ជម្លោះនៅសមុទ្រចិនខាងត្បូងហាក់ស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការផ្ទុះឡើងនៅវិបត្ដិកូវីដ-១៩។ ពិភពលោកជាប់រវល់ខ្នះខ្នែងរកវិធីសាស្ដ្រទប់ស្កាត់ការឆ្លងរាតត្បាត និងស្វែងរកវ៉ាក់សាំងនិងថ្នាំព្យាបាល។ ប៉ុន្ដែនៅពេលគ្រប់ប្រទេសកំពុងរវល់ ចិនដែលហាក់គ្រប់គ្រងបានកូវីដ-១៩មិនភ្លេចឡើយបានបោះដៃមួយទៅពង្រីកអំណាចរបស់ខ្លួនបន្ដក្នុងសមុទ្រចិនខាងត្បូងឡើងវិញ ស្របពេលប្រទេសមានវិវាទកំពុងផ្ដោតខ្លាំងលើការទប់ស្កាត់កូវីដ-១៩។ មានការលើកឡើងថាចិនកំពុងឆ្លៀតឱកាសនេះពង្រីកអានុភាពនៅសមុទ្រចិនខាងត្បូង។ តើនេះជាការឆ្លៀតឱកាសឬជាផែនការយុទ្ធសាស្ដ្រមានស្រាប់របស់ចិន? តើប្រទេសមានជម្លោះជាមួយចិនគួរធ្វើយ៉ាងណាបន្ដទៀត?
បន្ទាប់ពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាឬកូវីដ-១៩កាលពីចុងឆ្នាំ២០១៩ វិបត្ដិនេះបានក្លាយជាវិបត្ដិសកលបង្កការព្រួយបារម្ភទូទាំងពិភពលោក ធ្វើឲ្យមានការយកចិត្ដទុកដាក់ដោះស្រាយយ៉ាងខ្លាំងបំផុត។ គ្រប់បណ្ដាប្រទេសទាំងអស់បានទម្លាក់បញ្ហាមិនសំខាន់ចោលសិន ជាក់ស្ដែងមានវិបត្ដិធំៗមួយចំនួនត្រូវបានប្រទេសមានវិវាទដកឃ្លាមួយអន្លើយកពេលដោះស្រាយវិបត្ដិកូវីដ-១៩ ដូចជាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម។
ប៉ុន្ដែសម្រាប់ប្រទេសចិននៅពេលកូវីដ-១៩ហាក់ស្ថិតក្រោមការគ្រប់គ្រង ចិនក៏ចាប់ផ្ដើមបង្កើនសកម្មភាពសំខាន់ៗឡើងវិញ ដែលក្នុងនោះមានជាអាទិ៍ការបង្កើនសកម្មភាពនៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកតាមដានស្ថានការណ៍លើកឡើងថា ចន្លោះពេលប្រទេសមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង កំពុងរវល់នឹងការដោះស្រាយវិបត្ដិកូវីដ-១៩ ចិនក៏ឆ្លៀតឱកាសពង្រីកអានុភាពបន្ថែមនៅដែនទឹកមួយនេះ។
មានហេតុការណ៍កើតឡើងថ្មីៗនៅដែនសមុទ្រ រាប់បញ្ចូលការលិចទូកនេសាទវៀតណាមក្រោយបុកគ្នាជាមួយនាវាល្បាតចិន នៅជិតប្រជុំកោះជម្លោះប៉ារ៉ាសែល រួមនឹងការបញ្ជូននាវាHaiyang Dizhi 8របស់ចិនទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូងផងដែរ។ ទីក្រុងប៉េកាំងក៏ចាត់វិធានការដើម្បីគ្រប់គ្រងនៅដែនទឹកជម្លោះ ដោយបានប្រកាសកាលពីខែមេសានូវការបង្កើតតំបន់គ្រប់គ្រងស្ថិតក្រោមសិទ្ធិអំណាចរបស់ទីក្រុងសាន់សា។
