​អង្គការ​សមាគម​ចំនួន​៤​​ព្រមាន​ពី​ផលប៉ះពាល់​​នៃ​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​​

27-07-2020 5:08 pm 2142

​អង្គការ​-​សមាគម​ចំនួន​៤ បានចេញ​របាយ​ការស្រាវជ្រាវ​រួមគ្នា​មួយ​ដោយ​លើកឡើងថា ប្រជាជន​កម្ពុជា រាប់លាន​នាក់​ទំនងជា​នឹងរង​ផលប៉ះពាល់ ដោយសារ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន នៅ​តំបន់​បឹងទំពុន ឬ​តំបន់​បឹង​ជើងឯក ខណៈ​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ​ផងដែរ​។

​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) បណ្តាញ​យុវជន​កម្ពុជា (CYN) អង្គការ​សមធម៌​កម្ពុជា (EC) និង​អង្គការ​សមាគម​ធាងត្នោត (STT) បានចេញ​របាយ​ការស្រាវជ្រាវ​រួមគ្នា​មួយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយ​លើកឡើងថា ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ដោយសារ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន នៅ​តំបន់​បឹងទំពុន ឬ​តំបន់​បឹង​ជើងឯក ស្ថិតនៅ​ភាគខាងត្បូង រាជធានី​ភ្នំពេញ​។ 

​របាយការណ៍​ស្រាវជ្រាវ​ដែលមាន​ចំណងជើង​ថា «​ការបាត់បង់​បឹងទំពុន​៖ ការវាយតម្លៃ​ហេតុ ប៉ះពាល់​សង្គម និង​សិទ្ធិមនុស្ស​ពី​ការបំផ្លិចបំផ្លាញ​តំបន់​បឹងទំពុន ឬ​ជើងឯក​» បាន​រកឃើញថា ប្រជាជន​កម្ពុជា រាប់លាន​នាក់​ទំនងជា​នឹងរង​ផលប៉ះពាល់​ពី​ការធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹងទំពុន ឬ​ជើងឯក ដោយ ក្រុមហ៊ុន អា​យ អិន ជី ហូល​ឌី​ង (ING Holdings) និង​សាជីវកម្ម​ឯកជន​ផ្សេងៗ​ទៀត រួមមាន​ក្រុមហ៊ុន ជីបម៉ុង អ៊ី​អន​ម៉ល អ័រគី​ដេ​វីឡា និង​បុរី​ប៉េង​ហួត​ជាដើម​។ បើតាម​របាយការណ៍ ក្រៅពី​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន ក៏​ធ្វើឲ្យប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​ដែរ​។ 

​ទាក់ទង​ទៅនឹង​របាយការណ៍​នេះ យើង​មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលា​ក្រុងភ្នំពេញ លោក​ម៉េត មាស​ភក្ដី​បានឡើយ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​ទទួល​។ កន្លងមក​លោក​ម៉េត មាស​ភក្ដី ធ្លាប់បាន​បញ្ជាក់ថា រាល់​ការអភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​អាជ្ញាធរ ក៏ដូចជា​រាជរដ្ឋាភិបាល បាន​គិតគូ​និង​ធ្វើ​ការសិក្សា​ច្បាស់លាស់​ណាស់ ទើប​អនុញ្ញាតឱ្យ​មាន​ការអភិវឌ្ឍ​។​

