បច្ចេកទេសចិញ្ចឹមជន្លេនងាយៗ

20-07-2020 10:12 am 249

វត្ថុធាតុដើមសម្រាប់ចិញ្ចឹម ៖ លាមកសត្វស្រស់ ដូចជា លាមកគោ ក្របី ជ្រូក និងមាន់ ។ វត្ថុធាតុដើមទាំងនេះ សុទ្ធតែជាចំណីដែលជន្លេនចូលចិត្តបំផុត ។

ទីកន្លែងចិញ្ចឹម និងការរៀបចំ៖ គួរជ្រើសរើសទីកន្លែងចិញ្ចឹមលើដីទួលមិនលិចទឹក ឬមិនដក់ទឹក និងជាទីកន្លែងដែលមានខ្យល់ស្រឡះល្អ ។ - រៀបចំកន្លែងចិញ្ចឹមលើដីទួលក្រោមម្លប់ឈើ - សម្អាតស្មៅលើផ្ទៃដីប្រមាណ២ម៉ែត្រការ៉េ និងបង្ហាប់ដីឱ្យហាប់ 

វិធីបង្កើតពូជជន្លេន ៖
- យកលាមកគោស្រស់ ៣ទៅ៥បង្គី ចាក់ជាពំនូក នៅកន្លែងស្រឡះ ទូលាយ ដែលមានខ្យល់គ្រប់គ្រាន់
- ស្រោចទឹក២ដង ក្នុងមួយថ្ងៃ លៃយ៉ាងណា ឱ្យពំនូកជីមានសំណើម និងកម្តៅ
- រយៈពេល២-៣សប្តាហ៍ នឹងមានពូជជន្លេននេះ 

វិធីលែងពូជ ៖
- ជ្រើសរើសតែជន្លេនមានដងខ្លួនធំ ហើយថ្លោស មានប្រវែងពី១០-១៥ហ៊ុន
- ប្រមូលពូជជន្លេន ពីកន្លែងបង្កើតពូជ នៅម៉ោង៦ល្ងាច ព្រោះជន្លេនខ្លាចពន្លឺ និងកម្តៅថ្ងៃ
- មុននឹងលែងជន្លេន ត្រូវស្រោចទឹកឱ្យសើមតិចៗ ឱ្យជន្លេនងាយវារចូលក្នុងពំនូកជី
- បរិមាណជន្លេនដែលលែង គឺពី២ទៅ៣គីឡូក្រាម (ជន្លេន៧០% និងជីលាមកសត្វ ដែលនៅជាប់៣០%)

វិធីថែទាំ ៖
- យកមែកឫស្សី គ្របកន្លែងចិញ្ចឹម ដើម្បីការពារមាន់កាយ ដោយធ្វើរនាំងបាំង ឬយកបន្លាឫស្សីដាក់ព័ទ្ធជុំវិញ
- ពំនូកជី ត្រូវគ្របស្លឹកត្នោត ឬធ្វើរបងប្រក់ដំបូលស្លឹក
- ស្រោចទឹក២ដងក្នុងមួយថ្ងៃ ព្រឹកម្តង ល្ងាចម្តង
- ទឹកដែលស្រោចពំនូកជីនេះ ត្រូវគ្មានជាតិពុល ប្រៃ ប្រេង ឬស្អុយ
- ដាក់ថែមអាចម៍គោស្រស់ថ្មីៗ ២ថ្ងៃចំនួន១បង្គី ស្មើនឹង៥គីឡូក្រាម
- ការថែមអាចម៍គោ អាស្រ័យពេលវេលា គឺនៅពេលយើងសង្កេតឃើញវាបញ្ចេញកាកសំណល់អាចម៍ជន្លេនចេញមកក្រៅច្រើន ហើយវាស៊ីអស់អាចម៍គោថ្មីៗ ។ ត្រូវរាយលាមកគោស្រស់ ពីលើរងជន្លេនកម្រាស់ពី២ទៅ៣តឹក
- នៅរដូវប្រាំង ដាក់បន្ថែមអាចម៍គោកឱ្យស៊ីពី២ទៅ៣ដង ក្នុងមួយសប្តាហ៍ ក្រោយមកគ្របវិញ ហើយស្រោចទឹក
- នៅរដូវវស្សា ដាក់អាចម៍គោឱ្យស៊ីពី៣ទៅ៥ដង ក្នុងមួយសប្តាហ៍ ក្រោយមកគ្របវិញ ហើយស្រោចទឹក

ការប្រមូលផល ៖
ជន្លេន៖ ក្រោយចិញ្ចឹមបាន៤ខែ យើងអាចប្រមូលផលជន្លេនបានពី២០-២៥គីឡូក្រាម ក្នុងមួយម៉ែត្រការ៉េ ។
អាចម៍ជន្លេន ៖ អាចម៍ជន្លេន ពេលវាបញ្ចេញមកក្រៅពំនូក យើងប្រមូលវាយកទៅហាលថ្ងៃឱ្យស្ងួត រក្សាក្នុងម្លប់ កុំឱ្យត្រូវទឹកភ្លៀង ទុកដាក់ដំណាំ ឬដាក់បាតស្រះ ដើម្បីបង្កើតចំណីធម្មជាតិក្នុងស្រះឱ្យត្រីស៊ី ៕

ដកស្រង់ចេញពីគេហទំព័រ សហគមន៍សម្បូរសប្បាយ ៕

ព័ត៌មានផ្សេងទៀត