អ្នកវិភាគមួយចំនួនជឿជាក់ថាទីក្រុងប៉េកាំងកំពុងទាញយកប្រយោជន៍ ចន្លោះពេលផ្ទុះឡើងនូវការឆ្លងរាតត្បាតកូវីដ-១៩ ដើម្បីបង្កើនវត្ដមានក្នុងដែនទឹកជម្លោះ។ ប៉ុន្ដែតាមពិតសកម្មភាពចិនដូច្នេះអាចនិយាយបានថាមិនមែនជារឿងថ្មីទេ វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនយូរណាស់មកហើយ ក្នុងការទាមទារកាន់កាប់ទាំងស្រុងនៅសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំងបានប្រើយុទ្ធសាស្ដ្រពីរដាច់ដោយឡែកពីគ្នា យុទ្ធសាស្ដ្រទីមួយចិនបានបន្ដឥតឈប់ឈរបញ្ជូនយោធាចូលសមុទ្រចិនខាងត្បូង សាងសង់កោះសិប្បនិម្មិត និងដាក់ពង្រាយនាវាល្បាតចូលក្នុងដែនទឹកជម្លោះជាមួយប្រទេសផ្សេង។ ចំណែកយុទ្ធសាស្ដ្រមួយទៀត ចិនបានព្យាយាមបង្ហាញថាខ្លួនជាដៃគូសហប្រតិបត្ដិការជាមួយប្រទេសដែលទាមទារយកសមុទ្រចិនខាងត្បូងនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីមានសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្ដរជាតិក្នុងឆ្នាំ២០១៦ ដែលកាត់ក្ដីឲ្យចិនចាញ់ហ្វីលីពីនលើវិវាទសមុទ្រចិនខាងត្បូង ស្ទើរតែពេញ៣ឆ្នាំដែលចិនបានខិតខំដើរតួបង្ហាញជំហរផ្សះផ្សានៅសមុទ្រចិនខាងត្បូង។
ចិនយល់ព្រមចរចាលើក្រមប្រតិបត្ដិ(COC)នៅសមុទ្រចិនខាងត្បូង ដោយរដ្ឋមន្ដ្រីការបរទេសចិនលោកវ៉ាង យីសង្ឃឹមយ៉ាងមុតមាំការចរចាពីក្រិត្យក្រមនេះនឹងបញ្ចប់នៅឆ្នាំ២០២១។ បើទោះបីជាចិនព្យាយាមបង្ហាញខ្លួនជាអ្នកសម្របសម្រួលវិវាទ ប៉ុន្ដែក៏នៅមានការយល់ឃើញថាគ្រាន់ជាផ្នែកមួយនៃការប៉ុនប៉ងរបស់ចិន ធ្វើឲ្យប្រសើរឡើងនូវមុខមាត់របស់ខ្លួននៅក្នុងតំបន់ប៉ុណ្ដោះ ក្រោយមានសេចក្ដីសម្រេចឆ្នាំ២០១៦។
បើនិយាយពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង មានតែបួនប្រទេសប៉ុណ្ណោះគឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ ពេលខ្លះប្រទេសទាំងនេះក៏មិនបានប្រឹងប្រឆាំងការអះអាងរបស់ចិនខ្លាំងពេកដែរ ព្រោះការចាត់ទុកសកម្មភាពចិននៅសមុទ្រចិនខាងត្បូងជារឿងខុសច្បាប់ បានប្រែក្លាយជាភាពចម្រូងចម្រាសដោះស្រាយមិនចេញអស់រាប់ឆ្នាំ។ ឥរិយាបថមិនអើពើពេលខ្លះរបស់បណ្ដារដ្ឋអាស៊ីអាគ្នេយ៍ទាំងនេះ ក៏កើតឡើងពីបញ្ហាសេដ្ឋកិច្ច បញ្ហាសន្ដិសុខ ដែលបណ្ដារដ្ឋតូចៗត្រូវប្រឈមមុខជាមួយប្រទេសចិន។
ចិនពិតជាមានភាពប៉ិនប្រសព្វខ្លាំង យកវិស័យសេដ្ឋកិច្ចទៅលើកទឹកចិត្ដឬហៅថាបំបិទមាត់ប្រទេសនៅអាស៊ីអាគ្នេយ៍ ជុំវិញជម្លោះសមុទ្រចិនខាងត្បូង។ ឧទាហរណ៍ជាក់ស្ដែងប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតេ ជាច្រើនលើកច្រើនសារលោកបានយកសេចក្ដីសម្រេចតុលាការអាជ្ញាកណ្ដាលអន្ដរជាតិទុកនៅមួយឡែក ជាថ្នូរនឹងការវិនិយោគនិងបង្កើតកិច្ចសហប្រតិបត្ដិការជាមួយចិនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ សម្ពាធលើប្រទេសនៅអាស៊ីអាគ្នេយ៍ទំនងនឹងកើនឡើងក្រោយបញ្ចប់វិបត្ដិកូវីដ-១៩ ព្រោះអាចមានប្រទេសច្រើនប្រឈមវិបត្ដិសេដ្ឋកិច្ច។ ដូច្នេះចង់ឬមិនចង់ចិននឹងយកវិស័យសេដ្ឋកិច្ច ធ្វើជាកូនសោចាក់បំបិទមាត់ប្រទេសជួបវិបត្ដិសេដ្ឋកិច្ច មិនឲ្យនិយាយពីជម្លោះនៅសមុទ្រចិនខាងត្បូង។
