ក្រសួងមហាផ្ទៃចេញវិធានការដល់អភិបាលរាជធានី-ខេត្តទប់ស្កាត់ជំងឺកូវីដ១៩ក្នុងថ្ងៃឈប់សម្រាកខាងមុខ

28-07-2020 12:02 pm 289

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដក្រើនរំលឹក ដល់អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៅថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បាន ឲ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាកពីការងារនេះ មន្ដ្រីរាជការ កម្មករ និយោជិតអាចនឹងវិលត្រលប់ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងដើរលេងកំសាន្ដនៅតាមរមណីយដ្ឋាន ឬទីតាំងទេសចរណ៍ នានាទូទាំងប្រទេសកម្ពុជា ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាស្នាក់នៅ និងសេវាកំសាន្ដ ក៏ដូចជា ការថែរក្សាការពារសន្ដិ សុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសាធារណៈ និងចូលរួមសហការក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ និងក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួនដូចជា៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពឱ្យបានល្អប្រសើ។ ជាមួយគ្នានោះ អភិបាលរាជធានី-ខេត្តត្រូវណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន អាជីវកម្ម ភោជនីយដ្ឋាន ទាំងអស់ត្រូវត្រៀមលក្ខណៈសម្បិត្តទទួលភ្ញៀវទេសចរឱ្យបានល្អប្រសើរ។

ចំពោះផ្សាទំនើប ត្រូវរៀបចំទឹកអាល់កុល សម្រាប់លាងដៃនៅតាមច្រកចេញ-ចូល និងវាស់កំដៅដល់បុក្គលិក។ត្រូវបន្តជំរុញណែនាំ ផ្សព្វផ្សាយដល់សាធារណៈជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងសហគមន៍៕ 


 

ព័ត៌មានផ្សេងទៀត