មេដឹកនាំនៃសហគមន៍អឺរ៉ុបបានទម្លុះភាពជាប់គាំង ក្រោយឆ្លងកាត់ការចរចាអស់រយៈពេល៤ថ្ងៃ ដោយព្រមព្រៀងគ្នាផ្តល់ជំនួយនិងប្រាក់កម្ចីចំនួន៨៥៩ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងប្លុកនៃប្រទេសសហគមន៍អឺរ៉ុបចំនួន២៧ប្រទេស។ កិច្ចព្រមព្រៀងនេះក៏ផ្តោតទៅលើកម្មវិធីជំនួយឥតសំណងដែលនឹងផ្តល់ឲ្យ រដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺរាតត្បាត ចំនួនប្រមាណជាង៤៩០ពាន់លានដុល្លារផងដែរ។ សហភាពអឺរ៉ុបក៏ព្រមព្រៀងគ្នា ទម្លាក់ថវិកាចំនួនប្រមាណជិត១.៤ទ្រីលានដុល្លារ ដែលជាថវិកាស្នូលសម្រាប់ប្លុកនេះ ក្នុងរយៈពេល៧ឆ្នាំទៅមុខទៀត។
ការចរចាដែលចំណាយពេលយូរ ចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃអង្គារទើបចេញលទ្ធផល ដោយសារតែការមិនចុះសម្រុងគ្នាលើចំណុចមួយចំនួន។ នៅក្នុងនោះក៏មានការខ្វែងគំនិតគ្នា រវាងប្រទេសដែលរងគ្រោះស្រាលនិងធ្ងន់ពីវីរុសកូវីដ-១៩ នៅក្នុងការផ្តល់ជំនួយឥតសំណងផងដែរ។ ប្រទេសស៊ុយអែត ដាណាម៉ាក អូទ្រីសរួមជាមួយនឹងហ្វាំងឡង់ បានជំទាស់មិនសុខចិត្ត នៅក្នុងការផ្តល់ជំនួយឥតសំណងច្រើនពេក ចំនួនប្រមាណជាង៦៣០ពាន់លានដុល្លារ ដើម្បីជួយប្រទេសដែលរងគ្រោះខ្លាំងឡើយ ខណៈក្រុមប្រទេសដឹកនាំដោយហូឡង់ កំណត់ត្រឹមជាង៤៧០ពាន់លានដុល្លារ។ តែប្រទេសដែលរងគ្រោះខ្លាំងដូចជា អេស្ប៉ាញនិងអ៊ីតាលី មិនចង់ឲ្យការផ្តល់ជំនួយឥតសំណងនោះ ក្រោមជាង៥០០ពាន់លានដុល្លារឡើយ។ ទីបំផុតក៏មានការសម្របសម្រួល មកនៅត្រឹមតួលេខជាង៤៩០ពាន់លានដុល្លារ៕