​នៅក្នុង​របាយការណ៍រ​បស់​អង្គការ​-​សមាគម​ទាំង​៤ ហ៊ាន​អះអាងថា ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់ ក្នុង​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការកើនឡើង​នៃ​ទឹកជំនន់ ដោយសារតែ​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​ផងដែរ​។ យ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទិ្ធមនុស្ស និង​បរិស្ថាន បាន​ស្ទង់​មតិ​ជាមួយនឹង​ប្រជាពលរដ្ឋ​ចំនួន ៤៦៩​គ្រួសារ ដែល​កំពុង​រស់នៅ ឬ​ប្រើប្រាស់​តំបន់​បឹង​នេះ និង​ទន្លេ​។ ជា​លទ្ធផល​របាយការណ៍​បង្ហាញ​ពី​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ក្នុង​តំបន់​បឹងទំពុន ឬ​ជើងឯក ក្នុង​ផ្ទៃក្រឡា​ប្រមាណ ១.៥០០ ហិកតា ដែល​កំពុងតែ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការគ្រប់គ្រង​កាកសំណល់ និង​ការពារ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​អង្គការ​-​សមាគម​ទាំង​៤ បានលើកឡើង​ក្នុង​របាយការណ៍​ផងដែ​រថា តំបន់​បឹងទំពុន ឬ​ជើ​ឯ​កជាង ៩០% នឹងត្រូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​ក៏​នឹង​ត្រូវបាន​បំពុល​ដោយសារ​ការអភិវឌ្ឍ​ទាំងនេះ​។ បច្ចុប្បន្ននេះ​ដំណាំ​ដែល​ដាំ​នៅលើ​ផ្ទៃ​បឹង បានធ្វើ​ព្រឹត្តក​ម្មទឹក​កខ្វក់​ដែល​ហូរ​ចេញពី​រាជធានី​ភ្នំពេញ មុនពេល​វា​ហូរ​ចេញពី​បឹង​នេះ​ចូលទៅក្នុង​ទន្លេបាសាក់​។ ប្រសិនបើ​បឹង​ត្រូវបាន​បាត់បង់ ទឹក​កខ្វក់​នឹង​ហូរ​ចូល​ទន្លេបាសាក់ ឬ​ទន្លេមេគង្គ ឬ​ទន្លេ​ទាំងពីរ​ដោយ​មិន​បានធ្វើ​ព្រឹត្ត​កម្ម នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជម្រក​ត្រី និង​ប្រជា​សហគមន៍​ដែល​ពួកគាត់​ពឹងផ្អែក​លើ​ទន្លេ​សម្រាប់​ទឹក​បរិភោគ​និង​ចំណីអាហារ​របស់​ពួកគាត់​ប្រចាំថ្ងៃ​។ 

​ម្យ៉ាងវិញទៀត បឹង​នេះ​គឺជា​ជម្រក​នៃ​ពពួកសត្វ​ជាច្រើន​ប្រភេទ រួមទាំង​សត្វ​ជិត​ផុត​ពូជ​ផងដែរ​។ ការ​ធ្វើឱ្យប៉ះពាល់ ឬ​បំផ្លិចបំផ្លាញ​តំបន់​បឹងទំពុន ឬ​ជើងឯក​នឹង​ធ្វើឱ្យ​សត្វ និង​ជីវចម្រុះ​ដែល​កំពុង​រស់នៅក្នុង​បឹង​ទាំងនេះ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​។ តំបន់​បឹងទំពុន ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​កាត់​និង​បែងចែក​ទៅឲ្យ​ក្រុមហ៊ុ​នឯកជន​នានា ដោយសារ​តែមាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល នៅ​ចន្លោះ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩​។ អង្គការ​-​សមាគម​ទាំង​៤ ព្យាករ​ទុក​យ៉ាង​ដូច្នេះ​ថា​៖«​ផ្ទៃ​តំបន់​បឹងទំពុន ពីមុន​មាន​ទំហំ​យ៉ាងហោចណាស់​១,៥​ពាន់​ហិកតា ប៉ុន្តែ ឥឡូវនេះ គ្រោង​នឹងត្រូវ​កាត់​មក​នៅត្រឹម​ទំហំ​១០៧​ហិកតា​តែប៉ុណ្ណោះ​»​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមាគម​ធាងត្នោត ដែល​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ បង្ហាញថា បឹង​ទាំង​២៦​នៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​ត្រូវបាន​ចាក់ដី​លុប ដោយ​ក្នុងនោះ បឹង​១៦ ត្រូវបាន​លុប​ទាំងស្រុង និង​បឹង​១០​ទៀត ត្រូវបាន​លុប​នៅ​ផ្នែក​ខ្លះ​។ សមាគម​ធាងត្នោត មើលឃើញថា ការ​លុប​បឹង​នេះ ធ្វើឲ្យប៉ះពាល់​ជីវចម្រុះ បរិស្ថាន បង្កឲ្យមាន​ទឹកជំនន់ ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​នឹង​ការគំរាមកំហែង រួមទាំង​បាត់បង់​លំនៅឋាន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត