អ៊ីរ៉ង់​ប្រគល់​ប្រអប់​ខ្មៅ​យន្តហោះ​ដែល​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ឲ្យទៅ​បារាំង​

19-07-2020 3:30 pm 430

​កន្លងមក​អ៊ីរ៉ង់​បាន​ពន្យា​ពេល ក្នុង​ការប្រគល់​ប្រអប់​ខ្មៅ ដែល​ផ្ទុក​ទិន្នន័យ​និង​ទំនាក់ទំនង​សំខាន់ៗ​ពី​កាប៊ីន​យន្ដហោះ ឲ្យទៅ​អាមេរិក​ដែល​ជាប្រទេស​ផលិត​យន្តហោះ​ម៉ាក​ប៊ូ​អ៊ីង​នេះ​។ ប៉ុន្តែ​ពេលនេះ​អ៊ីរ៉ង់​បាន​យល់ព្រម​ប្រគល់​ប្រអប់​ខ្មៅ ឲ្យទៅ​ប្រទេស​ផ្សេង​ដែល​មានជំនាញ​វិភាគ​ទិន្នន័យ​គឺ​ប្រទេស​បារាំង​។ អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​និយាយថា ប្រអប់​ខ្មៅ​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ ហើយ​នឹងត្រូវ​ពិនិត្យ​នៅ​ថ្ងៃ​ចន្ទ​។ អ៊ុយ​ក្រែន​ថា​នឹង​បញ្ជូន​អ្នកជំនាញរ​បស់​ខ្លួន ទៅ​ប្រទេស​បារាំង ដើម្បី​ចូលរួម​នៅក្នុង​ការងារ​ស៊ើបអង្កេត​ផងដែរ​។​

​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុ​យក្រែន ប្រភេទ​ប៊ូ​អ៊ីង​៧៣៧-៨០០ ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​២​គ្រាប់​នៅ​ក្នុងប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ បណ្តាលឲ្យ​មនុស្ស​មកពី​សញ្ជាតិ​ផ្សេងៗ​គ្នា​ចំនួន​១៧៦​នាក់​ស្លាប់​។ ដំបូង​ឡើយ​អ៊ីរ៉ង់​បាន​បដិសេធ​ទទួលខុសត្រូវ ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​នេះ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ប្រទេស​លោកខាងលិច​មាន​ភ័ស្តុតាង​បង្ហាញថា យន្តហោះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​អ៊ីរ៉ង់ ទើប​អ៊ីរ៉ង់​សារភាពថា យន្តហោះ​នោះ​ពិតជា​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​មី​ស៊ី​ល​របស់ខ្លួន​ពិតប្រាកដ​មែន តែ​វា​ជា​កំហុស​អ​ចេតនា​ទេ​។ 

​អ៊ីរ៉ង់​បាន​បើក​ការស៊ើបអង្កេត​ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​របាយការណ៍​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់ (CAOI) បាន​ស្តីបន្ទោស​ទៅលើ កំហុស​របស់​មនុស្ស ដ្បិត​ពេលនោះ​មាន​ការប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​បំផុត រវាង​អាមេរិក​និង​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​បាន​ប្រុង​ជើង​ការជាប់ ដើម្បី​ត្រៀម​ទប់ទល់​ស្ថានការណ៍ ទើបបានជា​មានការ​ជ្រុលដៃ​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​ដោយ​អ​ចេតនា​។ យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុ​យក្រែន និយាយថា​វា​លឿន​ពេក​ហើយ សម្រាប់​សេចក្តីថ្លែងការណ៍​បែបនេះ ហើយ​ថា​សេចក្តីសន្និដ្ឋាន​ណាមួយ គួរតែ​រង់ចាំ​ការស៊ើបអង្កេត​ជា​អន្តរជាតិ​សិន​។ អាជ្ញាធរ​អ៊ីរ៉ង់​វិញ​បាន​និយាយ​កាលពី​ខែ​មុន​ថា មនុស្ស​៦​នាក់​ត្រូវបាន​ចាប់ខ្លួន ជុំវិញ​ឧប្បត្តិហេតុ​បាញ់​ទម្លាក់​យន្តហោះ​នេះ​៕

ព័ត៌មានផ្សេងទៀត