ទីបំផុត​លោក​Najib Razak​រក​ឃើញ​កំហុស​៧​ករណី​ដូច​ការចោទប្រកាន់​

28-07-2020 5:48 pm 1656
​លោក​ណា​ជីប រ៉ា​ហ្ស៉ា​ក់​(Najib Razak) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី

​លោក​ណា​ជីប រ៉ា​ហ្ស៉ា​ក់​(Najib Razak) អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ថ្ងៃ​អង្គារ៍​ទី​២៨ កក្កដា​នេះ ត្រូវបាន​រក​ឃើញ​កំហុស​ដូច​ការចោទប្រកាន់​ចំនួន​៧​ករណី​មែន ពាក់ព័ន្ធ​សំណុំរឿង​លុយ​ពុករលួយ​រាប់​លាន​រីង​ហ្គី​ត​(Ringgit) ដែល​មាន​ជាប់ទាក់ទង​នឹង​អង្គការ​មូលនិធិ​មួយ​ឈ្មោះថា​1MDB(1Malaysia Development Berhad)​។ បើ​តាម​លោក​Mohamad Nazlan Mohamad Ghazali ចៅក្រម​នៃ​តុលាការ​កំពូល​ម៉ាឡេស៊ី​បាន​និយាយថា មាន​ភស្តុតាង​ឥត​ប្រកែក​បាន លោក​Najib Razak​គឺ​ពិតជា​ប្រព្រឹត្ដ​ដូច​បទ​ចោ​ទទាំង​៧​ករណី​មែន គ្មាន​អ្វី​ជា​ការសង្ស័យ​ទៀតឡើយ​។ មេធាវី​ការពារ​ក្ដី​របស់​លោក​Najib ក៏​គ្មាន​សិទ្ធិ​ជំទាស់​ការចោទប្រកាន់​ដែរ​។​
​តាម​ច្បាប់​ម៉ាឡេស៊ី​លោក​Najib​អាច​ជាប់ពន្ធនាគារ​ចន្លោះ​ពី​១៥​ដល់​២០​ឆ្នាំ​សម្រាប់​បទចោទប្រកាន់​នី​មួយៗ  និង​ត្រូវ​ទទួលពិន័យ​ធ្ងន់ធ្ងរ​ផងដែរ​។ ចំពោះ​កាស​នៅពេល​ក្រោយ ដោយសារ​លោក​ត្រូវ​រង់ចាំ​សវនាការ​កាត់ក្ដី​លើ​បទចោទប្រកាន់​មួយចំនួនទៀត​។​

​សម្រាប់​បទ​ចោទប្រកាន់​ទាំង​៧​ករណី មាន​៣​ករណី​ជា​ការរំលោភ​លើ​សេចក្ដីទុកចិត្ត ៣​ករណី​ពាក់ព័ន្ធ​ការ​លាងលុយកខ្វក់ និង​១​ករណី​ទៀត​រំលោភបំពាន​ដោយ​ប្រើ​អំណាច​។ អតីត​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​បាន​រយៈពេល​៩​ឆ្នាំ​រូប​នេះ ត្រូវបាន​រកឃើញ​ថា​មាន​ជាប់ទាក់ទង​ករណី​ផ្ទេរ​ប្រាក់​ប្រមាណ​៤២​លាន​រីង​ហ្គី​ត ស្មើនឹង ៩,៨​លាន​ដុល្លារ​អាមេរិក ពី​អង្គការ​មូលនិធិ​1MDB(1Malaysia Development Berhad) ចូលទៅ​ក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០១៤​និង​២០១៥​។​

​យ៉ាងណាមិញ​នៅក្នុង​សវនាការ​លើកដំបូង លោក​Muhammad Shafee Abdullah មេធាវី​ការពារ​ក្ដី​របស់​លោក​Najib Razak បាន​ស្នើសុំ​ឲ្យ​តុលាការ​ពន្យារពេល​កាត់ទោស​រហូតដល់​ថ្ងៃទី​០៣​សីហា ហើយ​បាន​អះអាងថា លោក​Najib Razak​គ្រាន់តែ​ជា​ជនរងគ្រោះ ក្នុង​គម្រោងការ​គប់គិត​គ្នា​ជាមួយនឹង​អ្នកជំនាញ​ហិរញ្ញវត្ថុ​ក្នុង​អង្គការ​មូលនិធី​1MDB ប៉ុណ្ណោះ​ទេ គឺ​លោក​LowTaek Jho​។ ដោយឡែក​សម្រាប់​តុលាការ​វិញ​បាន​ឆ្លើយតប​ថា គ្មាន​ហេតុផល​ណាមួយ​ដើម្បី​ពន្យារ​ពេល​កាត់ទោស​នោះឡើយ​។​

​គួរបញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៨ លោក​Najib Razak ត្រូវ​បាន​បណ្ដេញចេញ​ពី​តំណែង និង​ឡើង​ជំនួស​តំណែង​ដោយ​លោក​Mahathir Mohamad​។ លោក​Najib​ត្រូវបាន​តុលាការ​កោះហៅ​ពាក់ព័ន្ធ​សំណុំរឿង​ទាក់ទង​នឹង​លុយ​ពុករលួយ​នៅក្នុង​អង្គការ​មូលនិធិ​1MDB​។ នៅ​ប៉ុន្មាន​ខែ​ក្រោយ​លោក​Najib ត្រូវបាន​តុលាកា​រហាម​មិនឲ្យ​ចេញពី​ប្រទេស ថែមទាំង​បាន​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងអស់​ផងដែរ​៕
 ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត