លោក​ហ៊ុន សែន អនុញ្ញាត​ឲ្យ​ដំណើរការ​សកម្មភាព​ហាត់ប្រាណ​នៅ​ទីសាធារណៈ​ឡើងវិញ​

28-07-2020 8:58 am 397

តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០២០​នេះ បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី​-​ខេត្ត និង​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​អូឡាំពិក ដោយ​លើកលែង​តែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​។​

​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី​-​ខេត្ត និង​ក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​អូឡាំពិក​ឡើងវិញ ក្រសួង​អប់រំ​បញ្ជាក់ថា ដោយសារ​តែ​បច្ចុប្បន្ន​នេះ ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​មាន​ស​ភាពល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ហាត់ប្រាណ និង​ការលេង​កីឡា​។​

​ជាមួយ​គ្នា​ការអនុញ្ញាតឲ្យ​ដំណើរការ​ឡើងវិញ​នេះ​ដែរ ក្រសួង​ស្នើ​ឲ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំងអស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ឲ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដែល​រួមមាន ទី​១.​រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ជែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វាស់​កម្ដៅ​។ ទី​២.​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​តិច ១,៥​ម៉ែត្រ​។ ទី​៣.​សម្រាប់​ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ និង​ទី​៤.​ត្រូវ​ធានា​ថា​កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​គួរបញ្ជាក់​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃទី​០២ មេសា ឆ្នាំ​២០២០​មក ដោយ​គិត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​នៅ​ឡើយ​៕ ដោយ​៖ យឺន សីហា​

ដោយ៖ យឺន សីហា

ព័ត៌មានផ្សេងទៀត