​លោក​ខៀវ សុភ័គ​៖ ​លោក​ស ខេង​​ពុំបាន​សន្យា​ដោះលែង​​អ្នក​ជាប់ឃុំ​ចំនួន​១​ម៉ឺន​នាក់​ទេ​​

24-07-2020 4:26 pm 402

​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ពីរ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាឲ្យគោរព​តាម​ការសន្យា​របស់ខ្លួ​ន​ថា នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ចំនួន​១​ម៉ឺន​នាក់ ដែល​លើកឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ស ខេង កាលពី​ខែឧសភា​។ តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ខៀវ សុភ័គ បដិសេធថា លោក​ស ខេង​ពុំ​បានលើកឡើង​យ៉ាង​ដូច្នេះ​ទេ​។

​អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គោរព​តាម​ការ​សន្យាថា នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ចំនួន​១​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រី​រុស​កូវី​ដ​១៩ និង​អ្នក​ជាប់ឃុំ​ដទៃទៀត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ស្រាល ក៏ដូចជា​ស្ត្រី​ជាប់ឃុំ​ដែលមាន​កូនតូច​នៅ​ជាមួយ ព្រមទាំង​អ្នក​ជាប់ឃុំ​ជា​អនីតិជន​ផងដែរ​។ ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​

​អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ​ខាងលើនេះ បាន​លើកឡើងថា នៅក្នុង​ការប្រកាស​ដាច់​ដោយឡែក​មួយ​កាលពី​ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ស ខេង បាន​សន្យាថា អ្នក​ជាប់ឃុំ​រហូតដល់​១​ម៉ឺន​នាក់ នឹងត្រូវ​ដោះលែង​នៅ​ទូទាំងប្រទេស ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ការឆ្លង​រីក​រាលដាល​វីរុស​កូវី​ដ​១៩ និង​ការព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ។​

​ការលើកឡើង​របស់​អង្គការក្រៅរដ្ឋាភិបាល​ទាំ​ពីរ​នេះ ត្រូវបាន​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បដិសេធថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ស ខេង ដូចជា​ពុំ​បានលើកឡើង​យ៉ាង​ដូច្នេះ​ទេ​។ លោក​បាន​បកស្រាយ​ថា លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គ្រាន់តែ​លើកឡើងថា តាម​នីតិវិធី​របស់​តុលាការ មាន​សំណុំរឿង​ជាង​១​ម៉ឺន ត្រូវបាន​ដោះស្រាយ​រួចរាល់ ដោយ​លោក​លើក​ឧទាហរណ៍​ដូចជា សំណុំរឿង​អ្នកញៀន​គ្រឿងញៀន​ជាដើម តាមច្បាប់​ពួកគាត់​គ្រាន់តែ​ជនរងគ្រោះ​ប៉ុណ្ណោះ អញ្ចឹង​អាចឱ្យ​ពួកគាត់​នៅក្រៅ​ឃុំ​បាន​…………

​សំឡេង​៖

​អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​បញ្ជាក់ថា កាលពី​ខែឧសភា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ លោក​កើត រិទ្ធ បានប្រកាស​អំពី​ការកែទម្រង់​ជាច្រើន​នៃ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។ កំណែទម្រង់​ដែល​បាន​សន្យា​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន ដែល​មិនទាន់បាន​ជំនុំជម្រះ​នៅតាម​តុលាការ​នានា និង​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត​ក្រៅពី​ការ​ឃុំឃាំង​ដូចជា ការដោះលែង​ឱ្យ​នៅក្រៅ​ឃុំ និង​ការព្យួរទោស​ជាដើម​។​

​អង្គការ​ទាំងពីរ​នេះ បាន​រិះគន់ថា បច្ចុប្បន្ននេះ បើទោះបី​មាន​ការប្រកាស​ក្នុង​ខែកក្កដា​នេះ​ថា សំណុំរឿង​ជាង​៣៥០០​ករណី (​តិចជាង​១០​ភាគរយ​នៃ​សំណុំរឿង​មិនទាន់​ជំនុំជម្រះ​ទាំងអស់​ដែល​អាជ្ញាធរ​បានគ្រោង​នឹង​អនុវត្ត​ឱ្យបាន​ក្នុង​យុទ្ធនាការ​៦​ខែ​) ត្រូវបាន​ជំនុំជម្រះ​រួចរាល់​ក្ដី ក៏​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បង្ហាញថា តើ​មាន​អ្នក​ជាប់ឃុំ​ប៉ុន្មាន​នាក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ដែលមាន​ភាព​ចង្អៀត​ណែន​ខ្លាំង​នេះដែរ​។ អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការ​លីកាដូ សង្ឃឹមថា​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំនួន​អ្នក​ជាប់ឃុំ​ដែល​ត្រូវបាន​ដោះលែង​ក្នុង​យុទ្ធនាការ​នេះ ក៏ដូចជា​យន្តការ​ផ្លូវច្បាប់​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ ចាប់តាំងពី​មាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មក ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស បាន​កើនឡើង​យ៉ាងគំហុក​ចំនួន​៧៨% នៅ​ចន្លោះ​ខែ​មករា ឆ្នាំ​២០១៧ និង​ខែមីនា ឆ្នាំ​២០២០​។ ការកើនឡើង​នៃ​ចំនួន​អ្នក​ជាប់ឃុំ​គួរឱ្យកត់សម្គាល់​នេះ បាន​បង្កឱ្យមាន​ភាព​ចង្អៀត​ណែន​យ៉ាងខ្លាំង និង​ធ្វើឱ្យ​ស្ថានភាព​លំបាក​នៅក្នុង​ពន្ធនាគារ​កាន់តែ​មានភាព​ធ្ងន់ធ្ងរ​បន្ថែមទៀត ជាពិសេស​ស្ត្រី​ជាប់ឃុំ​ដែលមាន​កូនតូច​នៅ​ជាមួយ ព្រមទាំង​ស្ដ្រីមាន​ផ្ទៃពោះ និង​អនីតិជន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត