​​តុលាការ​ក្រើនរំលឹក​​លោក​កឹម សុខា​​​បន្ទាប់ពី​ធ្វើ​សកម្មភាព​​ជួប​អ្នកគាំទ្រ​ជា​បន្តបន្ទាប់​​

21-07-2020 10:19 am 1952

​តើ​លោក​កឹម សុខា​ពិតជា​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​កំណត់​របស់​តុលាការ​ឬ ទើប​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រើនរំលឹក​ឱ្យមាន​ស្មារតី​គោរព​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់​និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​?

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ក្រើនរំលឹក​ដល់​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យមាន​ស្មារតី​គោរព​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ 

​ការ​ក្រើនរំលឹក​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើឡើង​បន្ទាប់ពី​លោក​កឹម សុខា​ចុះទៅ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ក៏ដូចជា​ជួប​អ្នកគាំទ្រ​របស់ខ្លួន​នៅ​មូលដ្ឋាន​ផងដែរ​។​

​លិខិត​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ បានឱ្យដឹងថា ខ្លួន​ទទួល​របាយការណ៍​ពី​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​ទទួលបន្ទុក​តាមដាន និង​អនុវត្ត​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម សុខា ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តែ​នាពេល​ថ្មីៗ​កន្លងមកនេះ​ជនជាប់ចោទ​បានធ្វើ​សកម្មភាព​មួយចំនួន ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រមូលផ្ដុំ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​ក្រោមរូបភាព​ផ្សេងៗ​។ 

​ដូច្នេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​កត់សម្គាល់​ឃើញថា សកម្មភាព​ទាំងអស់នេះ​អាច​នឹង​ឈានទៅ​ហួស​ព្រំដែន​ឬ​នាំទៅដល់​ការបំពាន​លើ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ​។ ជាមួយគ្នានេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រំលឹកថា តាម​ចំណុច​២​នៃ​សេចក្ដីសម្រេច​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ និង​ដីកា​សម្រេច​កែប្រែ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​លេខ ៨៨០៤ «​គ​» ដ​.​ព​.​ស ចុះ​ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយចំនួន ជាពិសេស​ហាម​ជន​ត្រូវ​ចោទ​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​នោះឡើយ​។​

​លោក​កឹម សុខា តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក នៅ​ថ្ងៃទី​២០​ខែកក្កដា លោក​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ចំពោះ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយចំនួន​បាន​និមន្ត និង​មក​សួរសុខទុក្ខ​រូបលោក​នៅ​គេហដ្ឋាន​ផ្ទាល់ និង​ស្កាត់​មកជួប​សួរសុខទុក្ខ​ដោយ​សម្តែង​នូវ​មនោសញ្ចេតនា​នឹករលឹក​ចំពោះ​រូបលោក នៅពេលដែល​លោក បាន​ធ្វើដំណើរ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​នាពេល​ថ្មីៗ​នេះ ទោះបី​មិនមាន​ការជូនដំណឹង ឬ​ផ្សព្វផ្សាយ​ក៏ដោយ​។ ជាមួយគ្នានេះ​លោក​កឹម សុខា បង្ហាញ​អារម្មណ៍​ថា នៅតែ​មានក្តី​នឹករលឹក ចង់​ជួប ចង់​ស្តាប់ និង​ចង់​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​ពលរដ្ឋ​នៅ​ទីកន្លែង​នានា​បន្តទៀតឲ្យ​តែ​មានឱកា​ស​។​

​បើតាម​លោកស្រី​ម៉េង សុភា​រី សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​កឹម សុខា លោកស្រី​ធ្លាប់បាន​បញ្ជាក់ថា លោក​កឹម សុខា គោរព​កាតព្វកិច្ច​សេចក្តីសម្រេច​របស់​តុលាការ​ជានិច្ច​។ ជាមួយគ្នានេះ​លោកស្រី បានលើកឡើង​ផងដែ​រថា លោក​កឹម សុខា មិនទាន់មាន​សាលក្រម ឬ​សាលក្រម​ស្ថាពរ​សម្រេច​ផ្តន្ទាទោស​ពីបទ​ក្បត់ជាតិ​ទេ បើ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជន​ណា​ដែល​មិនទាន់មាន​សាលក្រម​ផ្តន្ទាទោស​ជា​ស្ថាពរ ជន​នោះ​នៅតែ​ចាត់ទុកជា​ជន​គ្មាន​ទោស​។ ហេតុនេះ​រហូតមកដល់​បច្ចុប្បន្ន​លោក​កឹម សុខា មិនមែនជា​ជន​ក្បត់ជាតិ​ឡើយ​។ សរុបមក​ការធ្វើដំណើរ​របស់លោក​កឹម សុខា ដោយ​គោរព​កាតព្វកិច្ច​នៃ​សេចក្តីសម្រេច​របស់​តុលាការ មិនមែនជា​ការដើរ​ចេញ​ពី​បន្ទាត់​ក្រហម​អ្វី​ឡើយ​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ក្រោយ​បែកធ្លាយ​វីដេអូ​មួយ ដែល​លោក​បាន​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង​ស៊ែ​ប៊ី​។ ការ​បែកធ្លាយ​វីដេអូ​នេះហើយ​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចោទថា ចង់​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្របច្បាប់​។​

​ក៏ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ផងដែរ ដោយ​លោក​បញ្ជាក់ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ​។ 

​យ៉ាងណាក៏ដោយ​បន្ទាប់ពី​ចាប់ឃុំខ្លួន​នៅ​ពន្ធនាគារ ក្រោយមក​លោក​កឹម សុខា ត្រូវបាន​តុលាការ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ដោយ​មិន​អនុញ្ញាតឱ្យ​ជួប​ថ្នាក់ដឹកនាំ​អតីត CNRP មិនឱ្យ​ជួប​ជនបរទេស រួមទាំង​មិនអាច​ចាកចេញ​ពី​ព្រំដែន​ផ្លូវ​ដែល​តុលាការ​បានកំណត់​។ ក្រោយមកទៀត​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួល​លក្ខខណ្ឌ​ត្រួតពិនិត្យ​នេះ​ឡើងវិញ ដោយ​ហាមឃាត់​សកម្មភាព​មួយចំនួន​ប៉ុណ្ណោះ មានដូចជា​៖ មិនឱ្យ​ចេញ​ក្រៅប្រទេស មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​ផងដែរ​៕

ព័ត៌មានផ្សេងទៀត