ចង់តទល់ជាមួយចិនសម្អាងលើប្រទេសតែបួនក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ មិនអាចសង្ឃឹមថានឹងជោគជ័យឬអាចយកប្រៀបលើចិនបានឡើយ។ ចង់ឲ្យមានកិច្ចសហការរវាងប្រទេសអាស៊ានទាំង១០ក៏ពិបាកទៅរួច ព្រោះរដ្ឋដែលគ្មានវិវាទជាមួយចិនទទួលបានផលប្រយោជន៍ផ្សេងគ្នា។ ផ្លូវដែលអាចតតាំងជាមួយចិនបាននិងសង្ឃឹមមានប្រសិទ្ធភាព ចន្លោះពេលចិនកំពុងពង្រីកអំណាចរាល់ថ្ងៃនៅសមុទ្រចិនខាងត្បូង រឿងសំខាន់បំផុតអាស៊ានត្រូវតែរួបរួមគ្នាបើចង់គេចចេញពីសេណារីយ៉ូមិនអាចមើលឃើញរបស់ចិន ដែលព្យាយាមមិនទម្លាក់ដៃចង់គ្រប់គ្រងទាំងស្រុងនៅសមុទ្រចិនខាងត្បូង។
សកម្មភាពរបស់ចិននៅពេលថ្មីៗនេះ ក៏អាចដាស់អារម្មណ៍ប្រទេសនៅអាស៊ីអាគ្នេយ៍ឲ្យដឹងពីតថភាពជាក់ស្ដែង នៃយុទ្ធសាស្ដ្រទីក្រុងប៉េកាំងដែលបង្កើតវត្ដមានជាបណ្ដើរៗនិងជាប្រព័ន្ធ ធ្វើឲ្យការទាមទាររបស់ខ្លួននៅសមុទ្រចិនខាងត្បូងក្លាយជារឿងស្របច្បាប់។ ការឈ្លានពានរបស់ចិនក្នុងពេលថ្មីៗនេះ គឺផ្ទុយស្រឡះពីអ្វីដែលបានអះអាងថាមានឆន្ទៈសហការនិងសម្របសម្រួលជម្លោះ។ ខណៈការរួបរួមរវាងប្រទេសអាស៊ានដើម្បីឆ្លើយតបនឹងចិននៅតែជាបញ្ហាប្រឈម ការផ្ដោតទៅលើបទបញ្ជាដែនសមុទ្រអាចដើរតួជាកត្ដាបង្រួបបង្រួមសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសទាំងនេះចាំបាច់ត្រូវទទួលស្គាល់ថា ទីក្រុងប៉េកាំងមិនគោរពតាមច្បាប់អន្ដរជាតិនៅសមុទ្រចិនខាងត្បូង ជាការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់និងផលប្រយោជន៍របស់រដ្ឋតូចៗទាំងអស់។
ច្បាប់អន្ដរជាតិផ្ដល់ឲ្យប្រទេសតូចៗនៅអាស៊ីអាគ្នេយ៍ទាំងអស់ មានសិទ្ធិស្មើគ្នាដើម្បីការពារផលប្រយោជន៍របស់ពួកគេ នៅក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាចដូចជាប្រទេសចិន។ អាស៊ានត្រូវការការប្រាស្រ័យទាក់ទងកាន់តែប្រសើរជាមួយចិន ដើម្បីបន្ដរក្សាសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់នៅសមុទ្រចិនខាងត្បូង។ ប្រទេសអាស៊ីអាគ្នេយ៍មិនអាចអនុញ្ញាតឲ្យចិនអនុវត្ដគោលការណ៍អនុគ្រោះនិយម នៅក្នុងសមុទ្រចិនខាងត្បូងបានឡើយ ព្រោះវាជាផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់ ដើម្បីធានាថាច្បាប់និងបទដ្ឋានសមុទ្រត្រូវបានគោរព និងលើកស្ទួយដោយប្រទេសទាំងអស់មិនថាតូចឬធំ៕
(ដោយ៖ពេញ ផេង)