះ​ឈូង​សមុទ្រ​ពែ​ក្ស​និង​ឈូង​សមុទ្រ​អូ​ម៉ង់ ហើយក៏​ជា​ដែនទឹក​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​អាមេរិក​ផងដែរ​។ ផ្ទុះ​ភាព​តានតឹង​ក្រោយពេល​អាមេរិក​បាន​បញ្ជូន​យោធា រួមទាំង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ចូលទៅ​ឈរជើង​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​មកម្ល៉េះ​។ អាមេរិក​ដាក់​យោធា​នៅ​ទីនោះ​ដើម្បី​រារាំង​យុទ្ធនាការ​ដែល​បាន​គ្រោងទុក​ដោយ​អ៊ីរ៉ង់ និង​រដ្ឋ​មិនមែនជា​សម្ព័ន្ធមិត្ដ​អាមេរិក ដែល​ចង់​វាយប្រហារ​កងកម្លាំង​ក៏ដូចជា​ផលប្រយោជន៍​អាមេរិក​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​។ បណ្ដា​ប្រទេស​លោកខាងលិច​និង​អាមេរិក​បន្ទោស​អ៊ីរ៉ង់ ប៉ុន្ដែ​អ៊ីរ៉ង់​ចេញមុខ​ច្រានចោល​មិន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​ឡើយ​។​

​សមយុទ្ធ​យោធា​រៀបចំឡើង​កាលពី​ថ្ងៃ​អង្គារ​មាន​ឈ្មោះថា​Prophet Mohammed​ទី​១៤  ក៏​ជា​សមយុទ្ធ​មួយ​ចង់​ឌឺដង​និង​ចំអក​ឲ្យ​វត្ដមាន​យោធា​អាមេរិក​ប្រចាំការ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ផងដែរ ដោយ​អ៊ីរ៉ង់​បានធ្វើ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​សិប្បនិម្មិត​មួយ​របស់​អាមេរិក ទុកជា​គោលដៅ​សម្រាប់​វាយប្រហារ​។ នៅលើ​នាវា​មាន​ផ្ទុក​យន្ដហោះ​ចម្បាំង​នៅ​ផ្នែក​សងខាង​ដូច​នាវា​ពិតប្រាកដ​អ៊ីចឹង ហើយ​កងទ័ព​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ទៅលើ​យន្ដហោះ​និង​នាវាចម្បាំង​សិប្បនិម្មិត​នោះ​។ អគ្គមេបញ្ជាការ​កងទ័ព​បដិវត្ដន៍​អ៊ីរ៉ង់​លោក​ឧត្ដមសេនីយ៍​Hossein Salami បាន​បញ្ជាក់ថា​សមយុទ្ធ​ដែល​បង្ហាញ​នៅពេលនេះ គឺ​បញ្ជាក់​ពី​កម្រិត​មួយ​នៃ​ការ​វាយ​លុក​តាម​ជើង​អាកាស​និង​ជើង​ទឹក​។​

​ចំពោះ​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស និង​ចាត់ទុកជា​ឥរិយាបថ​មិន​ទទួលខុសត្រូវ គ្មាន​ការពិចារណា​របស់​អ៊ីរ៉ង់ ដោយ​ហៅ​សមយុទ្ធ​ជា​ការប៉ុនប៉ង​បំភិតបំភ័យ​និង​បង្ខិតបង្ខំ​។ អ្នកនាំពាក្យ​ទីបញ្ជាកា​រកង​នាវាចរ​ទី​៥​កងទ័ពជើងទឹក​អាមេរិក​មាន​មូលដ្ឋាន​នៅ​ប្រទេស​បា​រ៉ែ​ន អ្នកស្រី​Rebecca Rebarich​បាន​និយាយថា អាមេរិក​ធ្វើ​សមយុទ្ធ​ជាមួយ​សម្ព័ន្ធមិត្ដ​កន្លងមក ដើម្បី​លើកកម្ពស់​សន្ដិសុខ​ដែនសមុទ្រ គាំទ្រ​សិទ្ធិសេរីភាព​នាវាចរណ៍​ប៉ុណ្ណោះ ប៉ុន្ដែ​អ៊ីរ៉ង់​ធ្វើ​សមយុទ្ធ​នៅពេលនេះ​គឺជា​ការប៉ុនប៉ង​វាយលុក​និង​បំភិតបំភ័យ​។​

​ភាព​តាម​តឹង​រវាង​អ៊ីរ៉ង់​និង​អាមេរិក​បាន​កើនឡើង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៨ នៅពេល​ប្រធានាធិបតី​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​ជាមួយ​ប្រទេស​មហាអំណាច​៦​។ ក្រោយ​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​លោក​ត្រាំ​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មី​លើ​អ៊ីរ៉ង់ ធ្វើឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ស្ថិតក្នុង​ភាពជាប់គាំង​។ លោក​ត្រាំ​បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ឧប្បត្ដិហេតុ​អាថ៌កំបាំ​ង​ជាច្រើន កើតឡើង​លើ​នាវា​ដឹក​ប្រេង​ឆ្លងកាត់​ច្រក​សមុទ្រ​Hormuz​។ បន្ទាប់មក​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ស្ថិតនៅ​ជ្រុង​មួយ​នៃ​សង្គ្រាម​កាលពី​ខែមករា​ដើម​ឆ្នាំនេះ ក្រោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​បាញ់ប្រហារ​សម្លាប់​មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​ឈ្មោះ​Qasem Soleimani នៅក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​។ អ៊ីរ៉ង់​បាន​ឆ្លើយតប​អំពើ​ឃាតកម្ម​នេះ​វិញ ដោយ​បាញ់​មី​ស៊ី​ល​ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់ ដែល​កាលនោះ​បាន​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត