បាតុករ​រាប់ពាន់នាក់​​តវ៉ា​ប្រឆាំង​​ភាព​អសកម្ម​​និង​ចង់​ទម្លាក់​​នាយករដ្ឋមន្ដ្រី​​អ៊ីស្រាអែល​

26-07-2020 3:28 pm 627
រូបភាពការតវ៉ានៅអ៊ីស្រាអែល

​មាន​ក្រុមបាតុករ​រាប់ពាន់នាក់​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាងក្រៅ​ផ្ទះ​លោក​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល បេន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ ដែល​ស្ថិតនៅក្នុង​ទីក្រុង​យេរ៉ូ​សាឡឹម​កាលពី​ថ្ងៃសៅរ៍​។ ការតវ៉ា​នោះ​គឺ​ដោយសារ​ពួកគេ​មិន​ពេញចិត្ដ​លើ​ភាព​អសកម្ម​មួយចំនួន តួយ៉ាង​ដូចជា​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​លោកនេតា​ន់​យ៉ា​ហ៊ូ ក្នុង​ការដោះស្រាយ​វិបត្ដិកូ​វីដ​-១៩ ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់ និង​បញ្ហា​អំពើពុករលួយ​។ 

​មនុស្ស​ប្រមាណ​ជា​៥​ពាន់​នាក់​នាំគ្នា​ប្រមូលផ្ដុំ​នៅ​លើផ្លូវ​Balfour ដែលជា​ញឹកញាប់​ដង់ផ្លូវ​នេះ​ត្រូវបាន​ក្រុមបាតុករ​យក​ធ្វើ​កន្លែង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ ចលនា​ប្រមូលផ្ដុំ​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​សប្ដាហ៍​នេះ ខណៈ​នៅ​តំបន់​ផ្សេងៗ​ទៀត​ក៏មាន​ការតវ៉ា​ផងដែរ​។ ក្រុមបាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ដ្រី​នេ​តាន់​យ៉ា​ហ៊ូ​ចុះ​ចេញពី​តំណែង​ថែមទៀត​។​

​ការតវ៉ា​របស់​ក្រុមបាតុករ​ផ្ដោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​របស់​លោកនេតា​ន់​យ៉ា​ហ៊ូ ទៅលើ​ការឆ្លង​តាត​ត្បា​តនៃ​ជំងឺ​កូវី​ដ​-១៩ រួមទាំង​វិធានការ​រឹតបន្ដឹង​លើ​ការបិទ​ប្រទេស ដែល​ធ្វើឲ្យ​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​។ ក្រៅពីនេះ​មាន​ការកើនឡើង​ករណី​ឆ្លង បន្ទាប់ពី​រដ្ឋាភិបាល​បន្ធូរបន្ថយ​វិធានការ​សុវត្ថិភា​ពកា​លពី​ខែឧសភា​។ ក្រុមបាតុករ​ក៏បាន​ច្រានចោល​ច្បាប់​ដែល​ត្រូវ​បានអនុម័ត​ក្នុង​សប្ដាហ៍​នេះ ផ្ដល់​អំណាច​បន្ទាន់​ដល់​រដ្ឋាភិបាល​រហូតដល់​ឆ្នាំ​២០២១ រួមទាំង​ការបដិសេធ​របស់​លោកនេតា​ន់​យ៉ា​ហ៊ូ​មិន​ព្រម​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ដ្រី ទោះបី​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ដ​អំពើពុករលួយក៏​ដោយ​។​

​ទន្ទឹមគ្នា​នឹងមាន​ពលរដ្ឋ​មក​ប្រមូលផ្ដុំ​តវ៉ា កងកម្លាំង​ប៉ូលិស​ក៏មាន​វត្ដ​មាននៅ​ទី​នោះដែរ ដោយបាន​ចាប់​បំបែក​មនុស្ស​មិនឲ្យ​ប្រមូលផ្ដុំ ប៉ុន្ដែ​អ្នក​ត្រូវ​ចាប់ខ្លួន​ត្រូវ​ដោះលែង​វិញ​ពុំមាន​ការចោទប្រកាន់​អ្វី​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ ការតវ៉ា​ក្នុង​សប្ដាហ៍​នេះ​មាន​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​។ ប៉ូលិស​ក៏​មិនបាន​ប្រើ​កាណុង​បាញ់​ទឹក​បំបែក​ក្រុមបាតុករ​ដូច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​។ អ្នករៀបចំ​ការប្រមូល​ផ្ដុំ​បាន​គំរាម​ទៅ​មេ​ប៉ូលិស​ក្រុង​យេរ៉ូ​សាឡឹម​ថា ប្រសិនបើ​ប៉ូលិស​ហ៊ាន​ប្រើ​វិធានការ​ដែល​មិន​សមរម្យ​ដូច្នេះ​ទៀត ពួកគេ​នឹង​ប្ដឹងទៅ​តុលាការ​កំពូល​អ៊ីស្រាអែល​។​

​និយាយ​ពី​លោកនេតា​ន់​យ៉ា​ហ៊ូ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ លោក​បាន​បន្ទោស​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​មួយ​ប៉ុស្ដិ៍​លេខ​១២ ថា​ការផ្សព្វផ្សាយ​អំពី​បាតុកម្ម​នេះ កំពុង​ជំរុញឲ្យមា​នចលនា​តវ៉ា​ផ្ទុះឡើង​កាន់តែខ្លាំង​ប្រឆាំង​រូបលោក​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  អ៊ីស្រាអែលការតវ៉ា

ព័ត៌មានផ្សេងទៀត