ក្រុង​ប៉េកាំង​​បិទ​ស្ថាន​កុងស៊ុល​​អាមេរិក​​មួយ​នៅ​ចិន​​ជា​ផ្លូវការ​​ទុកជា​ការ​​សងសឹក​

27-07-2020 3:44 pm 403

​ទីក្រុង​ប៉េកាំង​បានប្រកាស​ឲ្យដឹងថា ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ឆេង​ទូ​ប្រទេស​ចិន បាន​បិទទ្វារ​ជា​ផ្លូវកា​រហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧​កក្កដា​នេះ​។ ការប្រកាស​ដូច្នេះ​ជាការ​សងសឹក​នឹង​អាមេរិក ដែល​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហូ​ស្ដុន​កាលពី​សប្ដា​ហ៍មុន​។ ក្រសួងការបរទេស​ចិន​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ស្ថាន​កុងស៊ុល​អាមេរិក​បាន​បិទទ្វារ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៧​កក្កដា​នេះ ហើយ​អាជ្ញាធរ​ចិន​នឹង​កាន់កាប់​ទាំងស្រុង​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​។​

​បន្ទាប់ពី​ប្រកាស​បិទទ្វារ​ប៉ូលិស​ក្រុង​ឆេង​ទូ​បាន​រឹតបន្ដឹង​ការធ្វើដំណើរ​នៅ​បរិវេណ​ជុំវិញ​ស្ថាន​កុងស៊ុល ខណៈ​ទង់ជាតិ​អាមេរិក​នៅក្នុង​ស្ថាន​កុងស៊ុល​ត្រូវ​ទម្លាក់​ចុះ​ផងដែរ​។ ចំពោះ​មន្ដ្រី​បម្រើការ​នៅក្នុង​ស្ថាន​កុងស៊ុល បាន​ចាកចេញ​ពី​អគារ​កុងស៊ុល​នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ដដែល​នេះ​។ ទីក្រុង​ប៉េកាំង​បាន​និយាយថា ការបិទ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ឆេង​ទូ គឺជា​ការឆ្លើយតប​ចំពោះ​វិធានការ​មិន​សម​ហេតុផល​របស់​អាមេរិក ហើយ​ចោទប្រកាន់​បុគ្គលិក​បំពេញការងារ​ក្នុង​ស្ថាន​កុងស៊ុល​អាមេរិក បង្ក​គ្រោះថ្នាក់​ដល់​សន្ដិសុខ​និង​ផលប្រយោជន៍​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Wang Wenbin​បាន​លើកឡើងថា បុគ្គលិក​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​មួយចំនួន បាន​ចូលរួម​ក្នុង​សកម្មភាព​លើសពី​សមត្ថភាព​របស់​ពួកគេ​។ នោះ​គឺ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​បង្ក​គ្រោះថ្នាក់​ដល់​សន្ដិសុខ​រួមទាំង​ផលប្រយោជន៍​របស់​ចិន​។ 

​គួរ​ជម្រាបជូន​ថា ការបិទ​ស្ថាន​កុងស៊ុល​ទៅវិញទៅមក​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​និង​លេខ​ពីរ​អាមេរិក​-​ចិន គឺជា​ភាព​តានតឹង​ថ្មី​មួយទៀត ក្រៅពី​ការទាស់ទែង​រឿង​ច្បាប់​សន្ដិសុខ​នៅ​ហុងកុង វិបត្ដិកូ​វីដ​-១៩  សង្គ្រាម​ពាណិជ្ជកម្ម និង​វិវាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម ដែល​ពុំទាន់​រកឃើញ​ដំណោះស្រាយ​។ 

​សម្រាប់​អាមេរិក​បកស្រាយ​ថា​ការប្រកាស​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង​ហូ​ស្ដុន​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គឺ​ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញា​និង​ព័ត៌មាន​ឯកជន​របស់​ជនជាតិ​អាមេរិក​។ អាមេរិក​ចោទប្រកាន់​ជនជាតិ​ចិន​មួយចំនួន​ពីបទ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ជាច្រើន ក្នុងនោះ​មាន​ក្រុមហ៊ុន​និង​ស្ថាប័ន​ដែល​ស្រាវជ្រាវ​រក​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​ផងដែរ​។ អ្នកនយោបាយ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​ខ្លះ បាន​ហៅ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ហូ​ស្ដុន ជា​ជង្រុក​នៃ​បណ្ដាញចារកម្ម​ដ៏​ធំ​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន​។​

​ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ចាត់ទុកការ​ចោទប្រកាន់​របស់​អាមេរិក​ពីបទ​ធ្វើ​ចារ​កម្ម គឺជា​ការ​បង្កាច់បង្ខូច​និង​ព្យាបាទ​ចិន​។ អាមេរិក​ធ្វើ​ដូច្នេះ​សបញ្ជាក់​យ៉ាងច្បាស់​ពី​ចេតនា​បំផ្លាញ​ស្ពានមិត្ដ​ភា​ពរវាង​ប្រជាជនចិ​ននិង​អាមេរិក ដូច្នេះ​អាមេរិក​ជា​អ្នកទទួលខុសត្រូវ​រាល់​បញ្ហា​ទាំងអស់​។ ចិន​ក៏​ទទូច​ឲ្យ​អាមេរិ​កត្រូវ​ដកចេញ​នូវ​បទបញ្ជា​ដែល​បានដាក់ និង​បង្កើត​លក្ខខណ្ឌ​ចាំបាច់​ដើម្បីឲ្យ​ទំនាក់ទំនង​ទ្វេភាគី​វិល​ទៅ​រកសភាព​ដើម​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត