និស្សិត​ថៃ​រាប់រយ​នាក់​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​ចុះចេញ​ពី​តំណែង​

24-07-2020 11:52 am 817

​និស្សិត​ថៃ​រាប់រយ​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ជា​ក្បួន​តវ៉ា​មួយ នៅ​តំបន់​ជាយក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាន់​អ៊ូ​ចា នាយករដ្ឋមន្ត្រី​ថៃ ចុះចេញ​ពី​តំណែង និង​រំលាយ​សភា​រដ្ឋាភិបាល​បច្ចុប្បន្នចោល​។ នៅ​ក្នុង​ការតវ៉ា​នាពេល​រាត្រី​នោះ ពួកគេ​បាន​សរសេរ​ជា​ពាក្យ​តវ៉ា​នៅ​លើ​ទូរស័ព្ទ និង​បាន​បើកភ្លើង​ពិល​ទូរស័ព្ទ​យ៉ាង​ព្រោងព្រាត​។​

​និស្សិត​ម្នាក់​ឈ្មោះ​Thanachai Aurlucha អាយុ​២៥​ឆ្នាំ បាន​និយាយថា «​ខ្ញុំ​មក​ទីនេះ​ដើម្បី​ទាមទារ​រដ្ឋធម្មនុញ្ញ​ថ្មី ពី​ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មិន​គាំទ្រ​សិទ្ធិ​និង​សេរីភាព​របស់​យើង​ឡើយ ដោយ​សិទ្ធិ​សេរីភាព​របស់​យើង​បាន​បាត់បង់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០១៤​មក​ម្លេះ​»​។ ជាមួយ​គ្នា​និស្សិត​តវ៉ា​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ដែរ​ថា «​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ក្នុងកា​រ​ពន្លឿន​សេដ្ឋកិច្ច​ទេ ចំណែក​ពួកយើង​ជិត​នឹង​បញ្ចប់​ការសិក្សា​ផងដែរ តែ​យើង​មិនដឹងថា តើ​យើង​អាច​រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​បាន​ដោយ​របៀប​ណា​ទេ ដូច្នេះ​ប្រសិនបើ​យើង​មិន​ចេញ​មក​តវ៉ា​នៅ​ថ្ងៃនេះ​ទេ នោះ​អនាគត​របស់​យើង​មិនដឹង​ទៅជា​យ៉ាងណា​ឡើយ​»​។​

​ការតវ៉ា​ប្រឆាំង​ជា​សាធារណៈ ចំពោះ​លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា បាន​កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចាប់តាំងពី​តុលាការ​បាន​សម្រេច​រំលា​យ​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេ​ទី​២​ចោល ដែល​ជា​កត្តា​ធ្វើឲ្យ​គណបក្សកាន់អំណាច កាន់តែ​ងាយស្រួល​ខ្លាំង​ក្នុង​ការក្ដោបក្ដាប់​សភា​។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ ពុំទាន់​មាន​ការបង្ក្រាប​ឬក៏​ការឃាត់ខ្លួន និស្សិត​ណា​ម្នាក់​នៅឡើយ​ទេ បើ​ទោះបីជា​ពួកគេ​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​នឹង​ការ​ហាមប្រាម មិន​ឲ្យ​ជួបជុំគ្នា​ក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​វីរុស​កូវី​ដ​-១៩​ក៏ដោយ​។ ការតវ៉ា​របស់​ហ្វូង​និស្សិត​ថៃ បាន​កើតឡើង​ព្រមៗ​គ្នា​នៅក្នុង​ខេត្ត​ចំនួន​៤ រួមមាន ខេត្ត​Ayutthaya ខេត្ត​Khon Kaen ខេត្ត​Sakon Nakhon  និង​ខេត្ត​Pattani​។ មិនតែប៉ុណ្ណោះ​ក្រុមអ្នកតវ៉ា​ដែល​ជា​និស្សិត​វ័យក្មេងៗ​ទាំងនោះ គ្រោង​នឹង​បន្ត​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅក្នុង​ទីក្រុង​បាងកក និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត