វៀតណាម​ផ្អាក​ជើងហោះហើរ ទៅ​និង​មក​ក្រុង​ដា​ណា​ង​ក្រោយ​ផ្ទុះ​កូវី​ដ​១៩​ជាថ្មី​

28-07-2020 11:52 am 23036
ភ្ញៀវទេសចរនៅព្រលានយន្តហោះមួយនៅប្រទេសវៀតណាម

​វៀតណាម​បានសម្រេច​ព្យួរ​ជើងហោះហើរ​ទាំងអស់ ទៅ​និង​មក ទីក្រុង Danang​រយៈពេល​១៥​ថ្ងៃ​។ យោងទៅតាម​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា រាល់​សេវាកម្ម​រថយន្តក្រុង​និង​រថភ្លើង​ទៅ​និង​មក Danang ក៏​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​ផងដែរ ចាប់ពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​នេះ​។ វិធានការ​រឹតត្បិត​លើ​ការធ្វើដំណើរ ទៅ​និង​មក​ទីក្រុង​នៃ​ប្រទេស​វៀតណាម​មួយ​នេះ ដោយសារតែ​រកឃើញ​ក​រ​ណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​ជា​បន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ រដ្ឋាភិបាល​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នៅ​Danang រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ចំនួន​១៤​ករណី​ហើយ​។ នៅ​ក្នុងនោះ​២​ករណី​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​វៀតណាម​បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ឆ្លងកូវី​ដ​-១៩​ក្នុង​សហគមន៍​ជាថ្មី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ នេះ​ជា​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​លើកដំបូង ក្រោយ​ស្ងាប់​ស្ងាត់​អស់​រយៈពេល​៣​ខែ​។ សរុប​តួលេខ​ចុងក្រោយ​ដោយ​គេហៈទំព័រ worldometers នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០ វៀតណាម​មាន​ករណី​ឆ្លង​ចំនួន​៤៣១ ព្យាបាល​ជាសះស្បើយ​៣៦៥​នាក់​។ ដោយមាន​ប្រជាជន​ជាង ៩៥ លាន​នាក់ វៀតណាម គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​មិនមាន​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ -១៩​។​

ដោយឡែក ចំពោះ​ករណី​ឆ្លង​សរុប​ក្នុង​ពិភពលោក​វិញ បាន​កើនឡើង​ដល់​ជាង​១៦​លាន​កន្លះ បូក​ជាមួយ​ករណី​ឆ្លង​ថ្មី​ចំនួន​១១,០១១ ស្លាប់​ជាង​៦៥​ម៉ឺន​នាក់ បូក​ជាមួយ​ករណី​ស្លាប់​ថ្មី ចំនួន ៥២៣​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១០​លាន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វៀតណាមកូវីដ១៩

ព័ត៌មានផ្សេងទៀត