ក្រោយទទួលបានសារចោទជាសំណួរ និងចម្ងល់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋទាក់ទងនឹងសារឈ្នះរង្វាន់ទូរស័ព្ទដែលពួកគាត់ទទួលបានរួច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សារទាំងនោះជាសារបោកប្រាស់ដែលត្រូវបានផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ ដោយភ្ជាប់ជាមួយនឹងតំណភ្ជាប់ឬលីង(Link) ព្រមទាំងពាក្យបោកបញ្ឆោតថា “ឈ្នះរង្វាន់ទូរសព្ទមួយគ្រឿងដោយគ្រាន់តែ ចុចចូលទៅក្នុងតំណភ្ជាប់ឬលីង” របស់វេបសាយដោយប្រើស្លាកសញ្ញា(logo) របស់ក្រុមហ៊ុនពិតៗ ដែលបានបង្កើតឡើងដោយក្រុមបណ្តាញឧក្រិដ្ឋជន ឬក្រុមHacker។
បើតាមការស្រាវជ្រាវបឋមនាយកដ្ឋានបានរកឃើញថា សារបោកបញ្ឆោតទាំងនេះជាប្រភេទនៃការបោកប្រាស់ (Scam) ស្រដៀងគ្នានឹងការបោកប្រាស់ខលបែគ(Call back) ដែលទាមទារឱ្យជនរងគ្រោះយកលេខទូរសព្ទរបស់ខ្លួនហៅទៅលេខក្រៅប្រទេសមួយចំនួននោះ ដែលបញ្ហានេះក៏ធ្លាប់បានកើតឡើងក្នុងប្រទេសកម្ពុជាយើងរួចមកហើយ។
គួរបញ្ជាក់ថាការបោកប្រាស់នេះ អ្នកប្រើប្រាស់នឹងត្រូវខាតបង់លុយជាច្រើននៅពេលដែលពួកគេបានយកលេខទូរសព្ទរបស់ខ្លួនហៅទៅកាន់លេខនោះ ដោយសារតម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរសព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។ លេខទូរសព្ទដែលតម្រូវឱ្យហៅទៅនោះដែរ គឺមានក្បាលលេខ (+216) មកពីប្រទេសទុយនីស៊ី។
ជាមួយគ្នានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំប្រជាពលរដ្ឋទាំងអស់កុំជឿលើការបោកបញ្ឆោតដោយ ការឈ្នះរង្វាន់ ការលក់ទំនិញថោកក្រោមតម្លៃទីផ្សារផ្សេងៗឡើយ ដោយមិនត្រូវចុចលើតំណភ្ជាប់ឬលីង(Link)ដែលបានផ្ញើចូលក្នុងទូរស័ព្ទ ដែលមិនបានស្នើសុំ ព្រោះតំណទាំងនោះអាចភ្ជាប់មកជាមួយវេបសាយមានផ្ទុកAdware ដែលជាមេរោគអាចផ្សព្វផ្សាយពាណិជ្ជកម្មរញ៉េរញ៉ៃ ព្រមទាំងអាចលួចយកលេខសម្ងាត់បានថែមទៀតផង៕ ដោយ៖ យឺន សីហា