កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន បានបញ្ចប់ជាស្ថាពរហើយ

21-07-2020 10:18 am 248

 កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានបញ្ចប់ជាស្ថាពរក្រោយពីមានកិច្ចប្រជុំរួមគ្នាតាមប្រព័ន្ធវីដេអូអនឡាញ(Video Conference)រវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំខាងលើនេះភាគីទាំងពីរបានចុះផ្សាយសេចក្តីថ្លែងការណ៍រួមស្តីពី ការបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន-កម្ពុជាដោយបានលើកឡើងថា ប្រទេសទាំងពីរបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍ទាំងនេះនឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿន ការកសាងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។

ជាជំហានបន្ទាប់ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះជាមួយគ្នានេះ ភាគីទាំងពីរ នឹងអនុវត្តតាមនីតិវិធីក្នុងប្រទេសរៀងៗខ្លួន ខិតខំសម្រេចឲ្យបានការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស។

គួរបញ្ជាក់ថាកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាត្រូវបានចាប់ផ្តើមនាចុងឆ្នាំ២០១៩ ដំណើរការតែជាងពាក់កណ្ដាលឆ្នាំក៏ឈានដល់ការឯកភាពគ្នា នេះបានបង្ហាញពីកម្រិតខ្ពស់នៃទំនាក់ ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ 

ព័ត៌មានផ្សេងទៀត